ភ្នំពេញៈ នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឃាត់ខ្លួនជនជាតិប៉ាគីស្ថាន ចំនួន៣នាក់ និងជនជាតិខ្មែរ ចំនួន២នាក់ ពាក់ព័ន្ធករណីឆបោក និងធ្វើទិដ្ឋាការស្នាក់នៅក្លែងក្លាយ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ តាមផ្លូវច្បាប់។

ការឃាត់ខ្លួននេះដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនា យកដ្ឋានអន្តោប្រវេសន៍ និងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ដំបូង ឈ្មោះ MD SAYFUZZAMAN ជនជាតិបង់ក្លាដែស រួចបន្តធ្វើការស្រាវជ្រាវ។

ជនសង្ស័យទាំង៥នាក់ ដែលឃាត់ខ្លួនពាក់ព័ន្ធនឹងការឆបោក និងធ្វើទិដ្ឋាការ ស្នាក់នៅក្លែងក្លាយ រួមមាន ទី១-ឈ្មោះ KHAN NAEEM (STAVE KHAN) ភេទប្រុស ជនជាតិប៉ាគីស្ថាន។ ទី២-ឈ្មោះ KHAN MEHDI HASSAN (DAWOOD IBRAHIM) ភេទប្រុស ជនជាតិប៉ាគីស្ថាន។ ទី៣-ឈ្មោះ SHAHBAZ MUHAMMAD ភេទប្រុស ជនជាតិប៉ាគីស្ថាន។ ទី៤-ឈ្មោះអែម រតនៈ ហៅខេ ភេទប្រុស និងទី៥-ឈ្មោះជឹម ចាន់កែ ហៅម៉េង ភេទប្រុស។

ជនសង្ស័យទាំង៦នាក់ (ជនជាតិបង់ក្លាដែស១នាក់ ប៉ាគីស្ថាន ៣នាក់ និងខ្មែរ ២នាក់) ត្រូវឃាត់ខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១) រង់ចាំចំណាត់ការបន្ត៕


