Wednesday, May 27, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ចោរស្រី លួចបន្តោងប្លាទីន ជាង១តម្លឹង

ចាប់ចោរស្រី លួចបន្តោងប្លាទីន ជាង១តម្លឹង

ខេត្តកណ្តាល ៖ នារីរូបស្រស់ម្នាក់ បានចូលទៅហាងលក់មាស ១កន្លែង បំណងផ្សារខ្សែដៃរបស់ខ្លួនដែលដាច់ លុះឆ្លៀតពេលស្ត្រីជាម្ចាស់ហាង កំពុងជាប់រវល់លក់ដូរ ភ្លេចខ្លួន ស្រាប់តែនារីជើងល្អ បានលូកដៃចូលក្នុងទូ មាស លួចយកគ្រឿងអលង្ការ បន្តោងប្លាទីន សរុបចំនួន ១៣បន្តោង ញាត់លាក់ទុកក្នុងហោប៉ៅ តែភ្លាមនោះ ត្រូវបានម្ចាស់ហាងប្រទះឃើញ ក៏ចាប់ក្របួចជាប់ រួចទូរស័ព្ទប្តឹងសមត្ថកិច្ចចុះ ឃាត់ខ្លួនចោរស្រីដៃឆើត យកទៅចាត់ការតាមច្បាប់។

ករណីលួចគ្រឿងអលង្ការនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចហាងលក់គ្រឿងអលង្ការ ១កន្លែង ក្នុងផ្សារកោះធំ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

នារីសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះចិត្រ ស៊ីណា អាយុ២២ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិល្វាទោង ឃុំកំពង់កុង  ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះ មានឈ្មោះស៊ឹម សាមិត្ត ភេទស្រី អាយុ៥០ឆ្នាំ មុខរបរជាម្ចាស់ហាងលក់មាស និងប្លាទីន មានលំនៅ ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ចំណែកសម្ភារៈដកហូត រួមមាន ១-បន្តោងប្លាទីន ចំនួន១៣បន្តោង  ទម្ងន់១តម្លឹង ១ជី ៩ហ៊ុន (ជារបស់ជនរង គ្រោះ)។ ២- ខ្សែដៃរំយោល (កណ្តឹងមូល) ១ខ្សែ ទម្ងន់២ជី (ជារបស់ជនសង្ស័យ)។ ៣-ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ សេរីឆ្នាំ២០២៥  ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ កណ្តាល 1AT-7219 (ជារបស់ជនសង្ស័យ)។ ៤-ទូរស័ព្ទ ១គ្រឿង ម៉ាក  iPhone ពណ៌ទឹកសមុទ្រ (ជារបស់ជនសង្ស័យ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ជន សង្ស័យបានជិះម៉ូតូ ១គ្រឿង ម៉ាកហុង ឌ្រីម សេ ១២៥ ស៊េរីឆ្នាំ២០២៥ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ កណ្តាល 1AT-7219 ដោយបានជិះដឹកប្អូនថ្លៃស្រី ឈ្មោះថុល ចាន់ណា អាយុ១១ឆ្នាំ រស់នៅភូមិជាមួយគ្នា ចេញពីផ្ទះ នៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ គោលបំណងមកផ្សារកោះធំ ដើម្បីយកខ្សែដៃប្លាទីន របស់ខ្លួន ដែលបានដាច់នោះ យកមកឱ្យហាងលក់មាស នៅផ្សារកោះធំ ដើម្បីឱ្យផ្សារនិងជួសជុលឱ្យ។

ប្រភពដដែល បន្តថា នៅពេលមកដល់ បានជួបនឹងជនរងគ្រោះ ដែលជាម្ចាស់ហាងលក់មាស ក៏បាននិយាយប្រាប់ឱ្យជួយយកខ្សែដៃ ទៅឱ្យជាងជួយផ្សារ ឱ្យខ្លួនផង។ នៅពេលជនរងគ្រោះកំពុងតែជាប់រវល់លក់ដូរឱ្យភ្ញៀវ ឃើញមានឱកាសល្អ ទើបជនសង្ស័យបានធ្វើសកម្មភាព លូកដៃចូលទៅលួចយកគ្រឿងអលង្ការ បន្តោងប្លាទីន របស់ជនរងគ្រោះ ដែលបានដាក់តាំងបញ្ឈរលក់នៅលើទូកញ្ចក់ មានដូចជា បន្តោងខ្សែក ចំនួន១៣បន្តោង យកមកលាក់ទុកនៅក្នុងហោប៉ៅខោខាងស្តាំរបស់ខ្លួន ភ្លាមនោះស្រាប់តែម្ចាស់ហាងលក់មាស បានមើលឃើញ ក៏ស្ទុះទៅចាប់ឃាត់ជនសង្ស័យទុក និងបានដកហូតយកបន្តោងប្លាទីន ទាំងនោះយកមកវិញ។

ក្រោយមកបន្តិច ទើបម្ចាស់ហាងលក់មាស បានរាយការណ៍ប្តឹងទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី ចុះជួយអន្តរាគមន៍ និងនាំយកជនសង្ស័យខាងលើ ទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES