Tuesday, June 2, 2026
Homeព័ត៌មានជាតិស៊ីប៊ីស៊ី ណែនាំការលើកកម្ពស់តម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព

ស៊ីប៊ីស៊ី ណែនាំការលើកកម្ពស់តម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព

ភ្នំពេញៈ ជាចំណែកមួយនៃការលើកកម្ពស់ការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព ក្រុមហ៊ុនក្រេឌីត បូរ៉ូ ខេមបូឌា (Credit Bureau Cambodia / CBC) បានណែនាំពីសារសំខាន់នៃតម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដោយក្នុងនោះ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជួយពង្រីក និងធ្វើឱ្យមានតម្លាភាពក្នុងការទទួលបានឥណទាន ការពារពីបំណុលលើសលប់ ជួយធ្វើឱ្យឥណទានមានភាពល្អប្រសើរជាងមុន ជួយធ្វើឱ្យវិស័យហិរញ្ញវត្ថុមានស្ថិរភាព បង្កើនភាពប្រកួតប្រជែង និងជំរុញការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ ។

សូមបញ្ជាក់ថា ក្នុងគោលបំណងជំរុញកិច្ចសហការរវាងប្រព័ន្ធផ្សព្វផ្សាយ និងវិស័យហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាពិសេសការប្រើប្រាស់សេវាឥណទានប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការចូលរួមផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីឲ្យសាធារណជនយល់ដឹងអំពីសិទ្ធ និងកិច្ចការពារអតិថិជនព័ត៌មានគ្រប់ជ្រុងជ្រោយ និងប្រកបដោយទំនុកចិត្ត ក្រុមហ៊ុន Credit Bureau Cambodia (CBC) សហការជាមួយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) រៀបចំកម្មវិធីកិច្ចពិភាក្សារវាងអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ស្ដីពីប្រធាន “ការលើកកម្ពស់ការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព” ។

កិច្ចពិភាក្សាខាងលើ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ អូកវូដ ព្រីមៀ ភ្នំពេញ (បឹងកក់) ដោយមានការអញ្ជើញចូលពីអ្នកជំនាញមកពីស្ថាប័នធនាគារជាតិ នៃកម្ពុជា ស្ថាប័នហិរញ្ញវត្ថុឯកជន និងអ្នកសារព័ត៌មានមកពីច្រើនស្ថាប័ន ។

របៀបវារៈសំខាន់ៗនៃវេទិកានោះ រួមមាន សន្ទរកថាស្វាគមន៍ដោយលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) , សន្ទរកថាស្វាគមន៍ដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, បទបង្ហាញអំពីតួនាទីនៃប្រព័ន្ធចែករំលែកព័ត៌មានឥណទានក្នុងការលើកកម្ពស់តម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ និងការប្រើឥណទានប្រកបដោយសុវត្ថិភាព ដោយលោក ខុម ច័ន្ទតារា នាយកប្រតិបត្តិការនៃក្រុមហ៊ុនក្រេឌីត បូរ៉ូ ខេមបូឌា, បទបង្ហាញអំពីការយល់ដឹងអំពីសិទ្ធ និងកិច្ចការពារអតិថិជន៖ មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ឥណទានប្រកដោយសុវត្ថិភាព ដោយលោក ហេង កួយ នាយកមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ, វេទិកាកិច្ចពិភាក្សា និងសំណួរចម្លើយ ប្រធានបទ៖ ការលើកកម្ពស់ការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ ផ្ដោតលើការពង្រឹងការយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការប្រើប្រាស់សេវាឥណទាន ការចូលរួមរបស់វិស័យហិរញ្ញវត្ថុ និងអ្នកសារព័ត៌មាន ការចែករំលែកអំពីបរិបទ និងគន្លឹះក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ លើកកម្ពស់ដំណោះស្រាយប្រកបដោយការចូលរួម ដើម្បីជំរុញការប្រើប្រាស់សេវាឥណទានប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ ដែលមានវាគ្មិនកិត្តិយស ចំនួន៤រូប គឺ១. លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប៊ូរ៉ូ ខេមបូឌា ២. លោកស្រី ម៉ក់ រស្មី អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ នៃធនាគារជាតិ នៃកម្ពុជា ៣. លោក តូច ចៅចេក ប្រធានគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ នៃសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ប្រៃសណីយ៍កម្ពុជា ៤. លោក លាង ដឺលុច នាយកប្រតិបត្តិ នៃក្លិបអ្នកកាសែតកម្ពុជា និងអ្នកសម្របសម្រួល លោក សុខ ចាន់ នាយកទំនាក់ទំនងសាធារណៈ នៃសមាគមធនាគារនៅកម្ពុជា ។

