Saturday, March 14, 2026
Homeសេដ្ឋកិច្ចជាតិប្រេង ហ្គាស់ ឡើងថ្លៃ ប៉ះពាល់ដល់ជីវភាពពលរដ្ឋ បន្ថែមលើវិបត្តិបំណុល

ប្រេង ហ្គាស់ ឡើងថ្លៃ ប៉ះពាល់ដល់ជីវភាពពលរដ្ឋ បន្ថែមលើវិបត្តិបំណុល

ភ្នំពេញ ៖ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បាន កបានលើកឡើងថា វិបត្តិប្រេងឥន្ធនៈ ដែលបង្កឡើងដោយសង្រ្គាមអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ធ្វើឲ្យតម្លៃប្រេង និងហ្គាស់ ហក់ឡើង បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ជីវិភាពប្រជាពលរដ្ឋខ្មែរ បន្ថែមលើវិបតិ្តបំណុល ។

  លោក មាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ថា ជាការកត់សម្គាល់ជុំវិញបញ្ហាសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ នាពេលបច្ចុប្បន្ន លោកមើលឃើញតថភាពជាក់ស្តែងថា មួយសប្តាហ៍ កន្លងមកនេះ បើតាមបងប្អូនប្រជាពលរដ្ឋ និងមហាជនខ្មែរ បានប្រាប់លោកថា «តម្លៃប្រេងសាំង ប្រេងម៉ាស៊ូត និងហ្គាស់ បានហក់ឡើងជិតគុណនឹង២ នៃចំនួនតម្លៃដែលធ្លាប់មាន កាលពីកន្លងមក ដែលបញ្ហានេះ បានធ្វើឱ្យពលរដ្ឋមានការលំបាក បើទោះបីជាមានសារាចរពីក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែនិងថាមពល មិនឱ្យលក់ដំឡើងថ្លៃខ្ពស់តាមការឆក់ឱកាសរបស់ឈ្មួញកណ្តាល ឬម្ចាស់ស្ថាននីយប្រេងឥន្ធនៈ ក៏ដោយ ។ ដូច្នេះរាជរដ្ឋាភិបាល ត្រូវទប់ស្កាត់ និងរកវិធីសាស្រ្តក្នុងការដោះស្រាយ ព្រោះកម្ពុជា ជាប្រទេសតូច មិនទាន់មានប្រេងបម្រុងច្រើន ដូចសហរដ្ឋអាមេរិក និងប្រទេសមហាអំណាចផ្សេងទៀតទេ ។

  លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “នៅក្នុងដំណោះស្រាយ វាជារឿងដែលយើងត្រូវប្រុងប្រយ័ត្នមែនទែន ទៅនឹងជីវភាព កត្តារស់នៅរបស់ប្រជាពលរដ្ឋ ។ យើងឃើញបំណុល វាជារឿងមួយពិបាកទៅហើយ សឹងតែ ១០គ្រួសារ បំណុលសឹងតែ ៩គ្រួសារ ។ អាហ្នឹងជារឿងមួយដែលយើងដោះប្រចាំខែ ហើយបញ្ហាកត្តាជីវភាព ជារៀងរាល់ថ្ងៃ យើងមើលថា តើគាត់ជួបការលំបាកម៉េច? ប្រជាកសិករ ធ្វើស្រែ ធ្វើចម្ការ សាំងធម្មតា នៅប៉ះពាល់ គាត់នៅថ្ងួចថ្ងូរ ទម្រាំសឹងតែគុណជាពីរទៅទៀត ប្រេងឥន្ធនៈ អាហ្នឹងវាកាន់តែជួបបញ្ហានៅក្នុងកត្តាជីវភាព ទៅនឹងមុខរបរធ្វើស្រែ ធ្វើចម្ការ ទីផ្សារ ចំណូល និងចំណាយ វាកាន់តែពិបាក ។ អ៊ីចឹងយើងមើល ឃើញថា ប្រេង ហើយនិងហ្គាស់នេះ គឺជាការចាប់ផ្ដើមចាំបាច់បំផុតនៃដង្ហើមជីវិត រវាងធម្មជាតិ រវាងការរស់នៅរបស់ប្រជាពលរដ្ឋ ទៅនឹងការប្រកបរបរអាជីវកម្មគ្រប់សព្វបែបយ៉ាង ។ អ៊ីចឹងហើយ អាហ្នឹងជាផលប៉ះពាល់ទៅនឹងជីវភាព និងវិបត្តិនៃបំណុល បំណុលគ្រួសារហ្នឹង ។ អ្វីដែលយើងត្រូវរកដំណោះស្រាយ គឺថាយើងត្រូវបែងចែក រដ្ឋមួយៗ ត្រូវតែមានប្រេងបម្រុងទុក ក្នុងរយៈពេល ១ខែ ២ខែ ៣ខែ ហើយទម្រាំទៅដល់ប្រេងលើពិភព លោកហ្នឹង មានដំណោះស្រាយបែបណាៗ ។ ប៉ុន្តែយើងមើលឃើញក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សហរដ្ឋអាមេរិក បានបញ្ចេញប្រេងបម្រុង នៅក្នុងប្រទេសគេ ចំនួន ១៧៩លានបារ៉ែល ។ អ៊ីចឹងវាជាការមួយដោះស្រាយបញ្ហាពលរដ្ឋអាមេរិក ទៅនឹងសេដ្ឋកិច្ចឆ្លងគ្នារវាងសកល» ។

លោក មាជ សុវណ្ណារ៉ា បន្តថា «អ៊ីចឹងសេដ្ឋកិច្ចនេះ គឺថាវាសំខាន់ទៅនឹងថាមពល ។ ថាមពល ដែលត្រូវប្រើប្រាស់ហ្នឹង គឺចេញពីហ្នឹងទាំងអស់ សិប្បកម្មខ្នាតតូច ខ្នាតធំ កសិឧស្សាហកម្ម កសិកម្ម ទៅកសិឧស្សាហកម្ម និងចរាចរណ៍ទំនិញទីផ្សារអី គឺថាវាប្រើនូវឥទ្ធិពលនៃថាមពល ហើយយើងដឹងហើយថា ពិភពលោក សង្រ្គាម ការផ្លាស់ប្ដូរបែបណាៗ វាជារឿងដែលយើងត្រូវមានការប្រុងប្រយ័ត្នបំផុត ត្រូវប្រើរបៀបម៉េច មធ្យោ បាយយ៉ាងម៉េច? តែខ្ញុំមើលឃើញនៅកម្ពុជា ជាប្រទេសតូច ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា មិនទាន់មានកសិឧស្សាហកម្ម រោងចក្រថាមពលអីឲ្យវាធំដុំ ក្នុងការពង្រីកចង្វាក់សេដ្ឋកិច្ច ពាណិជ្ជកម្ម រកស៊ីអីទេ តែយើងត្រូវមានរបៀប ដើម្បីធ្វើយ៉ាងណាកុំឲ្យធ្លាក់ទៅដល់វិបត្តិហិរញ្ញវត្ថុ វិបត្តិបំណុល វិបត្តិសាំង ប្រេងឥន្ធនៈ គឺថាវាជារឿងដែលរដ្ឋាភិបាល ត្រូវទប់ស្កាត់ និងរកវិធីសាស្រ្តបែបណា ព្រោះយើងដឹងហើយ ប្រទេសមួយៗ គេត្រៀមប្រេងបម្រុង ហើយយើងឃើញថា សហរដ្ឋអាមេរិក ក្នុងពិភពលោក គឺថា គេប្រេងឥន្ធនៈ ទៅដល់ ១ភាគ៣ នៃប្រេងដែលមានលើពិភពលោក បន្ទាប់មក ប្រទេសចិន និងប្រទេសមហាអំណាចផ្សេងៗទៀត ។ អ៊ីចឹងយើងឃើញថា អ្វីដែលវាប៉ះពាល់ វាត្រូវតែប៉ះពាល់ ប៉ុន្តែក្នុងកម្រិតបែបណា ដែលយើងរកវិធីដោះស្រាយ ជាជាងបង្កើតនូវបញ្ហាស្មុគស្មាញ អាហ្នឹងគឺថា វាជាអន្ទាក់ទាក់គ្នា សម្រាប់វិបត្តិសង្គមជាតិ“ ។

