ភ្នំពេញ ៖ ក្រោយស្វែងយល់ចិត្តគ្នា ៤ឆ្នាំ និងជួបព្យុះភ្លៀងជាច្រើនលើកច្រើនសា នៅទីបំផុត តារាសម្ដែងសិ ចស៊ី អៀ ម៉េងលិ ហៅអូនម៉ី បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយមន្រ្ដីប៉ូលិស លោកសុវណ្ណស័ក្តិ ដែលរោងពិធីភ្ជាប់ពាក្យរបស់ពួកគេ ត្រូវបានដំឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ មានការឌីហ្សាញយ៉ាងប្រណិត ហើយពិធីភ្ជាប់ពាក្យជាផ្លូវការ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។


អូនម៉ី អរគុណដល់អនាគតស្វាមី ដែលគោរពតាមការសន្យា និងថាពួកគេកែប្រែដើម្បីគ្នា ខណៈស្រីលិ ក៏បានសរសើរលោកស័ក្តិ ថាជាបុរសធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីនាង។ ការរៀបចំភ្ជាប់ពាក្យរបស់ ម៉េងលិ ជាមួយប្អូនថ្លៃលោក នី ម៉ាប់ ហៅនី រតនា នាពេលនេះ ជាការបិទបញ្ចប់ការសង្ស័យចំណងស្នេហាពួកគេមិនអាចចាប់ដៃគ្នាតទៅទៀតបាន ព្រោះតែអូនម៉ី មានជម្រើសស្នេហ៍ច្រើន ប៉ុន្ដែមិនដូចការលើកឡើងឡើយ ដោយសាពេលនេះ ម៉េងលិ ទេដែលជាអ្នកបង្ហាញអារម្មណ៍រំភើបសឹងហោះ ពេលដែលត្រូវបានគូស្នេហ៍គោរពតាមការសន្យា គឺភ្ជាប់ពាក្យជាផ្លូវការ ។ គេថាស្រីស្អាត ម៉េងលិ នឹងប្រាកដជារំភើបលើសនេះទ្វេដង ប្រសិនបើអនាគតប្ដី លេងមួយក្បាច់ទៀត នោះគឺប្រកាសថ្ងៃរៀបការ នៅថ្ងៃភ្ជាប់ពាក្យ ដែលពេលនោះ គេជឿថា នាងប្រាកដជាមិនអាចទប់ទឹកភ្នែកជាប់ឡើយ ។


អៀ ម៉េងលិ បានភ្ជាប់ស្នេហ៍ជាមួយប្អូនថ្លៃលោក នី រតនា កាលពីឆ្នាំ២០២២ ក្រោយនាងប្រេះឆាស្នេហ៍កូនមន្រ្ដីធំ នៅខេត្តកោះកុង ជានិស្សិតបញ្ចប់ការសិក្សាមកពីប្រទេសឥណ្ឌាដែលបោកប្រាស់ទាំងទឹកចិត្តភក្ដីស្នេហ៍ និងលុយកាក់នាង មួយចំនួន ។ ក្រោយក្លាយជាសង្សារលោកប៉ូលិសវ័យក្មេង អូនម៉ី ក៏ធ្លាប់ស្នើសុំឲ្យសារព័ត៌មាន បញ្ឈប់ការផ្សព្វផ្សាយផ្សារភ្ជាប់នាងជាមួយអតីតសង្សារ គឺនាយចឺម ផងដែរ ដើម្បីកុំឲ្យប៉ះទង្គិចដល់ចំណងស្នេហ៍ថ្មី ព្រោះពួកគេចែកផ្លូវគ្នា តាំងពីឆ្នាំ២០១៧ ។ ប៉ុន្ដែពេលនេះ អូនម៉ី ដែលប្រុសៗជាច្រើនគ្រឺតក្នាញ់សម្រស់នាងនោះ ជិតក្លាយជាភរិយាស្របច្បាប់របស់ប្អូនថ្លៃលោក នី រតនា ទៅហើយ ព្រោះតាមព័ត៌មានថា ក្រោយភ្ជាប់ពាក្យរួច រឿងសំខាន់ដែលនាងត្រូវធ្វើ គឺគិតគួររឿងរៀបអាពាហ៍ពិពាហ៍ ។


សូមបញ្ជាក់ថា អៀ ម៉េងលិ មិនសូវមានសកម្មភាពសិល្បៈលេចធ្លោដូចមុនទេ តាំងពីនាងកាត់ផ្ដាច់ទំនាក់ទំនងស្នេហ៍ជាមួយនាយចឺម ដែលពេលនេះ នាងមមាញឹកទៅលើការរកស៊ីវិញម្ដង ដូចជាបើកហាងកាហ្វេ «Ilik Cafe» និង «Ilik gotcha» ជាដើម ។ ស្រីស្អាតរូបនេះ នៅតែមានសម្រស់ផូរផង់ ដើមទ្រូងធំទ្រលុកទ្រលន់ ពិបាករកគូប្រៀប ខណៈនាយចឺម ក៏ធ្លាប់សារភាពប្រាប់អ្នកយកព័ត៌មានយើងថា នាយស្ដាយដែលបែកបាក់សង្សារ ស្រីស្អាត ហើយពេលនេះ នាងបានទៅគេ ។ ប៉ុន្ដែលោកមេសា មិនមែននិយាយសំដៅដល់តែលើអូនម៉ី ម្នាក់ទេ គឺស្ដាយអតីតសង្សារនាយ ទាំងអស់ ដែលមិនអាចរក្សាបាន។

តាមប្រភពថា ពិធីភ្ជាប់ពាក្យអូនម៉ី ក៏មានតារារួមអាជីពដែលជិតស្និទ្ធ ត្រូវបានម៉េងលិ ហៅឲ្យចូលរួមផងដែរ ព្រោះកម្មវិធីពិសេសរបស់អូនម៉ី នាងចង់បង្ហាញឲ្យប្រុសៗទាំងឡាយដែលតាមញ៉ែនាង ឲ្យបានដឹងថា ចាប់ពីពេលនេះតទៅ នាងមានគូដណ្ដឹងហើយ ឈប់ព្យាយាមសុំស្នេហ៍នាងទៀត ៕


