Friday, January 16, 2026
Homeតារាខ្មែរងួន ចាន់ដេវីត ថាភាពត្រឹមត្រូវ ជាដើមទុនជោគជ័យ

ងួន ចាន់ដេវីត ថាភាពត្រឹមត្រូវ ជាដើមទុនជោគជ័យ

ភ្នំពេញ ៖ ងួន ចាន់ដេវីត (G-Devith) ប្ដីរបស់ទេព បូព្រឹក្ស នៅថ្ងៃធ្វើ Concert «ខ្លឹមព្រះ នគរ»  របស់ភរិយា កាលពីពេលថ្មីៗនេះ លោកផ្ដាំផ្ញើដល់យុវវ័យទាំងឡាយ ឲ្យយកលោកជា គំរូ ព្រោះជីវិតលោក ដំបូងរ៉ោករ៉ាកបន្ដិច ប៉ុន្ដែដោយសាតែឈរលើភាពត្រឹមត្រូវ ជាដើមទុន នៅទីបំផុត លោកអាចសម្រចគោលដៅជីវិតបាន។ ដេវីត ថាភាពត្រឹមត្រូវ គ្រាន់តែត្រូវការ ពេលវេលាបន្ដិច ប៉ុន្ដែវាអាចឲ្យយើងជោគជ័យ ។

 ងួន ចាន់ដេវីត ថ្លែងថា «បងប្អូនអាចមើលគំរូជីវិតខ្ញុំបាន ទោះជាវារាងជូរចត់ រ៉ោករ៉ាកខ្លាំងមែនទែន តែគោល ការណ៍បើយើង មានសច្ចធម៌ពិតប្រាកដ យើងឈរនៅលើភាពត្រឹមត្រូវ នោះយើងទៅដល់គោលដៅបាន។ ភាពត្រឹមត្រូវ គ្រាន់តែត្រូវការពេលវេលាបន្ដិច វានឹងល្អប្រសើរ នៅថ្ងៃខាងមុខ ។ បើយើងគិតថា វេទនាណាស់ អ៊ីចឹងយើងក្រឡេកទៅមើលបងប្អូនយើងភៀសសឹក តើគាត់កំពុងតែពិបាកប៉ុនណាទៅ? គឺពិបាកជាងខ្ញុំរាប់រយដង ។ ភាពល្អ និងភាពត្រឹមត្រូវ ជាផលប្រយោជន៍យើងសម្រាប់ថ្ងៃខាងមុខ»។

មុនឡើងឆាកច្រៀងសម្ដែងជាមួយប្រពន្ធនោះ ងួន ចាន់ដេវីត ពាក់អាវប្រពៃណី មានកិបកន្លាស់លើដើមទ្រូង ជារូបប្រាសាទព្រះវិហារ ដែលដេវីត ថាលោកបានធ្វើតាំងពីទៅច្រៀងនៅជប៉ុន ម្លេះ ហើយលោកថា ទោះជាប្រាសាទព្រះវិហារ នាពេលនេះ រងនូវការខូចខាត នៅតែជាព្រលឹងនិងបេះដូងរបស់ខ្មែរ។

ងួន ចាន់ដេវីត ថ្លែងថា «នេះជាស្មាតីជាតិមួយ ដួងព្រលឹងរបស់ខ្ញុំ អ៊ីចឹងខ្ញុំយកតាមគ្រប់ទីកន្លែង ដែលជាការបង្ហាញឲ្យបានឃើញនូវរូបប្រាសាទយើង។ ឥឡូវហ្នឹងប្រាសាទព្រះវិហារ ក៏រងការខូចខាត ទោះបីជាខូចខាតយ៉ាងណាក៏ដោយ នៅតែជាព្រលឹងនិងបេះដូងរបស់ខ្មែរ»។

 ងួន ចាន់ដេវីត អាយុ៣២ឆ្នាំ ចេញពីហង្សមាស កាលពីចុងឆ្នាំ២០១៨ ដោយបង្កើតផលិតកម្ម និងផលិតបទចម្រៀងដោយខ្លួនឯង ក្នុងនាមជាតារាចម្រៀងរ៉េប ម្នាក់។ អ្វីដែលគួរឲ្យសរសើរ ដេវីត នៅតែមានទីផ្សារសិល្បៈ និងស្ថិតក្នុងចំណោមតារាចម្រៀងរ៉េបលេចធ្លោលំដាប់ជូរមុខ នាពេលបច្ចុប្បន្ន ដូចគ្នាទៅនឹង វណ្ណដា ដែរ ។ ប្ដីទេព បូព្រឹក្ស រូបនេះ ក៏ជួយឲ្យប្រពន្ធចេះច្រៀងរ៉េប យ៉ាងស្ទាត់ជំនាញ ហើយចុងក្រោយ ពួកគេក្លាយទៅជាដៃគូ ទាំងក្នុងនិងក្រៅឆាកតែម្ដង ដែលក្រុមហ៊ុនខ្លះ ត្រូវការដេវីត ក៏ភ្ជាប់ជាមួយប្រពន្ធលោកដែរ ហេតុនេះហើយទើបខ្លះនិយាយថា លុយមូលតែម្ដង ។          

គួររំលឹកថា ងួន ចាន់ដេវីត ជាអតីតជាងជួសជុលទូរស័ព្ទ នៅផ្សារម៉ុងឌីយ៉ាល់ចាស់ និងដោយមើលឃើញពីទេពកោសល្យសិល្បៈ ចេះធ្វើភ្លេង និងនិពន្ធចម្រៀង ទើបតារាចម្រៀង ពេជ្រ សោភា ធានាឲ្យលោកចូលច្រៀងនៅហង្សមាស ដោយពួកគេចាប់ដៃគូឆ្លងឆ្លើយតែម្ដង ។ ប៉ុន្ដែគួរឲ្យស្ដាយ ពេលនេះដេវីត និងសោភា មិនមានភាពស្និទ្ធស្នាលគ្នាទៀតទេ ខណៈសោភា ក៏នៅតែមិនទាន់អាចរកបានដៃគូថ្មីណាសមនិងស៊ីចង្វាក់ដូចដៃគូចាស់នេះដែរ។សម្រាប់ដេវីត ដែលតែងតែចេញបទរ៉េប diss track ជាញឹកញាប់ ជាមួយវណ្ណដា នោះតាំងពីផ្ទុះសង្រ្គាមថៃឈ្លានពានកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៥ មក លោកនិងវណ្ណដា មិនដែលច្រៀងផ្លែផ្កាឲ្យគ្នាទៀតទេ ។ ចំណែកសំណើដេវីត សុំឲ្យប្រពន្ធពពោះកូនស្រីនោះ ក៏មិនទាន់ទទួលបានជោគជ័យដែរ បើទោះជាកូនប្រុស Albert មានអាយុជិត ៣ឆ្នាំហើយក្ដី ៕

RELATED ARTICLES