 ស្របនឹងការលើកឡើងរបស់លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ខាងលើនេះ អ្នកជំនាញសេដ្ឋកិច្ច ក៏បានបង្ហាញក្ដីបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ចកម្ពុជា ដោយសារសង្គ្រាមនៅអ៊ីរ៉ង់ នេះដែរ ដោយបានធ្វើការកត់សម្គាល់និងវាយតម្លៃថា សង្គ្រាមអ៊ីរ៉ង់ ជាមួយសហរដ្ឋអាមេរិក និងដៃគូ អ៊ីស្រាអែល នឹងរុញឱ្យតម្លៃប្រេង ហក់ឡើងខ្ពស់ ដែលនឹងបង្កឱ្យមានកំណើនអតិផរណាសកល រួមទាំងសម្រាប់សេដ្ឋកិច្ចកម្ពុជា ផងដែរ។ វិបត្តិសង្គ្រាម នៅអ៊ីរ៉ង់ មិនត្រឹមតែជាជម្លោះប្រដាប់អាវុធប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាមហន្តរាយសេដ្ឋកិច្ច ដែលកំពុងគំរាមកំហែងដល់ចរន្តពាណិជ្ជកម្មសកល ដែលមានតម្លៃ រហូតដល់ទៅជិត ១២ទ្រីលានដុល្លារ។ ភាពតានតឹងនេះ បានធ្វើឱ្យអ្នកដំណើរ រាប់លាននាក់ និងនាវាដឹកជញ្ជូនទំនិញ រាប់សិបគ្រឿង ត្រូវបានជាប់គាំងនៅកណ្ដាលផ្លូវ បង្កជាភាពចលាចល ដែលមិនធ្លាប់មានពីមុនមក។

ហេតុផលនៃការព្រួយបារម្ភរបស់អ្នកជំនាញសេដ្ឋកិច្ច ដោយសារតែច្រកសមុទ្រ ហ័រមូស (Hormuz) ដែលជាច្រកនាំចេញប្រេងដ៏សំខាន់ ឬស្មើនឹងប្រហែល ២០ភាគរយ នៃប្រេងដែលផ្គត់ផ្គង់លើពិភពលោក ត្រូវបានបិទ។ បើតាមការប៉ានស្មានរបស់អ្នកជំនាញសេដ្ឋកិច្ច ការអូសបន្លាយជម្លោះនៅអ៊ីរ៉ង់ អាចនឹងធ្វើឱ្យតម្លៃប្រេង អាចបន្តហក់ឡើងចន្លោះពី ១០០ដុល្លារ ក្នុងមួយបារ៉ែល រហូតដល់ ១៥០ដុល្លារ ក្នុងមួយបារ៉ែល ។

 លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានលើកឡើងថា ក្រោយការផ្ទុះឡើងនៃជម្លោះនៅអ៊ីរ៉ង់ តម្លៃប្រេងសកល បានហក់ឡើងប្រមាណ ១០ភាគរយ ឬកើនប្រហែល ៨០ដុល្លារ ក្នុងមួយបារ៉ែល។ លោកថា បើសង្គ្រាម បន្តអូសបន្លាយនោះ មិនត្រឹមតែប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មរបស់កម្ពុជា ផងដែរ ព្រោះតាមហេតុផលសេដ្ឋកិច្ច នៅពេលតម្លៃប្រេងឡើង នឹងធ្វើឱ្យថ្លៃដឹកជញ្ជូន និងថ្លៃផលិតកម្ម កើនឡើង ហើយជំរុញឱ្យអតិផរណា កើនឡើងដែរ ។

  លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច បានលើកឡើងថា តម្លៃប្រេងឡើងថ្លៃនេះ នឹងរុញសន្ទុះអតិផរណា កាន់តែឡើងខ្ពស់ថែមទៀត ដែលវាមិនអាចចៀសរួច និងតែងតែកើតមានឡើងជារៀងរាល់ឆ្នាំ ។

  លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ជម្លោះវាងអាមេរិក-អ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់ នឹងជិះឥទ្ធិពលមកលើភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា។ ប៉ុន្តែអ្វីដែលលោកព្រួយបារម្ភបំផុតនោះ គឺជម្លោះនេះ អាចធ្វើឱ្យប្រទេសមហាអំណាច លែងសូវចាប់អារម្មណ៍លើការដោះស្រាយវិវាទព្រំដែនរវាងកម្ពុជា-ថៃ ។

 ស្ថាប័នសន្តិសុខជាតិ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា បានលើកឡើងថា ការហក់ឡើងថ្លៃនៃប្រេងឥន្ធ នៈ បានធ្វើឲ្យមានផលប៉ះពាល់លើសេដ្ឋកិច្ច (Economic Impact) និងប៉ះពាល់លើសិទ្ធិនយោបាយ សម្រាប់កម្ពុជា ដែលជាប្រទេសដែលនាំចូលប្រេងឥន្ធនៈ ១០០% ដើម្បីទ្រទ្រង់ការប្រើប្រាស់ក្នុងស្រុក។  ក្នុងពាក់ព័ន្ធនឹងផលប់ះពាល់ល់សេដ្ឋកិច្ច រាល់ការប្រែប្រួលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ នឹងជះឥទ្ធិពលភ្លាមៗ ដូចជា ៖

-អតិផរណា និងតម្លៃទំនិញ ៖ នៅពេលតម្លៃប្រេងឡើងថ្លៃ ថ្លៃដឹកជញ្ជូននឹងកើនឡើង វានឹងរុញច្រានឱ្យតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃ ម្ហូបអាហារ និងសម្ភារៈសំណង់ ឡើងថ្លៃតាមនោះដែរ (Cost-push inflation)។ 

-វិស័យកសិកម្ម ៖ កសិករកម្ពុជា ពឹងផ្អែកខ្លាំងលើប្រេងម៉ាស៊ូត សម្រាប់ម៉ាស៊ីនបូមទឹក គ្រឿងចក្រភ្ជួររាស់ និងប្រមូលផល។ ការឡើងថ្លៃប្រេង នឹងធ្វើឱ្យថ្លៃដើមផលិត កើនឡើង ដែលអាចកាត់បន្ថយប្រាក់ចំណេញរបស់កសិករ។

-ចរន្តសាច់ប្រាក់រដ្ឋ ៖ រដ្ឋាភិបាល អាចនឹងត្រូវចំណាយថវិកាបម្រុងកាន់តែច្រើន ដើម្បីទប់ទល់នឹងតម្លៃប្រេង (Subsidy) ឬកាត់បន្ថយពន្ធនាំចូលប្រេង ដើម្បីកុំឱ្យតម្លៃលក់រាយខ្ពស់ពេក ដែលវានឹងប៉ះពាល់ដល់ចំណូលថវិកាជាតិ។

  ចំណែកផលប៉ះពាល់លើទិដ្ឋភាពនយោបាយ (Political Impact) គឺទៅដល់សន្តិសុខថាមពល ដែលជាបញ្ហានយោបាយដ៏រសើបបំផុតមួយ ក្នុងនោះរួមមាន ៖

-ស្ថិរភាពសង្គម ៖ ការឡើងថ្លៃទំនិញ និងកង្វះខាតប្រេង អាចបង្កើតឱ្យមានការមិនពេញចិត្តក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេស អ្នករត់តាក់ស៊ី អ្នកដឹកជញ្ជូន និងកម្មករ។ ប្រសិនបើមិនមានដំណោះស្រាយទាន់ពេល វាក៏អាចក្លាយជាចំណុចក្ដៅនៃបាតុកម្ម ឬការរិះគន់រដ្ឋាភិបាល។

-ទំនាក់ទំនងអន្តរជាតិ ៖ កម្ពុជា អាចនឹងត្រូវបង្កើនទំនាក់ទំនងការទូតជាមួយប្រទេសផលិតប្រេងផ្សេងទៀត (ក្រៅពីតំបន់មជ្ឈិមបូព៌ា) ឬពឹងផ្អែកលើការជួយជ្រោមជ្រែងពីមិត្តភក្តិក្នុងតំបន់ ដូចជា វៀតណាម ថៃ ឬចិន ដើម្បីធានាការផ្គត់ផ្គង់ប្រេង មិនឱ្យដាច់។

-ការរុញច្រានគោលនយោបាយថាមពលបៃតង ៖ វិបត្តិនេះ អាចជារបត់នយោបាយមួយដែលរុញឱ្យរដ្ឋាភិបាលកម្ពុជា ពន្លឿនការវិនិយោគលើថាមពលកកើតឡើងវិញ (ពន្លឺព្រះអាទិត្យ ខ្យល់ និងវារីអគ្គិសនី) និងការប្រើ ប្រាស់រថយន្តអគ្គិសនី (EV) ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេង ពីក្រៅប្រទេស។

 ប្រឈមនឹងវិបត្តិតម្លៃប្រេងឡើងថ្លៃ នៅទូទាំងពិភពលោក បន្ទាប់ពីបានប្រជុំជជែកគ្នា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ប្រទេសសមាជិកទាំង៣២ នៃទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ថា AIE បានមូលមតិគ្នាបញ្ចេញស្តុកប្រេងបម្រុងរៀងៗខ្លួន សរុបឲ្យបានចំនួន ៤០០លានបារ៉ែល ។ នេះជាប្រវត្តិសាស្ត្រហើយ ដែលក្រុមប្រ ទេសសមាជិក AIE សម្រេចបញ្ចេញស្តុកប្រេងបម្រុង ដល់ទំហំច្រើនបែបនេះ។ កាលពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ឆ្នាំ២០២២ គេបានបញ្ចេញស្តុកប្រេងបម្រុង សរុប ១៨២លានបារ៉ែល តែទន្ទឹមគ្នានេះ អ្នកជំនាញខ្លះបានអះអាងថា ទំហំចំនួនប្រេង ចាក់បញ្ចូលក្នុងទីផ្សារច្រើនប៉ុនណា គឺមិនសំខាន់ប៉ុន្មានឡើយ អ្វីដែលសំខាន់ គឺល្បឿននៃការបញ្ចេញស្តុកទាំងនោះ។ បើបញ្ចេញ ១០០លានបារ៉ែល ក្នុងរយៈពេលមួយខែ មានន័យថា ក្នុងមួយថ្ងៃ មានតែ ៣លានបារ៉ែលប៉ុណ្ណោះ ពោលគឺតិចខ្លាំងណាស់ ។

ផ្អែកតាម AIE ក្រុមប្រទេសសមាជិកទាំង៣២ មានប្រេងក្នុងស្តុកបម្រុង សម្រាប់គ្រាអាសន្នសាធារណៈ សរុបទាំងអស់ ១២០០លានបារ៉ែល បូកបន្ថែមនឹងស្តុក ៦០០លានបារ៉ែល ក្នុងដៃសហគ្រាសក្រោមកាតព្វកិច្ចរដ្ឋ។ ក្នុងមួយថ្ងៃ ពិភពលោក ត្រូវការប្រើប្រេងឆៅ ចំនួនប្រមាណ ១០០លានបារ៉ែល។ ក្នុងចំណោមប្រទេសសមាជិក AIE ជប៉ុន បានប្រកាសមុនគេ ថានឹងបញ្ចេញស្តុកបម្រុងរបស់ខ្លួន ចំនួន៨០លានបារ៉ែល ដើម្បីជួយទប់តម្លៃប្រេងទូទាំងពិភពលោក។ ចំណែកអាល្លឺម៉ង់ សន្យាបញ្ចេញស្តុកបម្រុងចំនួន ១៩,៥លានបារ៉ែល។ អង់គ្លេស បញ្ចេញប្រមាណ ១៣,៥លានបារ៉ែល។

  ពាក់ព័ន្ធនឹងតម្លៃប្រេងហក់ឡើងដល់ជិត ១២០ដុល្លារ ក្នុងមួយបារ៉ែល ក៏ជាកត្តាជំរុញឱ្យរដ្ឋាភិបាលរបស់ប្រទេសមួយចំនួនដែលប្រឈមនឹងហានិភ័យនៃការខ្វះថាមពល និងតម្លៃប្រេងលក់រាយ ហក់ឡើងខ្ពស់ រួមមាន នៅតំបន់អាស៊ាន និងអាស៊ី ប្រកាសដាក់ចេញនូវវិធានការបន្ទាន់ ជាបន្តបន្ទាប់ ដើម្បីជួយសម្រាលហានិភ័យទាំងនេះ ដូចជា នៅប្រទេសវៀតណាម អាជ្ញាធរបានព្រមានថា កង្វះខាតប្រេង អាចកើតមាននៅតំបន់មួយចំនួន ហើយបានណែនាំឱ្យពលរដ្ឋប្រើប្រាស់ថាមពលដោយសន្សំសំចៃបំផុត និងគ្រោងលើកលែងពន្ធនាំចូលប្រេង ដើម្បីធានាការផ្គត់ផ្គង់ប្រេង និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។ នៅប្រទេសហ្វីលីពីន មន្ត្រីរាជការ ត្រូវបានអនុញ្ញាតឱ្យធ្វើការត្រឹមតែ ៤ថ្ងៃប៉ុណ្ណោះ ក្នុងមួយសប្តាហ៍ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល ខណៈដែល ៩៦% នៃប្រេងឥន្ធនៈ ក្នុងប្រទេសនេះ គឺនាំចូលពីតំបន់មជ្ឈិមបូព៌ា។ នៅបង់ក្លាដែស រដ្ឋាភិបាល បានសម្រេចបិទសាកលវិទ្យាល័យបណ្តោះអាសន្ន ដើម្បីកាត់បន្ថយការចំណាយលើប្រេង អគ្គិសនី និងកាត់បន្ថយការកកស្ទះចរាចរណ៍។ នៅប្រទេសប៉ាគីស្ថាន រដ្ឋាភិបាល បានសម្រេចកាត់បន្ថយថ្ងៃធ្វើការ មកនៅត្រឹម ៤ថ្ងៃ ក្នុងមួយសប្តាហ៍ និងប្រកាសបិទសាលារៀន មួយរយៈ ដោយសារវិបត្តិកង្វះខាតប្រេងឥន្ធនៈ យ៉ាងធ្ងន់ធ្ងរ ។

  សម្រាប់កម្ពុជា ទោះបីជាមិនទាន់មានការប្រកាសអាសន្នអំពីកង្វះខាតប្រេង ពីស្ថាប័នជំនាញក៏ដោយ ប៉ុន្តែក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែនិងថាមពល កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើសន្និធិប្រេងក្នុងស្រុក។ ជាមួយគ្នានេះ ក្រសួង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ ក្នុងអំឡុងពេលដែលតម្លៃប្រេង កំពុងហក់ឡើងខ្លាំង ។

  ទោះបីជយ៉ាងណា លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ថា តម្លៃប្រេង អាចនឹងធ្លាក់ចុះវិញ នៅពេលដ៏ឆាប់ខាងមុខនេះ៕ កុលបុត្រ

RELATED ARTICLES