ភ្នំពេញ ៖ បុរសម្នាក់ បានឈរឈ្មោះបង់រំលោះម៉ូតូ ឱ្យប្អូនថ្លៃស្រីជិះ លុះក្រោយមក ប្អូនថ្លៃបានយកម៉ូតូទៅបញ្ចាំ ៥០០ដុល្លារ ហើយគេចខ្លួនបាត់ ទុកឱ្យបងថ្លៃត្រូវរ៉ាប់រងបំណុលជំនួស និងត្រូវបានខាងក្រុមហ៊ុនបង់រំលស់ តាមទារលុយជារៀងរាល់ថ្ងៃ ថែមទាំងព្រមានប្តឹងចាប់ ដាក់គុកទៀតផង ជាហេតុធ្វើឱ្យបុរសរូបនេះទាល់តម្រិះ អត់លុយបង់រំលស់បន្ត ក៏សម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ចោលប្រពន្ធនិងកូនខ្ចីដែលទើបតែកើត បាន ១ខែ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីស្ត្រីជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់នាង (បុរសរងគ្រោះ) បានផ្លាស់ខោអាវ ចូលទៅងូតទឹក នៅក្នុងបន្ទប់ទឹក ក្រោយមក ដោយចាំប្តីងូតទឹក យូរពេក មិនឃើញចេញមកវិញ ទើបនាងបានចូលទៅគោះទ្វារបន្ទប់ទឹក ស្រែកហៅ តែមិនឮសំឡេងប្តីឆ្លើយតបសោះ ក៏សម្រេចច្រានទ្វារ ចូលទៅមើល ស្រាប់តែប្រទះឃើញប្តីចងកសម្លាប់ខ្លួន ស្លាប់បាត់ទៅហើយ រួចក៏បានទាក់ទងទៅម្តាយបុរសរងគ្រោះ ឱ្យមកទីតាំងកើតហេតុ។ លុះម្តាយមកដល់ មិនអស់ចិត្ត បានដឹកសពកូនប្រុស (ជនរងគ្រោះ) ទៅមន្ទី រពេទ្យដែរ តែពេលទៅដល់ គ្រូពេទ្យពិនិត្យរួច បញ្ជាក់ប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបដឹកបញ្ជូនសពត្រឡប់មកបន្ទប់ជួលវិញ ដើម្បីឱ្យសមត្ថកិច្ចពិនិត្យ។
តាមប្រភពស្ត្រីជាម្តាយរបស់បុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសគាត់ (ជនរងគ្រោះ) មានវិបត្តិផ្លូវចិត្ត រឿងអត់លុយបង់រំលស់ម៉ូតូ ដែលគេបានឈរឈ្មោះបង់រំលស់ម៉ូតូ ឱ្យប្អូនថ្លៃស្រី តែក្រោយមក ប្អូនថ្លៃនោះ បានបញ្ចាំម៉ូតូ ហើយគេចបាត់ ទុកឱ្យកូនគាត់ រ៉ាប់រងជំនួស និងគ្មានលទ្ធភាពសងបំណុលគេ ក៏គិតខ្លីបែបនេះតែម្តង។

ស្ត្រីជាម្តាយ បានបន្តថា កន្លងមក កូនប្រុសគាត់ បានទៅឈរឈ្មោះបង់រំលស់ម៉ូតូ ឱ្យប្អូនថ្លៃស្រី ដោយប្អូនថ្លៃ ជាអ្នករកលុយបង់ ចំណែកកូនប្រុសគាត់ គ្រាន់តែឈរឈ្មោះប៉ុណ្ណោះ លុះក្រោយមក ស្រាប់តែប្អូនថ្លៃនោះ បានយកម៉ូតូដែលបង់រំលស់មិនទាន់ដាច់នៅឡើយ យកទៅ ដាក់បញ្ចាំ បានប្រាក់ ៥០០ដុល្លារ រួចគេចខ្លួនបាត់ លែងខ្វល់ខ្វាយរឿងបង់រំលស់ម៉ូតូ ចំណែកម៉ូតូដែលបញ្ចាំនោះ ក៏ដាច់បាត់ទៀត។ រីឯកូនប្រុសគាត់ដែលជាអ្នក ឈរឈ្មោះ ត្រូវរ៉ាប់រងបង់ជំនួស តែគេគ្មានលទ្ធភាព ទើបត្រូវបានខាងក្រុមហ៊ុនបង់រំលស់ តាមទារលុយជារៀង រាល់ថ្ងៃ ក្នុង១ថ្ងៃ ទូរស័ព្ទទារ មិនក្រោម ៤-៥ដង នោះទេ រហូតដល់ចុងក្រោយ ឮកូនប្រុសប្រាប់គាត់ថា ខាងក្រុមហ៊ុនគេ ព្រមានថា គេបានដាក់រឿងនេះឱ្យមេធាវី ដើម្បីប្តឹងផ្តល់ហើយ ហេតុនេះ អាចពាក់ព័ន្ធនឹងគុកច្រវាក់ទៀតផង ធ្វើឱ្យកូនប្រុសគាត់ ពិបាកចិត្តខ្លាំងណាស់។
ស្ត្រីជាម្តាយ បានបញ្ជាក់ថា លុះមកដល់ថ្ងៃកើតហេតុ កូនប្រុសគាត់ មិនបានទៅធ្វើការងារនោះទេ និងមានទឹកមុខស្រងូតស្រងាត់ប្លែកខុសធម្មតា ដែលសង្ស័យត្រូវក្រុមហ៊ុនបង់រំលស់តាមទារលុយតែម្តង។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុ មានការភ្ញាក់ផ្អើលថា កូនប្រុសគាត់ ចងកសម្លាប់ខ្លួន ទើបគាត់ប្រញាប់មកមើលកូន និងមិនអស់ចិត្ត ក៏ដឹកទៅពេទ្យ តែពេទ្យប្រាប់ថា កូនប្រុសរបស់គាត់ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបដឹកសពត្រឡប់មកវិញ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចទាក់ទងទៅមន្ត្រីជំនាញកោសល្យវិច័យ ឱ្យចុះមកពិនិត្យសព ។ ក្រោយពិនិត្យរួច សមត្ថកិច្ចជំនាញ បញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនប្រាកដមែន។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃ ណី៕