ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ បានចូលផឹកស៊ីនៅហាងខារ៉ាអូខេ ១កន្លែង ជាមួយមិត្តភក្តិរួមការងារ ចំនួន២នាក់ទៀត លុះក្រោយពីផឹកស៊ីស្រវឹង មិត្តភក្តិម្នាក់ ក្នុងចំណោមនោះ បានឆែកទូរស័ព្ទរបស់យុវជនរងគ្រោះ ឃើញថា បានលួចឆាតញ៉ែសង្សាររបស់ខ្លួន ក៏កើតមានជម្លោះ វ៉ៃគ្នា១ប្រាវ ក្នុងបន្ទប់ខារ៉ាអូខេ។ លុះចាប់ពីយប់នោះមក យុវជនរងគ្រោះ បានបាត់ខ្លួន អស់រយៈពេលជាង ១ខែកន្លះមកហើយ ធ្វើឱ្យស្ត្រីជាម្តាយ ភ័យបារម្ភ តាមស្វែងរកកូនប្រុសមិនឃើញ ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តាមស្វែងរកកូនប្រុសរបស់ខ្លួន។

យុវជនដែលបាត់ខ្លួន មានឈ្មោះ គឹម បូរ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅ ភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ យុវជនរូបនេះ បានបាត់ខ្លួនតាំងពីយប់ថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៦ គិតមកត្រឹមថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ក្រុមគ្រួសារនៅមិនទាន់ទទួលបានដំណឹងពីកូនប្រុសនៅឡើយ។
តាមសម្តីស្ត្រីជាម្តាយយុវជនដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ បានបាត់ខ្លួន តាំង ពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយពីកើតមានជម្លោះវាយតប់គ្នាជាមួយមិត្តភក្តិ នៅក្នុងហាងខារ៉ាអូខេ មួយកន្លែង រួចស្រាប់តែបាត់ដំណឹងឈឹង រហូតដល់សព្វថ្ងៃនេះតែម្តង គិតទៅមានរយៈពេលប្រមាណជាង ១ខែកន្លះមកហើយ។
ស្ត្រីជាម្តាយ បន្តថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ កូនប្រុសរបស់គាត់ រួមនិងមិត្តភក្តិរួមការងារ ២នាក់ទៀត បាននាំគ្នាចូលទៅផឹកស៊ីនៅក្នុងហាងខារ៉ាអូខេ មួយកន្លែង ម្តុំខាងលិចស្ពានកំពង់ស្មាច់ ស្ថិតក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លុះក្រោយពីផឹកស៊ីស្រវឹង មិត្តភក្តិរបស់កូនប្រុសគាត់ម្នាក់ ដែលកំពុងផឹកស៊ីជាមួយគ្នា បានយកទូរស័ព្ទកូនប្រុសគាត់ មកចុចលេង ស្រាប់តែប្រទះឃើញឆាតឆ្លើយឆ្លងរវាងកូនប្រុសគាត់ជាមួយយុវតីម្នាក់ ដែលត្រូវគេអះអាងថា ជាសង្សាររបស់គេ ទើបធ្វើឱ្យកើតមានជម្លោះ បោកទូរស័ព្ទកូនប្រុសគាត់ចោល បន្ទាប់មកក៏ឈានដល់ការវាយតប់គ្នាមួយប្រាវទៀតផង។
ស្ត្រីជាម្តាយ បានបញ្ជាក់ថា ចាប់តាំងពីយប់នោះមក គាត់ក៏លែងអាចទាក់ទងកូនប្រុសរបស់គាត់បាន ហើយក៏បាត់ឈឹង មិនឃើញកូនប្រុសគាត់វិលត្រឡប់មកផ្ទះវិញ ធ្វើឱ្យគាត់មានការព្រួយបារម្ភ តាមស្វែងរកកូនប្រុស ដល់កន្លែងធ្វើការ និងបានសាកសួរដំណឹងពីមិត្តភក្តិទាំង២នាក់ របស់កូនប្រុសដែរ តែពួកគេសុទ្ធតែឆ្លើយថា មិនដឹង ទើបគាត់សម្រេចដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលវាលរេញ ឱ្យជួយអន្តរាគមន៍ ហើយសមត្ថកិច្ចក៏ធ្លាប់បានកោះហៅមិត្តភក្តិរបស់កូនប្រុសគាត់ ទាំង២នាក់នោះ ទៅសាកសួរ ចំនួន២លើកដែរ ប៉ុន្តែនៅមិនមានតម្រុយអ្វីទាល់តែសោះ។ ចំណែកគាត់ជាម្តាយ បានដើររកកូនប្រុសគ្រប់ទិសទី ប៉ុន្តែមិនយល់ស្រមោលឡើយ។

បន្ទាប់ពីបាត់ដំណឹងកូនប្រុស សូន្យឈឹង អស់រយៈពេលជាង ១ខែកន្លះរួចមក ស្ត្រីជាម្តាយ បានកាន់រូបថតកូនប្រុស មកស្នើសុំអ្នកសារព័ត៌មាន ជួយផ្សាយរកកូនប្រុសរបស់គាត់ និងប្រកាសអំពាវនាវដល់បងប្អូនប្រជាពល រដ្ឋ ក៏ដូចជាសមត្ថកិច្ច បើប្រទះឃើញយុវជនដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងដល់ក្រុមគ្រួ សារគាត់ផង៕