ភ្នំពេញ ៖ ស្រីស្រស់ ធៀម ស្រីវីន ត្រូវបានគេសរសើរថា ជាតួស្រីស្អាត សម្រស់លេចធ្លោ ក្នុង MV បទ «ខ្ញុំស្រលាញ់គេហើយ ខុសអីក៏ខុសទៅ» ច្រៀងដោយ សន ច័ន្ទធីតា និងដឹកនាំសម្ដែងដោយនាយពាក់មី ។ ក្រៅពីមានសម្រស់គួរឲ្យទាក់ទាញតាមបែបធម្មជាតិ ស្រីវីន ដែលពូកែសម្ដែងដាក់អារម្មណ៍បានល្អនោះ ក៏ត្រូវលោក ចែម ចាន់រ៉ា យកចិត្តទុកដាក់ខ្លាំងដូចជា ធ្វើសក់ឲ្យនាង ជាដើម ។

អ្នកលេងហ្វេសប៊ុក មួយចំនួន លើកឡើងថា ស្រីវីន អាចនឹងល្បីជាងនេះជាមិនខាន ប្រសិន បើនាយពាក់មី ជ្រើសនាងជាតួឯក ក្នុង MV បទក្រោយៗទៀត ។ ប៉ុន្ដែក៏មានខ្លះបារម្ភដែរថា ខ្លាចតែស្រីស្អាត ត្រូវនាយពាក់មី យកចំណេញ ព្រោះតារាស្រីស្អាតៗជាច្រើនមកហើយ ចង់ញាក់សាច់ ព្រោះលោកចាន់រ៉ា មិនត្រឹមតែពូកែរើសតួស្រីស្អាតៗ ឲ្យថតឲ្យលោកទេ ប៉ុន្ដែលោកក៏ពូកែញ៉ែស្រី ដូចនាយចឺម និងអ៊ីណូ ដែរ ។


ក្នុងជំនួបតាមទូរស័ព្ទជាមួយអ្នកយកព័ត៌មាន «នគរធំ» កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ កញ្ញា ធៀម ស្រីវីន វាចាថា នាយពាក់មី អត់បានកេងចំណេញលើនាងទេ គឺនាងបំពេញតួនាទីជាតារាសម្ដែង គាត់ជាអ្នក ដឹកនាំ MV ។ នាងថា មុនថត MV បទនោះ ខ្លួនក៏បាននិយាយជាមួយនាយពាក់មី ដែរថា នាងមិនថតទេ បើ បទណាមានឈុតសិចស៊ី ឬឈុតស្នេហាខ្លាំងៗ ដូច្នេះនាងមិនខ្លាចនាយពាក់មី កេងចំណេញលើនាងទេ។ ចំណែកការថតបទនេះ គឺនាងត្រូវបាននាយពាក់មី ឆាតមកទាក់ទងឲ្យសម្ដែង ទើបបានថតការងារសិល្បៈបទមួយនេះទៅ ។

ធៀម ស្រីវីន ថានាងចង់ប្រឡូកសិល្បៈពេញទំហឹង ទាំងការថតភាពយន្ដ MV ស្ពត និងរឿងខ្លី (Short Film) ប៉ុន្ដែនាងនៅតែរក្សាគោលការណ៍ថា អត់លេងភាពយន្ដ ឬ MV ណាមានឈុតសិចស៊ី ឬស្នេហារោលរាលឡើយ ហើយបើមិនបានល្បីថែមទៀត នៅត្រឹមប៉ុណ្ណេះក៏បានដែរ ។ នាងថា មុនចេញថត MV របស់នាយពាក់មី នេះរូបនាងក៏ធ្លាប់ថតរឿងខ្លី (Short Film)ច្រើនរឿងដែរមកហើយ តែពេលនេះ នាងជាតារាឯករាជ្យ (Freelance ) ចង់ថតឲ្យផលិតកម្មណាក៏បានដែរ ។

ឆ្លើយតបសំណួរថា តើស្រីវីន យកតារាសម្ដែងរូបណា ជាធ្វើជាគំរូ (Idol) របស់ខ្លួន? នាងថា គឺអ្នកនាង សារ៉ាយ សក្ខណា ។ ស្រីវីន យល់ថា នាងពេញចិត្តអ្នកនាង សារ៉ាយ សក្ខណា ខ្លាំង និងធ្លាប់មើលបច្ចេកទេសសម្ដែងរបស់រៀមច្បងរូបនេះ ច្រើនមកហើយផងដែរ និងថា សក្ខណា ពិតជាតារាពូកែម្នាក់។

គួរបញ្ជាក់ថា ធៀម ស្រីវីន មានស្រុកកំណើតនៅខេត្តកណ្ដាល មានអាយុ ២១ឆ្នាំ កម្ពស់ ១,៧២ម៉ែត្រ ទម្ងន់ ៥១ គ.ក្រ។ ស្រីវីន ជាអតីត Freshie ជ័យលាភីលេខ២ ឆ្នាំ២០២៣ ។ ប្រហែលជាដើម្បីការពារខ្លួនទុកជាមុន គេឃើញស្រីវីន ក៏បានចេញវីដេអូភ្លាមៗ បង្ហាញឈុតក្រៅឆាកថត MV បទ «ខ្ញុំស្រលាញ់គេហើយ ខុសអីក៏ខុសទៅ» នោះ ដោយលើកឡើងថា កុំឲ្យគេមើលនាយពាកមី ក្នុងផ្លូវអាក្រក់ ធ្វើសក់ឲ្យនាង ចង់កេងចំណេញអី ព្រោះនាយ មិនមែនយកចិត្តលើតែរូបនាងជាតារាសម្ដែងម្នាក់ទេ តែតួកូនក្មេង ថតជាមួយនាង ក៏លោកចាន់រ៉ា យកចិត្តដូចគ្នា ព្រោះលោកជា Director ។

ទស្សនិកជនរង់ចាំមើលថា ក្រោយស្រីស្អាត ធៀម ស្រីវីន បដិសេធថតសិចស៊ី និងមិនព្រមលេងឈុតស្នេហារោលរាលនោះ នាយពាក់មី នៅលើកស្រីស្អាតរូបនេះ ក្នុងMV បទក្រោយៗទៀតឬអត់ ? …៕