នៅក្នុងសន្ទរកថាស្វាគមន៍ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា វេទិកាពិភាក្សាស្តីពី «ការលើកកម្ពស់ការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព» មានសារៈសំខាន់ក្នុងការពង្រឹងចំណេះដឹង និងការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីវិស័យហិរញ្ញវត្ថុ តាមរយៈការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។ លោកបានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន ដើរតួនាទីជាស្ពានចម្លងព័ត៌មានដ៏សំខាន់ ក្នុងការនាំយកព័ត៌មានត្រឹមត្រូវ និងចំណេះដឹងពាក់ព័ន្ធនឹងការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ ទៅកាន់សាធារណជន ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ មានប្រសិទ្ធភាព និងសុវត្ថិភាព ។ ផ្ដើមពីចំណេះដឹងនេះ អ្នកសារព័ត៌មាន នឹងផ្សព្វផ្សាយបន្ត ដល់សាធារណជនបានយល់ដឹង និងមានការសម្រេចចិត្តត្រឹមត្រូវលើការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ ហានិភ័យកម្រិតទាប។


នៅក្នុងបទបង្ហាញអំពីតួនាទីនៃប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ក្នុងការលើកកម្ពស់តម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិការនៃក្រុមហ៊ុនក្រេឌីត បូរ៉ូ ខេមបូឌា បានលើកឡើងពីសារៈសំខាន់នៃតម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលមាន៥ចំណុច រួមមាន ១. បង្កើតនូវទំនុកចិត្តរវាងគ្រប់ភាគី អ្នកផ្តល់សេវា និងអតិថិជន ២. កាត់បន្ថយនូវហានិភ័យហិរញ្ញវត្ថុ (ឥណទាន សន្សំ…) ៣. ជួយឱ្យការសម្រេចចិត្តបានត្រឹមត្រូវ សម្រាប់គ្រប់ភាគី ៤. ទប់ស្កាត់នូវការបន្លំផ្សេងៗ និង៥. លើកកម្ពស់ស្ថិរភាព និងវឌ្ឍនភាពប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ ។


ជាមួយគ្នានោះដែរ តួនាទីរបស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទានក្នុងការលើកកម្ពស់តម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅក្នុងបទបង្ហាញ បញ្ជាក់ថា មាន៦ចំណុច រួមមានៈ

១. កាត់បន្ថយនូវព័ត៌មានមិនស្មើគ្នាៈ ពីមុនអតិថិជនដឹងព័ត៌មានខ្លួនច្រើនជាងធនាគារ

២. ការប្រមូលព័ត៌មានឥណទានពីគ្រប់សមាជិកៈ ប្រមូលពីគ្រប់សមាជិក ព័ត៌មានមានស្ដង់ដារតែមួយ (ធាតុដែលតម្រូវដូចជាព័ត៌មានអតិថិជន គណនីឥណទាន ការបង់សង…)

៣. ជំរុញការប្រកួតប្រជែងស្មើភាពៈ សមាជិកទាំងអស់ អាចចូលប្រើប្រាស់ព័ត៌មានបានដូចគ្នា មិនថាគ្រឹះស្ថានធំ ឬតូច

៤. បង្ហាញព័ត៌មានតាមរយៈរបាយការណ៍ឥណទានព័ត៌មានដែលផ្តល់ជូនមានស្ដង់ដារតែមួយ ត្រឹមត្រូវ បានធ្វើបច្ចុប្បន្នភាព

៥. សិទ្ធិរបស់អតិថិជន ត្រូវបានការពារ អតិថិជនមានសិទ្ធិស្នើសុំកែតម្រូវព័ត៌មានដែលមិនត្រូវក្នុងរបាយការណ៍ឥណទានរបស់ខ្លួន អតិថិជនមានសិទ្ធិស្នើរបាយការណ៍ឥណទានខ្លួន ពីស៊ីប៊ីស៊ី បានម្ដងក្នុង១ឆ្នាំ ដោយមិនគិតកម្រៃ

៦. អនុលោមតាមប្រកាសស្តីពីការចែករំលែកព័ត៌មានឥណទានៈ ព័ត៌មានឥណទានវិជ្ជមាន នឹងបង្ហាញក្នុងរបាយការណ៍ឥណទានអតិថិជន រយៈពេល១០ឆ្នាំ រាប់ចាប់ពីថ្ងៃទូទាត់សងគ្រប់ចំនួន ព័ត៌មានឥណទានអវិជ្ជមាន នឹងបង្ហាញក្នុងរបាយការណ៏ឥណទានអតិថិជនរយៈពេល៣ឆ្នាំ រាប់ចាប់ពីថ្ងៃទូទាត់សងគ្រប់ចំនួន ព័ត៌មានមូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនី នឹងបង្ហាញក្នុងរបាយការណ៏ឥណទានអតិថិជន រយៈពេល២ឆ្នាំ រាប់ចាប់ពីថ្ងៃប្រគល់ត្រឡប់ទៅគ្រឹះស្ថាន ។


