ភ្នំពេញៈ លោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា វត្ថុបុរាណរបស់កម្ពុជា ចំនួន៧០ នឹងត្រូវធ្វើមាតុភូមនិវត្តន៍ពីចក្រភពអង់គ្លេស អំឡុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។

លោកស្រីបណ្ឌិត ភឿង សកុណា បានឲ្យដឹងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈ ឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ដែលធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ។
ចាប់តាំងពីឆ្នាំ១៩៩៦ ដល់ខែកក្កដា ឆ្នាំ២០២៤ កម្ពុជា បានទទួលវត្ថុសិល្បៈបុរាណ ចំនួន ១ ០៩៨វត្ថុ ពីប្រទេសចំនួន១៥។ វត្ថុទាំងនោះ រួមមាន វត្ថុដែលប្រគល់ដោយសប្បុរសជន និងវត្ថុដែលប្រគល់ដោយរដ្ឋាភិបាល ឬស្ថាប័ននានា។
ការទទួលបានវត្ថុបុរាណទាំងនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចា ទាមទារតាមផ្លូវច្បាប់ និងការសហការជាមួយបណ្តាប្រទេសនានា។ ក្នុងឆ្នាំ២០២៥ កម្ពុជា បានទទួលវត្ថុបុរាណ ជាច្រើន ដូចជា វត្ថុសិល្បៈខ្មែរ ចំនួន ២៩៦វត្ថុ ពីលោកបណ្ឌិត István Zelnik វត្ថុបុរាណខ្មែរ ចំនួន ១៣រូប ពីសារមន្ទីរសិល្បៈអាស៊ីសាន់ហ្វ្រាន់ស៊ីស្កូ និងអាជ្ញាធរជាតិអប្សរា ទទួលបានវត្ថុបុរាណ ២៧៧កេស ពីស្ថាប័នក្រុមអភិរក្សប្រាសាទអង្គរនៃរដ្ឋាភិបាលចិន-កម្ពុជា។
ការប្រគល់វត្ថុបុរាណ មកកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់ក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិ និងព្យាបាលរបួសផ្លូវចិត្តដែលបន្សល់ទុកពីសង្គ្រាម។ រាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំប្រឹងប្រែងស្វែងរកនិងនាំយកវត្ថុបុរាណដែលបាត់បង់ ត្រឡប់មកវិញ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រជាជនកម្ពុជា និងមនុស្សជាតិ។
លោកឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានធ្វើឱ្យប៉ះពាល់ដល់ការអភិរក្សសម្បត្តិវប្បធម៌ជាតិ ដោយក្នុងនោះ ភាគីថៃ បានធ្វើឱ្យខូចខាតប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក តំបន់ជុំវិញប្រាសាទព្រះវិហារ ប្រាសាទតាក្របី ប្រាសាទខ្នារ ប្រាសាទតាមាន់ និងបុរាណដ្ឋានផ្សេងៗទៀតនៅតាមព្រំដែន រួមជាមួយនឹងការព្យាយាមដណ្តើមយកប្រាសាទបុរាណខ្មែរ ទៅគ្រប់គ្រង ព្រមទាំងការយកលេសពន្យារពេលប្រគល់វត្ថុបុរាណខ្មែរ មួយចំនួន ត្រឡប់មកប្រទេសកម្ពុជា វិញ។
ភាពតានតឹងនិងជម្លោះព្រំដែននេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់សកម្មភាពជួសជុលនិងអភិរក្ស រួមទាំងទេសចរណ៍វប្បធម៌នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទផ្សេងៗទៀតនៅតាមព្រំដែនផងដែរ ដោយសារតំបន់ទាំងនេះ ត្រូវបានបិទ មិនអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទស្សនា៕