
ភ្នំពេញ ៖ បន្ទាប់ពីក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន រម្លឹកនិងព្រមានគណបក្សនយោបាយទាំងអស់ថា រាល់ការទទួលវិភាគទានពីភាគីបរទេស ទោះក្នុងរូបភាពណាក៏ដោយ គឺជាសកម្មភាពផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន អាចផាកពិន័យជាប្រាក់ និងអាចត្រូវប្ដឹងរំលាយគណបក្សនយោបាយនោះ ទៅតុលាការកំពូល ក្រោយពីកាសែតបរទេស ផ្សាយថា មានគណបក្ស ចំនួន៥ ដែលជាគណបក្សប្រឆាំងនៅកម្ពុជា គឺគណបក្សភ្លើងទៀន ឆន្ទៈខ្មែរ ប្រជាធិបតេយ្យមូលដ្ឋាន កែទម្រង់កម្ពុជា និងគណបក្សកម្ពុជានិយម (ប្រជាធិបតេយ្យជឿនលឿន) នឹងរួមគ្នាទទួលបានជំនួយសហរដ្ឋអាមេរិក មកនោះ តំណាងគណបក្សទាំង៥ បានបញ្ជាក់ជំហរមិនធ្វើខុសច្បាប់គណបក្សនយោបាយ ដោយបដិសេធទទួលជំនួយអាមេរិក ២លានដុល្លារ ខ្លាចត្រូវប្តឹងរំលាយដូចខ្មោចបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ។
ក្នុងចំណោមគណបក្ស ទាំង៥ ដែលសុទ្ធតែបង្កើតឡើងដោយអតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សសម្ព័ន្ធភាពឆ្ពោះទៅអនាគត បានចេញសេចក្ដីថ្លែងការណ៍ បញ្ជាក់ជំហររបស់គណបក្សទាំងពីរ គោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ជាធរមាននានា នៃព្រះរាជាណាចក្រកម្ពុជា និងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យងាកមកផ្តោតលើការពង្រឹងការប្រកួតប្រជែងនយោបាយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ មានជម្រើសពិតប្រាកដក្នុងការសម្រេចវាសនាប្រទេសជាតិ ក្នុងគោលបំណងតែមួយគត់ គឺការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
សេចក្ដីថ្លែងការណ៍ របស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទ:ខ្មែរ ចុះថ្ងៃពុធ ១០ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា “គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានឃើញសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌា The Sunday Guardian អំពីការគាំទ្រផ្នែកហិរញ្ញវត្ថុពីភាគីបរទេស ចំពោះគណបក្សនយោបាយនៅកម្ពុជា។
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ សូមបញ្ជាក់ជំហរថា គណបក្សទាំងពីរ គោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ជាធរមាននានា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ យល់ឃើញថា អនាគតនយោបាយ និងភាពរឹងមាំរបស់គណបក្សទាំងពីរ គឺពឹងផ្អែកទាំងស្រុងលើការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការដាក់ចេញនូវគោលនយោបាយ ការខិតខំបម្រើផលប្រយោជន៍សាធារណៈ និងការចូលរួមតាមគន្លងប្រជាធិបតេយ្យ។ ទន្ទឹមគ្នានេះ គណបក្សទាំងពីរ ចង់ឃើញការអនុវត្តច្បាប់ ត្រូវតែប្រព្រឹត្តទៅដោយស្មើភាព គ្មានការរើសអើង និងគោរពតាមគោលការណ៍នីតិរដ្ឋពិតប្រាកដ។
