ខេត្តកំពង់ស្ពឺៈ ផ្ទះសំណាក់ ១កន្លែង រួមនិងអាហារដ្ឋាន (កន្លែងផឹកស៊ី) ១កន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចជំ នាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ឆ្មក់បង្ក្រាប បន្ទាប់ពីរកឃើញថា ជាទីតាំងប្រព្រឹត្តអំពើសញ្ចារកម្ម និងពេស្យាចារ ដោយខុសច្បាប់ (មានស្រីក្មេងៗ ចាំទទួលភ្ញៀវរួមភេទ) ដោយក្នុងនោះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផ្ទះសំណាក់ ម្ចាស់អាហារដ្ឋាន រួមនិងមេការ សរុប៣នាក់ ព្រមទាំងរំដោះនារីក្មេងៗ សរុបចំនួន១៨នាក់ (អនីតិជន១០នាក់)។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចអាហារដ្ឋាន «ឫស្សីព្រៃ ៤៤៤» ស្ថិតក្នុងភូមិផាន ឃុំទួលអម្ពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងផ្ទះសំណាក់ «ឆូវ សុភាក់» ស្ថិតក្នុងភូមិត្រពាំងទន្លាប់ ឃុំទួលអម្ពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការដឹកនាំពីលោកស្រី ងិន សុគន្ធា ស្នងការរង ទទួលផែន ដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី ធាម ច័ន្ទពីលីការ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញដឹកនាំដោយលោកស្រី មួន មល្លិកា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានចុះប្រតិបត្តិការដល់ទីតាំងអាហារដ្ឋាន «ឫស្សីព្រៃ ៤៤៤» ស្ថិតនៅភូមិផាន ឃុំទួលអំពិល ស្រុកបសេដ្ឋ និងផ្ទះសំណាក់យីហោ ឆូវ សុភាក់ ស្ថិតនៅភូមិត្រពាំងទន្លាប់ ឃុំទួលអម្ពិល ស្រុកប សេដ្ឋ ដែលបានផ្តល់ទីតាំងប្រព្រឹត្តអំពើសញ្ចារកម្មនិងពេស្យាចារ ដោយខុសច្បាប់ (មានស្រីក្មេងៗ ចាំទទួលភ្ញៀវរួមភេទ)។

តាមការបញ្ជាក់ពីលោកស្រីនាយការិយាល័យ ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ចំនួន៣នាក់ ក្នុងនោះម្ចាស់ផ្ទះសំណាក់ ចំនួន១នាក់ ម្ចាស់អាហារដ្ឋាន ១នាក់ និងមេការហាង ១នាក់ ព្រមទាំងបានធ្វើអន្តរាគមន៍សង្គ្រោះនារីដែលកំពុងតែប្រកបមុខរបរខុសច្បាប់ សរុបចំនួន១៨នាក់ (អនីតិជន ចំនួន១០នាក់)។

ក្រោយបញ្ចប់ប្រតិបត្តិការ ជនសង្ស័យពាក់ព័ន្ធ ចំនួន៣នាក់ (ម្ចាស់ផ្ទះសំណាក់ ម្ចាស់អាហារដ្ឋាន និងមេការហាង) ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី។ រីឯក្មេងស្រី ត្រូវបានសហការពិនិត្យជាមួយអង្គការដៃគូ មន្ទីរកិច្ចការនារីខេត្តកំពង់ស្ពឺ ដើម្បីប្រគល់ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទារ និងមុខរបរដែលអាចជាថ្នាលពន្លឺថ្មី៕