Thursday, April 9, 2026
Homeតារាខ្មែរប៉ាច គីមមួយ ឆ្នាំអូន៣២

ប៉ាច គីមមួយ ឆ្នាំអូន៣២

ភ្នំពេញ ៖ ស្រីស្អាត ប៉ាច គីមមួយ បានប្រារព្ធខួបកំណើត គម្រប់៣២ឆ្នាំ កាលពីពេលថ្មីៗនេះ ហើយនាងរីករាយខ្លាំង ព្រោះត្រូវគូដណ្ដឹង លោក សយ រតនៈ ធ្វើពិធីជប់លៀងឲ្យដោយមានតារារួមអាជីពជិតស្និទ្ធបានទៅចូលរួម និងជូនពរនាងផងដែរ ដូចជា លោកឃុន វត្ថា, នួន សុធារ័ក្ស, Eco Vak Song, ឈិន ម៉ានិច្ច និងសោម ស្រីនាថ ជាដើម ។ គីមមួយ ថាខួបឆ្នាំនេះ នាងប៉ងឲ្យក្តីប្រាថ្នាទាំងឡាយបានសម្រេច។

ចំណែកលោក សយ រតនៈ បានថ្លែងសារជូនពរអនាគតប្រពន្ធ ប៉ាច គីមមួយ ថា «រីករាយថ្ងៃខួបកំណើត អូនប៉ាច គីមមួយ ! ជូនពរជោគជ័យគ្រប់ភារកិច្ចការងារ សុខភាព សុភមង្គល និងមានបងប្អូន អ៊ំពូមីង ទាំងក្នុងនិងក្រៅប្រទេសកម្ពុជា ចូលចិត្ត ស្រលាញ់គ្រប់ៗគ្នា»។

ប៉ាច គីមមួយ បានបោះជំហានថ្មី ចូលជ្រកនៅទ្រនំសាន់ដេ ជាមួយគូស្នេហ៍ កាលពីពេលថ្មីៗនេះ ដោយទី១ បើកឆាករបស់នាង «រាំអញ្ចឹង» ទទួលបានការចាប់អារម្មណ៍គួរសម ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ខួបកំណើតឆ្នាំនេះ ប៉ាច គីមមួយ ហាក់មានព្រលឹងជាងមុន ហើយដូចកាលនៅផលិតកម្មចាស់ដែរ គឺនាងនិងសង្សារ ចាប់ ដៃគ្នាច្រៀងជាដៃគូ លើឆាកធំៗតែម្ដងដែលបញ្ជាក់ថា ចំណងស្នេហាពួកគេ នៅតែផ្អែមល្ហែម ទោះជាលុបចោលមង្គលការ កាលពីឆ្នាំ២០២៤ ដោយគ្មានមូលហេតុក្ដី ។

ប៉ាច គីមមួយ ធ្លាប់ប្រាប់អ្នកយកព័ត៌មាន «នគរធំ» ថា នាងចង់រៀបការនៅអាយុ ៣០ឆ្នាំ (២០២៤) ដែលវ័យ នេះ នាងថាមិនក្មេងពេក ឬចាស់ពេក គឺល្មម ប៉ុន្ដែឥឡូវឈានចូលវ័យ៣២ឆ្នាំទៅហើយ នាងនៅតែមិនហ៊ានកំណត់ថ្ងៃរៀបការច្បាស់លាស់ដដែល ។ ទាក់ទងការពន្យារពេលរៀបការនេះ ត្រូវបានគេសន្និដ្ឋានថា អាចមកពីគីមមួយ បារម្ភខ្លាចការប្ដីទៅ លែងត្រូវប៉ាន់ ហើយមិនត្រឹមតែប្រឈមទីផ្សារធ្លាក់ចុះទេ ប៉ុន្ដែថែមទាំងមិនអាចរក្សាតំណែងបានទៀតផង ហេតុនេះហើយបានជានាងមិនចង់ប្រថុយ។ យ៉ាងណា លោក រតនៈ ធ្លាប់ប្រាប់ថា ទោះជារូបលោកនិងអូនគីមមួយ អត់ទាន់បានរៀបការមែន តែពេលនេះ លោកនិងគូដណ្ដឹងរស់នៅផ្ទះក្រោមដំបូលទ្រនំតែមួយទៅហើយ ។ ប៉ុន្ដែលោក រតនៈ សន្យាថា នឹងមិនឲ្យប្រពន្ធយកកូន មុនរៀបការជាដាច់ខាត ព្រោះលោកចង់បានកូនក្រោយរៀបការ មិនមែនយកកូន មុនរៀបការទេ ។