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យងាកមកផ្តោតលើការពង្រឹងការប្រកួតប្រជែងនយោបាយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋមានជម្រើសពិតប្រាកដ ក្នុងការសម្រេចវាសនាប្រទេសជាតិ ក្នុងគោលបំណងតែមួយគត់ គឺការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព” ។
បន្ថែមលើសេចក្ដីថ្លែងការណ៍ខាងលើនេះ លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ថា ក្នុងនាមជាគណបក្សក្រៅរដ្ឋាភិបាល តែងតែបន្តអនុវត្តនូវគោលនយោបាយ និងទំនាក់ទំនងផ្នែកការទូត ជាមួយបណ្តាប្រទេសនានា ដើម្បីឲ្យបណ្ដាស្ថានទូតទាំងអស់នោះ ជំរុញរាជរដ្ឋាភិបាលកម្ពុជា បើកលំហលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ឲ្យបានទូលំទូលាយឡើងវិញ។ ដូច្នេះមិនមានហេតុផលណាមួយ ដែលប្រទេសទាំងអស់នោះ ត្រូវគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយផ្ទាល់ឬក៏ដោយប្រយោល មកឲ្យគណបក្សនយោបាយក្រៅរដ្ឋាភិបាលនោះទេ ហើយយើងក៏ដឹងច្បាស់ដែរថា រាល់ការអនុវត្តផ្ទុយពីច្បាប់ដែលមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាច្បាប់ស្ដីពីគណបក្សនយោបាយ ជាដើម នឹងឲ្យគណបក្សរបស់ខ្លួន ប្រឈមផ្នែកច្បាប់ ដូចអតីតគណបក្សសង្គ្រោះជាតិ ជាដើម ។

លោក គង់ មុនីកា បានមានប្រសាសន៍ថា “ពាក់ព័ន្ធទៅនឹងសេចក្ដីប្រកាសព័ត៌មាន របស់មហាផ្ទៃ ស្តីពីការផ្សព្វផ្សាយអត្ថបទមួយរបស់កាសែតបរទេស យើងខ្ញុំក្នុងនាមជាគណបក្សក្រៅរដ្ឋាភិបាល ជាពិសេសគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ យើងសូមបញ្ជាក់ជំហរថា គណបក្សយើងខ្ញុំ គោរពនូវនីតិរដ្ឋ គោរពរដ្ឋនូវធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គោរពនូវច្បាប់ស្ដីពីគណបក្សនយោបាយ និងបទដ្ឋានគតិយុត្តដែលមានជាធរមានដទៃទៀត ។ យើងដឹងច្បាស់ថា រាល់ការអនុវត្តផ្ទុយពីច្បាប់ទាំងអស់នោះ នឹងឲ្យគណបក្សរបស់យើងខ្ញុំប្រឈមផ្នែកច្បាប់ ដូចដែលយើងធ្លាប់ឃើញគណបក្សដទៃទៀត ដូចជាគណបក្សសង្គ្រោះជាតិ ជាដើម ធ្លាប់បានជួបប្រទះជាដើម ។ ដូច្នេះយើងយល់ច្បាស់ពីច្បាប់នេះ រឿងអី ហេតុអីដែលយើងត្រូវធ្វើផ្ទុយពីច្បាប់នេះ? វាអត់មានហេតុផលសមស្របណាមួយក្នុងការធ្វើនោះទេ ។ ទី២ យើងចង់បញ្ជាក់ថា ក្នុងនាមជាគណបក្សក្រៅរដ្ឋាភិបាល យើងតែងតែបន្តអនុវត្តនូវគោលនយោបាយនិងទំនាក់ទំនងផ្នែកការទូត ជាមួយបណ្តាប្រទេសនានា ជាពិសេសបណ្ដាស្ថានទូតធំៗ ដែលជាប្រទេសមហាអំណាច គោរពលើកស្ទួយនូវលទ្ធិប្រជាធិបតេយ្យ ដើម្បីយើងអាចកសាងទំនាក់ទំនងនិងផ្តល់នូវព័ត៌មានពាក់ព័ន្ធ ចែករំលែកនូវបទពិសោធន៍អំពីស្ថានភាពនយោបាយ ស្ថានភាពប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដល់បណ្តាស្ថានទូតទាំងអស់នោះ ដើម្បីឲ្យបណ្ដាស្ថានទូតទាំងអស់នោះ គាត់អាចជួយពាំនាំនូវការបារម្ភរបស់យើង ទៅដល់រាជរដ្ឋាភិបាល ដើម្បីជំរុញរាជរដ្ឋាភិបាលកម្ពុជា បើកលំហលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ឲ្យបានទូលំទូលាយឡើងវិញ“ ។
