ខេត្តសៀមរាប ៖ ទោះបីមានការរឹតបន្តឹងនិងផ្សព្វផ្សាយយ៉ាងទូលំទូលាយពីសំណាក់អាជ្ញាធរយ៉ាងណា ក៏បទល្មើសដឹកជញ្ជូនលៀសតូចល្អិត (លៀសចំណីទា) ដែលច្បាប់ជលផលហាមឃាត់ នៅតែបន្តកើតមាន ដោយដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាម។ ជាក់ស្តែង កម្លាំងជំនាញទើបតែបង្ក្រាបបានករណីដឹកជញ្ជូនលៀសខុសច្បាប់ មួយករណីទៀត កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។

ការបង្ក្រាបការដឹកជញ្ជូនលៀសខុសច្បាប់នេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅចំណុចភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការខាងលើ ដឹកនាំដោយលោកវរសេនីយ៍ឯក នួន សារ៉ុន ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងខណ្ឌរដ្ឋបាលជលផល ក្រោមការសម្របសម្រួលលោក ប៉ុក តារា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប។
ចំពោះវត្ថុតាងដកហូត ក្នុងប្រតិបត្តិការនេះ រួមមាន រថយន្ត ១គ្រឿង ម៉ាក NISSAN ពណ៌ស (ចង្កូតស្តាំ) ពាក់ ស្លាកលេខ KCH.0355 ដែលផ្ទុកលៀស គ្មានលិខិតអនុញ្ញាតទម្ងន់ ២២ ០០០គីឡូក្រាម (ស្មើនឹង២២តោន)។ ដោយឡែក អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ក្នុងពេលសមត្ថកិច្ចចុះអន្តរាគមន៍។

បន្ទាប់មក នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចបានចាក់លែងកូនលៀស ទាំង២២តោន ចូលទៅក្នុងបឹងទន្លេសាប នៅតំបន់បឹងអភិរក្សពូជត្រី ស្ថិតក្នុងភូមិថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគម។ រីឯមធ្យោបាយដឹកជញ្ជូន (រថយន្ត) ត្រូវបានបញ្ជូនទៅកាន់ខណ្ឌរដ្ឋបាលជលផល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តខេត្តសៀមរាប ដើម្បីអនុវត្តតាមច្បាប់ស្តីពីជលផល៕