Wednesday, January 21, 2026
Homeតារាខ្មែរពេជ្រ ច័ន្ទបរមី ចូលរួមមង្គលការកូន ច័ន្ទ តារាទី

ពេជ្រ ច័ន្ទបរមី ចូលរួមមង្គលការកូន ច័ន្ទ តារាទី

ភ្នំពេញ ៖ អតីតតារាសម្ដែង លោកស្រី ពេជ្រ ច័ន្ទបរមី លេចមុខចូលរួមមង្គលការរបស់កូនប្រុសលោកស្រី ច័ន្ទ តារាទី លោក ថន បញ្ញាឫទ្ធិ ជាមួយកញ្ញា សេង ច័ន្ទផេង នៅភោជនីយដ្ឋានទន្លេបាសាក់២ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ។ លើសពីភ្ញៀវធម្មតា លោកស្រី បរមី និងស្វាមី លោកកែវ វណ្ណថន រដ្ឋលេខាធិការក្រសួង មហាផ្ទៃ ក៏ធ្វើជាមេបាខាងកូនប្រុសដែរ ខណៈដែលលោកស្រី ច័ន្ទ តារាទី ជាអតីតភរិយាលោក កែវ វណ្ណថន បង្ហាញភាពស្និទ្ធស្នាល និងរាប់អានលោកស្រី បរមី ជាធម្មតា ។ លោកស្រី ពេជ្រ ច័ន្ទបរមី ត្រូវបានតារាស្រក ក្រោយ និងភ្ញៀវជំទាវៗ សុំថតរូបជាមួយ ដោយការគោរពរាប់អាន។ សកម្មភាពរបស់លោកស្រី ច័ន្ទបរមី ក្នុងការចូលរួមមង្គលការកូនលោកស្រី តារាទី នាលើកនេះ បញ្ជាក់ថា អ្នកទាំងពីរគ្មានគំនុំនោះទេ ។

 គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ ទេ ប៉ុន្ដែជាលើកទី៣ ហើយដែលអ្នកនាងពេជ្រ ច័ន្ទបរមី នាំស្វាមីចូលរួមមង្គលការកូនលោកស្រី ច័ន្ទតារាទី ក្នុងនោះ កាលពីចុងឆ្នាំ២០១៦ លោកស្រីបានចូលរួមពិធីអាពាហ៍ពិពាហ៍កូនប្រុសច្បងលោកស្រី តារាទី, ឆ្នាំ២០២១ ចូលរួមមង្គលការកូនស្រីទី២លោកស្រី តារាទី និងចុងក្រោយ ដើមឆ្នាំ២០២៦ លោកស្រី និងស្វាមី បានចូលរួមមង្គលការកូនប្រុសពៅលោកស្រី តារាទី ។ ភ្ញៀវដែលចូលរួមមង្គលការកូនលោកស្រី ច័ន្ទ តារាទី បានសរសើរចំពោះតារាទី ថាមានចិត្តទូលាយ គ្មានគំនុំលើភរិយាថ្មីប្ដី តែប្រែក្លាយទៅជាការរាប់អានគ្នាធម្មតាដូចបងប្អូន ខណៈដែលលោកកែវ វណ្ណថន តែងតែយកចិត្តទុកដាក់ដល់កូនប្រុស ស្រីភរិយាដើមរបស់លោក ទាំង៣ តាំងពីពួកគេនៅតូច រហូតដល់មានគ្រួសាររៀងៗខ្លួន ។

មានការកត់សម្គាល់ដែរថា ការចេញមុខចុងក្រោយរបស់លោកស្រី ពេជ្រ ច័ន្ទបរមី នៅដើមឆ្នាំ២០២៦ នៅតែមានសម្រស់ផូរផង់ ព្រមទាំងការលេងគ្រឿងអលង្ការ ខ្សែកនិងខ្សែដៃ ពេជ្រទាំងឈុតៗតែម្ដង ខណៈទាំងតារាៗ និងភ្ញៀវ បានហៅ លោកស្រីថា «លោកជំទាវ» គ្រប់ៗគ្នា ។ ប៉ុន្ដែ បរមី ហាក់មិនសូវនិយាយច្រើនទេ ពោលគឺបន្ទាប់ពីថតរូបជាមួយអ្នកសុំថតរួចក៍ប្រញាប់ទៅអង្គុយអមស្វាមីវិញ ។

 ពេជ្រ ច័ន្ទបរមី បានដកខ្លួនពីអាជីពសិល្បៈ ជាច្រើនឆ្នាំមកហើយ តាំងពីក្លាយទៅភរិយារបស់លោកកែវ វណ្ណ ថន ដោយទទួលបានកូន ៣នាក់ (ប្រុស២ ស្រី១) ខណៈកូនប្រុសច្បង មានអាយុ២២ឆ្នាំ កូនប្រុសទី២ មានអាយុ១៧ឆ្នាំ និងកូនស្រីទី៣ មានអាយុ៩ឆ្នាំ ។ ក្រៅពីចេញមុខចូលរួមមង្គលការកូនលោកស្រី ច័ន្ទ តារាទី ដល់ទៅ៣លើកនោះ លោកស្រី ច័ន្ទបរមី ក៍តែងតែបង្ហាញខ្លួនតាមមង្គលការកូនរបស់អតីតអ្នករួមអាជីព និងអ្នកដឹក នាំរឿងដែលស្និទ្ធស្នាលជាមួយលោកស្រីផងដែរ ប៉ុន្ដែកម្មវិធីទាំងនោះ ភាគច្រើនលោកស្រីទៅម្នាក់ឯងពោលគឺកម្រនឹងបណ្ដើរស្វាមីទៅចូលរួមណាស់ ។

តាមប្រភពថា លោកស្រី ពេជ្រ ច័ន្ទបរមី ត្រូវបានស្វាមីស្រលាញ់ថ្នាក់ថ្នមខ្លាំង ទើបនៅតែរក្សាសម្រស់បានក្មេងជាងវ័យ ហើយក៏មិនចូលចិត្តសាំញាំច្រើនដែរ ។ ប៉ុន្ដែគេមិនទាន់ដឹងថា តើលោកស្រី បរមី គ្រោងនឹងយកកូនទី៤ ឬត្រឹមមានកូន ៣នាក់ ស្មើលោកស្រី ច័ន្ទ តារាទី គ្រប់គ្រាន់ហើយនោះទេ ៕

RELATED ARTICLES