ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនបរទេស ១៥២៨នាក់ខុសច្បាប់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា បន្ទាប់ពីពាក់ព័ន្ធបទល្មើសនានានៅកម្ពុជា។

យោងតាមប្រភពអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅចុងខែមីនា ចាប់ពីថ្ងៃទី២៤ ដល់៣១ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ ដឹក នាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី បន្តធ្វើកាបណ្តេញចេញជនបរទេស សរុបចំនួន ១៥២៨នាក់ (ស្រី២៣២នាក់) ចេញ ពីកម្ពុជា។

ជនបរទេសទាំងនោះ មានចំនួន ២៣សញ្ជាតិ រួមមាន ៖ យូហ្គង់ដា កេនយ៉ា នេប៉ាល់ ចិន ឥណ្ឌា បង់ក្លាដែស ប៉ាគីស្ថាន ចិនតៃវ៉ាន់ បេឡារូស វៀតណាម ឥណ្ឌូនេស៊ី ហ្គាណា អាហ្វ្រិកខាងត្បួង អង់គ្លេស ប៊ូរុនឌី កាមេរូន រវ៉ាន់ដា អូស្ត្រាលី នីហ្សេរីយ៉ា ជប៉ុន ស្រីលង្កា ហ្វីលីពីន និងមីយ៉ាន់ម៉ា ក្នុងនោះមានជនជាតិចិនចំនួន ៣២៧ នាក់ (ស្រី២០នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា តាមយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងជន បរទេសមួយចំនួនទៀត ពាក់ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិតទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ និងធ្វើការងារខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ។

គួរបញ្ជាក់ថា ការបណ្តេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់ យ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង បោសសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ទាំងក្នុងតំបន់និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានសេរីភាពនិងអាចវិលត្រឡប់ទៅប្រ ទេសរបស់ខ្លួនវិញ៕