ភ្នំពេញ ៖ បុរស ២នាក់ ជាមិត្តភក្តិ បានបបួលគ្នាទៅអង្គុយផឹកស៊ី រហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ហៅគេគិតលុយ បែរជាកើតមានជម្លោះពាក្យសម្តី រឿងផឹកច្រើន ចេញលុយតិច (ចេញលុយមិនស្មើគ្នា) ទើបធ្វើឱ្យកើតជាអំពើហិង្សា ឈានដល់ការវាយតប់គ្នាទៅវិញទៅមក ផ្អើលដល់សមត្ថកិច្ច។

ករណីអំពើហិង្សា វាយគ្នាទៅវិញទៅមកនេះ បានកើតឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅចំណុចលើចិញ្ចើមផ្លូវ ជាប់របងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (សាលាពេទ្យ) ផ្លូវលេខ១០៦ ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
បុរសជាមិត្តភក្តិ ប្រែក្លាយសត្រូវ ព្រោះរឿងផឹកស៊ីនេះ ម្ខាងមានឈ្មោះជុន ប៉េងឡាយ ចំណែកម្ខាងទៀត មានឈ្មោះអ៊ុង ភាព ហៅភាព អាយុ៥៥ឆ្នាំ។
តាមប្រភពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ថា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ មានករណីហិង្សា វាយគ្នាទៅវិញទៅមក (ផ្តើមចេញពីការចេញលុយថ្លៃផឹកស្រាបៀរ មិនស្មើគ្នា) នៅចំណុចលើចិញ្ចើមផ្លូវ ជាប់របងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (សាលាពេទ្យក្រហម) ផ្លូវលេខ១០៦ ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ក្រោយកើតហេតុ នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះ ឈ្មោះ ជុន ប៉េងឡាយ ភេទប្រុស កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានអញ្ជើញភាគីម្ខាងទៀតឈ្មោះអ៊ុង ភាព ភេទប្រុស អាយុ៥៥ឆ្នាំ មកសួរនាំបំភ្លឺជុំវិញករណីខាងលើ។
បន្ទាប់ពីសួរនាំរួច ភាគីទាំងសងខាង បានសំណូមពរសមត្ថកិច្ចសម្របសម្រួលដោះស្រាយមិនធ្វើការប្តឹងផ្តល់គ្នានោះទេ ហើយសមត្ថកិច្ចបានធ្វើការណែនាំអប់រំនិងឱ្យធ្វើកិច្ចសន្យា មិនប្តឹងផ្តល់គ្នា រួចសមត្ថកិច្ចបានអនុញ្ញាតឱ្យភាគីទាំងសងខាង ត្រឡប់ទៅផ្ទះរៀងខ្លួន៕