ខេត្តកំពង់ស្ពឺ ៖ ទារកអភ័ព្វម្នាក់ ទើបនឹងសម្រាលថ្មីៗ ត្រូវបានស្ត្រីជាម្តាយ បីយកទៅប្លុងចោលនៅក្បែរស្រះទឹកមួយកន្លែង ដោយមាន ត្រឹមកន្សែងមួយរុំជាប់ខ្លួនប៉ុណ្ណោះ និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ផ្អើលឆោឡោ រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចស្រះទឹក សារពើយុទ្ធ ម្តុំផ្សារឧដុង្គ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
តាមប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មិនមានអ្នកណាម្នាក់បានប្រទះឃើញថា ទារកអភ័ព្វខាងលើ ត្រូវបានយកមកប្លុងចោល តាំងពីថ្មើរណានោះទេ ដោយមុនពេលកើតហេតុ មានប្រជាពលរដ្ឋដើរឆ្លង កាត់ទីតាំងកើតហេតុ បានប្រទះឃើញទារកខាងលើ ស្ថិតនៅក្បែរស្រះទឹក ដោយមិនដឹងថា ត្រូវបានគេយកមកប្លុងចោល តាំងពីពេលណានោះទេ។

ប្រភពដដែល បន្តថា ដោយឃើញសភាពមើលទៅគួរឱ្យអាណិតអាសូរ ហើយទារកខាងលើ ទំនងជាទើបនឹងសម្រាលថ្មីៗ ទើបប្រជាពលរដ្ឋប្រញាប់រាយការណ៍ជូនអាជ្ញាធរ ឱ្យចុះមកអន្តរាគមន៍ភ្លាមៗតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកនាំយកទារកខាងលើ ទៅកាន់មន្ទីរពេទ្យបង្អែកក្រាំងពន្លៃ ក្រុងឧដុង្គម៉ែជ័យ ដើម្បីឱ្យគ្រូពេទ្យពិនិត្យសុខភាព និងសង្គ្រោះ៕