លោក គង់ មុនីកា បានមានប្រសាសន៍បន្តថា “ដូច្នេះហើយ ប្រទេសមហាអំណាចណាក៏ដោយ ប្រទេសណាក៏ដោយ គឺក៏បានបញ្ជាក់ជំហររបស់ខ្លួន ច្បាស់លាស់ដែរថា គេមិនមានគោលការណ៍ ឬក៏គោលនយោបាយក្នុងការជួយដល់គណបក្សនយោបាយនោះទេ ប៉ុន្តែគេជួយលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ។ ដូច្នេះមិនមានហេតុផលណាមួយដែលប្រទេសទាំងអស់នោះ ត្រូវគាំទ្រផ្នែកហិរញ្ញវត្ថុ ណាដោយផ្ទាល់ ឬក៏ដោយប្រយោល មកឲ្យគណបក្សនយោបាយ ដែលជាគណបក្សក្រៅរដ្ឋាភិបាលនោះទេ ។ ដូច្នេះហើយ ខ្ញុំសូមជម្រាបជូនថា គណបក្សរបស់យើងខ្ញុំ ជំរុញដល់រាជរដ្ឋាភិបាល បើកលំហលទ្ធិប្រជាធិបតេយ្យឡើងវិញ ឲ្យបានទូលំទូលាយ ជាពិសេស មុនការបោះឆ្នោតឃុំ-សង្កាត់ ២០២៧ ខាងមុខនេះ ការបោះឆ្នោតជាតិ ២០២៨ ខាងមុខនេះ ។ យើងចង់បានការប្រកួតប្រជែងមួយដែលស្មើភាពគ្នា ដែលមានភាពយុត្តិធម៌ មានភាពឯករាជ្យនៅក្នុងការបោះឆ្នោតនោះ ហើយយើងសង្ឃឹមថា គ្រប់ភាគីទាំងអស់ ជាពិសេសគណបក្សនយោបាយទាំងអស់ នឹងអាចចូលរួមក្នុងការបោះឆ្នោតហ្នឹង ដោយសេរីនិងស្មើភាពគ្នា ។ យើងចង់បានការប្រកួតប្រជែងមួយដែលមានភាពត្រឹមត្រូវ“ ។
លោក សួន សូរីដា អនុប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ រាជធានីភ្នំពេញ នៃគណបក្សប្រជាធិបតេយ្យជឿនលឿន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ថា គណបក្សប្រជាធិបតេយ្យជឿនលឿន មិនដែលដាក់សំណើសុំថវិកាពីស្ថាប័នបរទេសណាមួយ ជាពិសេសពីសហរដ្ឋអាមេរិក នោះទេ ហើយគណបក្ស ក៏បានដឹងច្បាស់ពីហានិភ័យដែលត្រូវប្រឈមនឹងច្បាប់នៃគណបក្សនយោបាយ ។ ដូច្នេះលោកសូមបញ្ជាក់ជូនពលរដ្ឋខ្មែរថា ទោះបីថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាធិបតេយ្យជឿនលឿន ក្រក៏ដោយ ក៏យើងបរិច្ចាគថវិកាផ្ទាល់ខ្លួន សម្រាប់បម្រើឱ្យសកម្មភាព ហើយយើងធ្វើនយោបាយ ដោយយកបេះដូង ធ្វើជាដើមទុន ។

លោក សួន សូរីដា បានមានប្រសាសន៍ថា “តាមពិតទៅ ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យជឿនលឿន មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលកាសែត The Sunday Guardian ចេញផ្សាយពីគម្រោងថា សហរដ្ឋអាមេរិក នឹងផ្តល់ថវិការប្រហែល ២លានដុល្លារសម្រាប់គណបក្ស៥ នៅក្នុងសម្ពន្ធ័ភាពឆ្ពោះទៅអនាគត ដែលក្នុងនោះ មានគណបក្សប្រជាធិបតេយ្យជឿនលឿន (ប្តូរឈ្មោះពីគណបក្សកម្ពុជានិយម) ។ យើងខ្ញុំមិនដែលដឹង មិនដែលឮ ហើយក៏មិនដែលដាក់សំណើសុំថវិកាពីស្ថាប័នបរទេសណាមួយ ជាពិសេស ពីសហរដ្ឋអាមេរិកនោះទេ។ យើងមិនមែនមិនដឹងច្បាប់ ឬពីហានិភ័យដែលត្រូវប្រឈមនឹងច្បាប់នៃគណបក្សនយោបាយនោះដែរ តើមានរឿងអ្វីដែលយើងធ្វើរឿងនេះ។ ច្បាប់គណបក្សនយោបាយ បានកំណត់ពីប្រភពហិរញ្ញវត្ថុ មិនត្រូវទទួលពីស្ថាប័នបរទេស ជនបរទេស ដូច្នេះច្បាប់នេះ គួរបន្ថែមមាត្រា អំពីទំហំថវិកាស្មើភាពគ្នា ហាមការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ (រថយន្ត ជាដើម) មន្ត្រីរាជការ ប៉ូលិស ទាហាន ក្នុងយុទ្ធនាការបោះឆ្នោត ដើម្បីធានាឱ្យការបោះឆ្នោតមានភាពយុត្តិធម៌ ស្មើភាពក្នុងការប្រកួតប្រជែង