Saturday, January 17, 2026
Homeព័ត៌មានជាតិព្រឹត្តិការណ៍បង្ហោះខ្លែងឯកខ្មែរ ខេត្តសៀមរាប ពីថ្ងៃ៦-៨កុម្ភៈ

ព្រឹត្តិការណ៍បង្ហោះខ្លែងឯកខ្មែរ ខេត្តសៀមរាប ពីថ្ងៃ៦-៨កុម្ភៈ

ខេត្តសៀមរាប ៖ ដើម្បីរក្សានូវកេរ្តិ៍មរតកដូនតាខ្មែរ និងផ្សព្វផ្សាយពីប្រវត្តិខ្លែងឯកខ្មែរ ដែលដូនតាបានចារឹកនៅតាមប្រាង្គប្រាសាទ និងរក្សានូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ អរិយធម៌របស់ដូនតាខ្មែរ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត នឹងរៀបចំនូវព្រឹត្តិការណ៍បង្ហោះខ្លែងឯកខ្មែរ និងខ្លែងសេរី លើក ទី២ រយៈពេល៣ថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៦-៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិសៀម រាប ចាស់។

យោងតាមការបញ្ជាក់ពីអាជ្ញាធរខេត្ត ក្នុងកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្តសៀមរាប ថាព្រឹត្តិការណ៍នេះ នឹងក្លាយជាចំណែកមួយរបស់សាធារណជនទូទៅ ក្នុងការចូលរួមថែរក្សានូវសម្បត្តិវប្បធម៌ អរិយធម៌ខ្មែរយើង និងជាការផ្ទេរនូវចំណេះដឹងខាងទំនៀមទម្លាប់ប្រពៃណី និងកេរមរតកដូនតាខ្មែរឱ្យយុវជនជំនាន់ក្រោយ បានស្គាល់ យល់ដឹង និងចូលរួមថែរក្សាការពារ លើក ស្ទួយអត្តសញ្ញាណជាតិ តម្លៃវប្បធម៌អរូបី ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការសិក្សាស្រាវជ្រាវ ចងក្រងរក្សាទុកនូវឯកសារបេតិកភណ្ឌវប្បធម៌នេះ ឱ្យបានស្ថិតស្ថេរគង់វង្ស។

លោក លី សារី បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះដែរ ក៏នឹងផ្សព្វផ្សាយដល់ភ្ញៀវទេសចរបានស្គាល់ពីកេរមរតកដូនតាខ្មែរ ដែលមានតាំងពីបុរាណកាលផងដែរ។ ក្នុងន័យនេះ សូមស្នើដល់មន្ទីរអង្គភាពក្នុងខេត្ត សហការជាមួយអ្នកពាក់ព័ន្ធឱ្យបានល្អ ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ មួយនេះ មានសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិ ភាព អនាម័យល្អ ដំណើរការបានទៅដោយរលូន និងទទួលបានការចាប់អារម្មណ៍ពីសាធារណជនទូទៅ។

សូមបញ្ជាក់ថា ពិធីបុណ្យខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ ឆ្នាំ២០២៦នេះ ក្រៅពីមានការប្រកួតបង្ហោះខ្លែង ក៏មានការសម្តែងសិល្បៈ ល្ខោនបាសាក់ និងការតាំងពិព័រណ៍បង្ហាញពីរបៀបធ្វើខ្លែងឯក ថែមទៀតផង៕

RELATED ARTICLES