ប៉ាច គីមមួយ បានក្លាយជាអ្នកមេម៉ាយរូបស្អាត ជាច្រើនឆ្នាំ មុនភ្ជាប់ពាក្យជាមួយលោក សយ រតនៈ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២  ហើយអ្នករួមអាជីពដែលស្និទ្ធនាង សឹងគ្រប់គ្នា បានដឹងថា គីមមួយ ស្រលាញ់តែប្រុសក្មេង បើប្រុសវ័យចំណាស់ នាងមិនខ្ចីយកភ្នែកមើលឡើយ ទោះជាមានដុល្លារទាំងបាច់ៗក្ដី ។ ឥឡូវបានដូចចិត្តមែន ព្រោះគីមមួយ រកបានប្ដីក្មេងរូបសង្ហា ហើយពេលនេះ ទោះជាមិនទាន់ប្រាប់ថ្ងៃរៀបការ តែគូស្នេហ៍តារា ១គូនេះ កំពុងប្រឹងសន្សំលុយរួមគ្នា ទាំងចំណូលពីការច្រៀង និងលក់ផលិតផល Online ដើម្បីរៀបការនៅពេលដែលពួកគេគិតថា ដល់ពេលវេលាសមស្រប។ អ្នកខ្លះសរសើរថា គីមមួយ សំណាងបានប្ដីក្មេង ប៉ុន្ដែមួយចំនួនទៀថា លោក រតនៈ ដែលពូកែថ្ពក់បានបេះដូងមេម៉ាយរូបស្អាតនេះ យកឈ្នះគូប្រជែងជាច្រើនទៀត ដែលប្រុសៗទាំងនោះ សុទ្ធតែមានទ្រព្យស្ដុកស្ដម្ភជាងលោក។

អ្នកជំនាញសិល្បៈថា ប៉ាច គីមមួយ អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១ ច្រៀងឲ្យហង្សមាស ១០ឆ្នាំ ពេលនេះ ទៅដល់សាន់ដេ នាងត្រូវប្រជែងតារាស្រីតែ ២ដួងប៉ុណ្ណោះ ដើម្បីដណ្ដើមទីផ្សារចម្រៀង នោះគឺ សុខ ពិសី និងអ៊ីវ៉ា ពោលគឺខុសពីកាលនាងនៅហង្សមាស ដែលពិបាកឈរនៅជូរមុខ ព្រោះកាលនោះ ពេជ្រ សោភា, ឱក សុគន្ធកញ្ញា និងសុគន្ធ និសា មានប្រៀបជាង។ ប៉ុន្ដែបើថៅកែសាន់ដេ ចង់ឲ្យគីមមួយ ឆាប់ប្រែ ប្រួលនោះ រុញនាងឲ្យទៅចាប់ដៃជាមួយលោកឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ ប្រាកដជាមានការចាប់ អា រម្មណ៍ខ្លាំងជាមិនខាន ព្រោះគីមមួយ ធ្លាប់ច្រៀង Cover បទលោកចាន់ឆោម ទទួលបានការគាំទ្រច្រើន ដូចជាបទ «ធ្វើយ៉ាងម៉េចបើអូនបំភ្លេចបងមិនបាន?» និងបទ «ខ្លាចការពិត ត្បិតមិនចង់បែក»…។          

ក្រៅពីប៉ាច គីមមួយ តារាដែលធ្វើខួបកំណើត នៅខែមេសា មានដូចជា អ្នកនាង គង់ សុជាតិ, រ័ត្ន រចនា និងលោកម៉ៅ ហាជី ជាដើម៕

RELATED ARTICLES