ចំពោះសារៈសំខាននៃប្រព័ន្ធចែករំលែកព័ត៌មានឥណទាន សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រួមមានៈ

-ពង្រីកការទទួលបានឥណទានៈ ជួយពង្រីក និងធ្វើឱ្យមានតម្លាភាពក្នុងការទទួលបានឥណទាន តាមរយៈការកាត់បន្ថយនូវគម្លាតព័ត៌មានរវាងអ្នកខ្ចីប្រាក់ និងអ្នកផ្តល់កម្ចី។ អតិថិជនល្អៗអាចទទួលបានភាពងាយស្រួលជាងមុន និងការចំណាយតិចជាងមុន ទៅលើឥណទានរបស់ពួកគេផងដែរ។
– ការការពារពីបំណុលលើសលប់ៈ ការពារពីបំណុលលើសលប់ តាមរយៈការផ្តល់នូវព័ត៌មានលម្អិតដល់អ្នកផ្ដល់កម្ចី ឱ្យស្វែងយល់កាន់តែប្រសើរអំពីបំណុលសរុបរបស់អតិថិជន ហើយអាចវាយតម្លៃពីលទ្ធភាពសងបំណុលត្រឡប់វិញ។
-គុណភាពឥណទានៈ ជួយធ្វើឱ្យឥណទានមានភាពល្អប្រសើរជាងមុន តាមរយៈការជួយឱ្យអ្នកផ្ដល់កម្ចី អាចវាយតម្លៃពីហានិភ័យឥណទានបានសុក្រឹតជាងមុន និងបង្កើនគុណភាពផលប័តឥណទាន។
-ពង្រឹងស្ថិរភាពវិស័យហិរញ្ញវត្ថុៈ ជួយធ្វើឱ្យវិស័យហិរញ្ញវត្ថុមានស្ថិរភាព ដោយផ្ដល់នូវភាពវិជ្ជមាន និងប្រសិទ្ធភាព សម្រាប់គាំទ្រដល់ការគ្រប់គ្រងធនាគារ និងការតាមដានហានិភ័យជាប្រព័ន្ធ។
-បង្កើនភាពប្រកួតប្រជែងៈ បង្កើនភាពប្រកួតប្រជែង និងជំរុញការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ។

សម្រាប់អតិថិជន ទទួលបានៈ

១. បង្កើនភាពងាយស្រួលក្នុងការទទួលបានឥណទានជាមួយអត្រាការប្រាក់សមរម្យអាស្រ័យលើប្រវត្តិឥណទាន និងលទ្ធភាពសងរបស់អតិថិជន។
២. ជួយពន្លឿនដំណើរការអនុម័តឥណទាន និងជួយឱ្យអតិថិជនអាចទទួលបានឥណទានលឿនជាងមុន។
៣. បង្កើតជម្រើសក្នុងការស្នើ ជួយសម្រួលដល់អតិថិជនសុំឥណទានពីអ្នកផ្តល់ ដែលធ្លាប់មានប្រវត្តិឥណទានផ្សេងៗគ្នា ដែលជួយជំរុញឱ្យមាន ការប្រកួតប្រជែង និងបង្កើតនូវផលឥណទានថ្មីៗ ។

៤. ជួយសម្រួលដល់អតិថិជន ដែលធ្លាប់មានប្រវត្តិឥណទានមិនល្អ ក្នុងការស្ដារប្រវត្តិឥណទានទាំងនោះឡើងវិញ ដើម្បីអាចស្វែងរកឥណទានថ្មីក្នុងអត្រាការប្រាក់សមរម្យ។
ក្នុងកិច្ចសហការក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព កម្មវិធី “វិថីហិរញ្ញវត្ថុ” គឺជាកម្មវិធីមួយ ដែលចូលរួមគាំទ្រកិច្ចសហការរវាងសមាគមធនាគារនៅកម្ពុជា សមគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា ។ កម្មវិធីនេះ ផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងគោលបំណងពង្រឹងចំណេះដឹងហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ និងជួយឱ្យសាធារណជនសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ និងចំគោលដៅ ។

ពាក់ព័ន្ធដល់គម្រោងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ស៊ីប៊ីស៊ី ចូលរួមគាំទ្រសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ក្រោមការដឹកនាំរបស់ធនាគារជាតិ នៃកម្ពុជា និងសមាគមមីកូ្រហិរញ្ញវត្ថុកម្ពុជា ដែលជាគំនិតផ្ដួចផ្ដើមក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន។
ក្នុងនាមជាគណៈកម្មាធិការដឹកនាំថ្នាក់កណ្តាល និងគណៈកម្មាធិការប្រតិបត្តិនៃគម្រោង ស៊ីប៊ីស៊ី ចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយដល់សហគមន៍ ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវទូទាំងប្រទេស ៕
          ​​

                  

RELATED ARTICLES