ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់ បានកើតមានអាការមិនស្រួលខ្លួន ក៏បានទូរស័ព្ទហៅគ្រូពេទ្យនៅក្នុងភូមិ (ពេទ្យទើបបើកថ្មី) មកពិនិត្យ ព្យាបាលដល់ផ្ទះ លុះគ្រូពេទ្យរូបនោះពិនិត្យរួច បានបន្តោកសេរ៉ូម ឱ្យស្ត្រីជាអ្នកជំងឺ ១ប្លោក ស្រាប់តែមិនទាន់អស់សេរ៉ូមផង ស្ត្រីជាអ្នកជំងឺ ប្រតិកម្មថ្នាំ បណ្តាលឱ្យដាច់ខ្យល់ស្លាប់ភ្លាមៗ។

ករណីគ្រូពេទ្យបន្តោកសេរ៉ូម បណ្តាលឱ្យអ្នកជំងឺស្លាប់នេះ បានកើតឡើង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្ទះរបស់ស្ត្រីរងគ្រោះ ជាអ្នកជំងឺ ស្ថិតក្នុងភូមិរលួស ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ស្ត្រីរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះ ម៉ៅ ភារៈ មុខរបរធ្វើចម្ការ មានលំនៅក្នុងភូមិរលួស ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើ បានកើតមានអាការមិនសូវស្រួលខ្លួន ក៏ទូរស័ព្ទហៅគ្រូពេទ្យក្នុងភូមិម្នាក់ ដែលទើបនឹងបើកកន្លែងព្យាបាលថ្មី មកពិនិត្យជំងឺឱ្យខ្លួនដល់ផ្ទះ។ លុះពេលគ្រូពេទ្យនោះ មកដល់ បានពិនិត្យអាការជំងឺរួច ក៏បានដាក់សេរ៉ូម ឱ្យស្ត្រីជាអ្នកជំងឺ ១ប្លោក។ ស្រាប់តែព្យួរសេរ៉ូមមិនទាន់អស់ផង ស្ត្រីជាអ្នកជំងឺ ក៏កើតមានអាការប្រតិកម្មថ្នាំ ត្រដរខ្យល់ស្លាប់មួយរំពេចតែម្តង។
ក្រោយកើតហេតុ ក្រុមការងារព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នគរបាលយុត្តិធ៌មស្រុក បានសហការជាមួយប្រធានមណ្ឌលសុខភាព ចុះមកដល់ទីតាំងកើតហេតុ និងពិនិត្យសពស្ត្រីរងគ្រោះ ហើយកំពុងបន្តធ្វើការស្រាវជ្រាវតាមនីតិវិធី។
សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា គ្រូពេទ្យដែលព្យាបាលបណ្តាលឱ្យអ្នកជំងឺស្លាប់ ខាងលើ គឺមកពីខេត្តកណ្តាល ទើបមករស់នៅភូមិខាងលើ ដោយមិនទាន់បានមកសុំច្បាប់អនុញ្ញាតបើកទីតាំងផ្តល់សេវាពិនិត្យព្យាបាលជំងឺ ពីជំនាញរដ្ឋបាលស្រុកសណ្តាន់ នៅឡើយទេ តែបែរជា ហ៊ានផ្តល់សេវាព្យាបាលចល័ត រហូត បណ្តាលឱ្យមានអ្នកជំងឺបាត់បង់ជីវិតបែបនេះ៕