ភ្នំពេញ ៖ ចំនួនកូនផ្សោត នៅទន្លេមេគង្គ បានបន្តកើនឡើងដល់ ១១៧ក្បាល បន្ទាប់ពីកូនផ្សោតថ្មី ១ក្បាល ត្រូវប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

ការប្រទះឃើញនៅអន្លង់ផ្សោតកាំពី ភូមិកាពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កូនផ្សោតថ្មីនេះ មានអាយុប្រ មាណ ៣ថ្ងៃ មានសុខភាពល្អ ស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យ ប្រមាណ៥ក្បាលផ្សេងទៀត និងបណ្តើរដោយផ្សោតធំ ដែលមានលេខកូដសម្គាល់២១។ នេះជាកូនផ្សោតទី៥ ត្រូវបានកត់ត្រា នៅដើមឆ្នាំ២០២៦។

ការងារគ្រប់គ្រង ការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ គឺជាការងារអាទិភាពមួយ នៅក្នុងចំណោមការងារអាទិភាពជាច្រើនផ្សេងទៀត របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ ក្រសួង សូមថ្លែងអំណរគុណចំ ពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សានិងការពារសត្វផ្សោត។ សត្វផ្សោត ដែលត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជារតនសម្បត្តិជាតិមានជីវិតដ៏ពិសិដ្ឋ មានតម្លៃផ្នែកទេស ចរណ៍ និងកំពុងបន្តនាំមកនូវកិត្យានុភាពសម្រាប់កម្ពុជា ទាំងនៅក្នុងតំបន់និងនៅលើឆាកអន្តរជាតិ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កំពុងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សហ គមន៍នេសាទ និងអង្គការដៃគូ ក្នុងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ឱ្យបានជាអតិបរមា ដើម្បីធានានិរន្តរភាពសត្វផ្សោត ក្នុងទន្លេមេគង្គ ឱ្យឋិតថេរគង់វង្ស និងមានចំនួនកើនឡើងកាន់តែច្រើនថែមទៀត សម្រាប់កូនចៅជំនាន់ក្រោយ៕

