ខេត្តកំពង់ស្ពឺ ៖ ភ្លៀង ១មេធំ លាយខ្យល់កន្ត្រាក់ បានបោកបក់វាយប្រហារទៅលើវត្តចំបក់ពោធិ៍ពាន់ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឱ្យរលំដើមឈើ សង្កត់ ខូចខាតកុដិ អគារសិក្សា និងប៉ើងរប៉ើកដំបូល ខូចខាត ព្រមទាំងបាក់ ដួលរលំដើមឈើ តូចធំ ច្រើនដើមទៀតផង។

ករណីមេឃភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងបរិវេណវត្តចំបក់ពោធិ៍ពាន់ ស្ថិតក្នុងឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

យោងតាមប្រភពព្រះចៅអធិការវត្តចំបក់ពោធិ៍ពាន់ បានឱ្យដឹងថា មានករណីមេឃភ្លៀងលាយខ្យល់កន្ត្រាក់ បានបោកបក់មកលើទីតាំងវត្ត បណ្តាលឱ្យរងការខូចខាត រួមមាន រប៉ើកដំបូលសាលាឆាន់ ខូចខាតកុដិលោក ចំនួន១ខ្នង កុដិយាយជី ចំនួន២ខ្នង ព្រះពុទ្ធរូបថ្ម ១អង្គ ដើមអម្ពិលធំ ១ដើម ដើមពោធិ៍ជ្រៃធំ១ និងពោធិ៍តូច ២ ដើម ដើមព្រីង ១ដើម ដើមពុទ្រា ១ដើម ដើមធ្នង់ ១ដើម ដើមត្នោត ១ដើម រនាំងលម្អ ១២រនាំង។ ចំពោះព្រះ សង្ឃ និងយាយជី មានសុវត្ថិភាព។

ដោយឡែក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រកាសឱ្យដឹងកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ថា គ្រោះធម្មជាតិខ្យល់ កន្ត្រាក់ បានវាយប្រហារមកលើស្រុកសំរោងទង បណ្តាលឱ្យខូចខាត ផ្ទះសម្បែង វត្តអារាម សាលារៀន (វិទ្យាល័យហ៊ុនសែន ចំបក់) និងបាក់បង្គោលភ្លើង ដាច់ចរន្តអគ្គិសនីជាច្រើនតំបន់។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា គ្រោះធម្មជាតិ ភ្លៀងលាយខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានបង្កឱ្យមានការខូចខាតសម្ភារៈ ផ្ទះសម្បែងប្រជាពលរដ្ឋ និងវត្តអារាម នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ បានបង្កឱ្យមានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយសំរោងទង (GS78/F2) និងបាក់បង្គោលតង់ស្យុងមធ្យម MV មួយដើម នៅភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ក្នុងខេត្តកំពង់ស្ពឺ មួយផ្នែកនៃសង្កាត់រកាធំ ក្រុងច្បារមន ឃុំវល្លិស និងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបន្តថា ពេលមេឃភ្លៀង សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕
