Wednesday, June 17, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គម នាំចូលសាច់បង្កកថៃ បញ្ជូន២នាក់ ទៅតុលាការ

 នាំចូលសាច់បង្កកថៃ បញ្ជូន២នាក់ ទៅតុលាការ

ភ្នំពេញ ៖ ថៅកែនាំចូលសាច់បង្កកពីថៃ ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធនឹងការនាំចូលសាច់បង្កក ជង្គង់មាន់ ស្លាបមាន់ ជើងមាន់ និងគ្រឿងក្នុងមាន់ ពីប្រទេសថៃ ដោយខុសច្បាប់។

 ជនសង្ស័យទាំងពីរនាក់ ដែលត្រូវបានបញ្ជូនទៅតុលាការ ទី១ ឈ្មោះ ភុត ប៊ុនហម ជាស្វាមីរបស់ស្រី្តឈ្មោះ អ៊ឹម សុផាន់ណារ៉ា ម្ចាស់ឃ្លាំងស្តុកសាច់បង្កក មួយកន្លែង ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងទី២ ឈ្មោះអ៊ុក សុក្របញ្ញារិទ្ធ មេការឃ្លាំងមួយកន្លែង ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ក្រៅពីបញ្ជូនជនសង្ស័យទាំងពីរនាក់ខាងលើ ទៅតុលាការ សមត្ថកិច្ចក៏កំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនមនុស្សពាក់ព័ន្ធផ្សេងទៀត ដែលសង្ស័យជាប់ពាក់ព័ន្ធក្នុងបណ្តាញនាំចូលនិងចែកចាយសាច់បង្កកខុសច្បាប់ មកផ្ដន្ទាទោសតាមច្បាប់ផងដែរ ខណៈដែលតាមប្រភពព័ត៌មានបានឱ្យដឹងថា ត្រឹមតែសំណុំរឿងដែលពាក់ព័ន្ធនឹងថៅកែ ទាំង២នាក់ខាងលើនេះ អាជ្ញាធររាជធានីភ្នំពេញ និងសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរកឃើញនិងដកហូតសាច់បង្កក នាំចូលពីប្រទេសថៃ មានបរិមាណសរុបដល់ទៅជាង ២០០តោន។

 គួរបញ្ជាក់ថា ករណីនេះ ត្រូវបានមើលឃើញថា ជាវិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបការនាំចូលម្ហូបអាហារខុសច្បាប់ ការពារសុខភាពសាធារណៈ និងទប់ស្កាត់ការបាត់បង់ចំណូលពន្ធរបស់រដ្ឋ និងជាការធ្វើឡើងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សកាន់អំ ណាច (គណបក្សប្រជាជនកម្ពុជា) និងជាប្រមុខរដ្ឋស្ដីទី បន្ទាប់ពីសម្ដេច បានប្រកាសថា នឹងសាកសួរថៅកែពាក់ព័ន្ធនាំចូលសាច់បង្កកថៃ ដោយផ្ទាល់ ដើម្បីស្វែងរកអ្នកនៅពីក្រោយខ្នង និងមន្ត្រីពាក់ព័ន្ធ ដែលជាប់ សង្ស័យក្នុងការគប់គិត ឬបណ្តោយឱ្យមានការនាំចូលទំនិញខុសច្បាប់ ឆ្លងកាត់ព្រំដែន ដោយអ្នកពាក់ព័ន្ធទាំងអស់ នឹងត្រូវនាំមកទទួលខុសត្រូវចំពោះមុខច្បាប់។

 គួររំលឹកថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ច និងជំនាញចម្រុះបានរកឃើញទីតាំងស្តុកទំនិញនិងសាច់បង្កកខុសច្បាប់ ចំនួន ៣ទីតាំង ស្ថិតក្នុងខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ និងខណ្ឌឫស្សីកែវ ។ ក្នុងចំណោមទីតាំងទាំង៣នេះ មាន ២ទីតាំងដែលកម្លាំងចម្រុះរកឃើញទំនិញមានស្លាកសញ្ញាអក្សរថៃ គិតសរុបជាង ២៤១តោន ហើយត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែង បញ្ជូននសំណាកទៅវិភាគរកមេរោគ និងសារធាតុគីមីហាមឃាត់ ខណៈទំនិញនិងសាច់បង្កកដែលរកឃើញ ត្រូវបានហាមឃាត់ មិនឱ្យចែកចាយលក់ ។

 បើតាមតួលេខពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៅក្នុងខណ្ឌព្រែកព្នៅ កម្លាំងចម្រុះរកឃើញមានទំនិញអក្សរថៃ ចំនួន ២ប្រភេទ បរិមាណ ២១៥កញ្ចប់ ស្មើនឹង ៤៣០គីឡូក្រាម។ ចំណែកទីតាំងស្តុកទំនិញនិងសាច់បង្កក នៅខណ្ឌឫស្សីកែវ កម្លាំងចម្រុះ រកឃើញផលិតផលជាអក្សរថៃ ចំនួន២៥ ប្រភេទ បរិមាណ ១២០៩កេស ស្មើនឹង២១៨ ៦៩៣គីឡូក្រាម ៕

RELATED ARTICLES