ព្រោះកន្លងមក គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានប្រើប្រាស់ធនធានរដ្ឋ យ៉ាងសន្ធឹកសន្ធាប់ សម្រាប់បម្រើការបោះឆ្នោត។ ម្យ៉ាងវិញទៀត ក៏ចែងពីគណបក្សនយោបាយមួយ មិនត្រូវយកលុយ ឬផ្តល់លុយទៅឱ្យគណបក្សមួយទៀត។ ច្បាប់នេះ ត្រូវចែងពីការដាក់ទោសទណ្ឌដូចគ្នា គឺ «ផាកពិន័យ រហូតដល់រំលាយគណបក្សនោះ បើសិនធ្ងន់ធ្ងរ» ផងដែរ។ ខ្ញុំសូមជម្រាបដល់ប្រជាពលរដ្ឋខ្មែរ ឱ្យដឹងថា ទោះបីថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រក៏ដោយ ក៏ពួកយើងបរិច្ចាគថវិការផ្ទាល់ខ្លួនសម្រាប់បម្រើឱ្យសកម្មភាពនៃគណបក្សប្រជាធិបតេយ្យជឿនលឿន។ ពួកយើងធ្វើនយោបាយដោយយកបេះដូង ធ្វើជាដើមទុនក្នុងការធ្វើនយោបាយ ក្នុងនាមជាបក្សប្រឆាំង យើងគ្មានលុយកាក់ដូចគេទេ“ ។
លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ថា លោកមិនជឿថា អាមេរិក យកលុយ ២លានដុល្លារ មកឲ្យគណបក្សនយោបាយ៥ នៅកម្ពុជា ដែលក្នុងនោះ មានគណបក្សកែទម្រង់កម្ពុជា មួយដែរនោះទេ ដូច្នេះមិនមានអីបារម្ភនោះទេ ។

លោក អ៊ូ ចន្ទរ័ត្ន បានមានប្រសាសន៍ថា “ខ្ញុំឃើញសេចក្ដីក្រើនរំលឹក ក៏ដូចការណែនាំរបស់ក្រសួងមហាផ្ទៃ មិនមានអីខុស ហើយក៏មិនមានអីជាសម្ពាធដែរ ព្រោះដោយសារមានការផ្សព្វផ្សាយរបស់សារព័ត៌មានមួយ TheSundayGuadian ហើយ TheSundayGuadian ហាក់ដូចជាមិនបានប្រភពមកពីណា ហ៊ានចោទសហរដ្ឋអាមេរិក តែផ្ដេសផ្ដាចអ៊ីចឹង ហើយខ្ញុំមិនដឹងដែរ ព្រោះសម្រាប់គណបក្សកែទម្រង់ យើងអត់ដឹង ព្រោះមិនទាំងបានធ្វើសមាជ ដើម្បីកែលក្ខន្តិកៈអី បង្រួបបង្រួម ឬធ្វើសម្ព័ន្ធភាពអីហ្នឹង យើងមិនទាន់បានធ្វើសមាជផង ។ ម្ល៉ោះឡើយហើយដូចជាមិនមានប្រភពអីដែលឲ្យចាប់អារម្មណ៍ថា មានថវិកា ២លានដុល្លារ ដើម្បីទ្រទ្រង់អីនោះទេ គ្មានពាក់ព័ន្ធទេ ហើយខ្ញុំមិនជឿទេ បើចង់ច្បាស់ ទាល់តែសួរសហរដ្ឋអាមេរិក ខ្លួនឯង ហ៊ានចោទគេបែបហ្នឹង ព្រោះជាទូទៅ យើងចេះតែចោទ ដោយមិនមានប្រភពច្បាស់លាស់ ចេះតែចោទឡើងអ៊ីចឹង ។ សរុបទៅ ទីមួយ ដូចគណបក្សកែទម្រង់អ៊ីចឹង អត់ទាំងបានធ្វើសមាជ កែលលក្ខន្តិកៈ ដើម្បីបង្រួបបង្រួម ឬធ្វើសម្ព័ន្ធភាពអី ដូចជាមិនទាន់មានផងហ្នឹង ។ ម៉្លោះហើយ មិនមានអីច្បាស់លាស់ ចេះតែចោទ សម្រាប់ខ្ញុំគិត ហើយតាមខ្លឹមសារនៃសេចក្ដីប្រកាស ឬសេចក្តីថ្លែងការណ៍ របស់ក្រសួងមហាផ្ទៃ ក៏ហាក់ដូចជាមិនមានអីច្បាស់លាស់ លោកគ្រាន់តែចេញសេចក្ដីណែនាំ ហើយរំលឹកគណបក្សនយោបាយ ដែលអាចនឹងពាក់ព័ន្ធ ហើយខ្ញុំមិនជឿថា គេមានលុយ យកមកជួយយើង ឲ្យយើងរួបរួមអីទេ ខ្ញុំមិនជឿទេ មែនទែនទៅ“ ។
ដោយឡែក លោក វ៉ន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ថា បញ្ហានេះ មិនអាចនឹងកើតឡើងនៅកម្ពុជា ពីព្រោះច្បាប់ស្ដីពីគណបក្សនយោបាយ បានចែងចងរួចស្រេចទៅហើយ មិនឲ្យគណបក្សប្រឆាំង ទទួលជំនួយណាមួយពីសហគមន៍អន្តរជាតិ ។
លោក វ៉ន ចាន់ឡូត បានមានប្រសាសន៍ថា “ប្រាកដណាស់ គណបក្សប្រឆាំង នៅកម្ពុជា នឹងមិនអាចទទួលជំនួយមូលនិធិណាមួយ ពីអន្តរជាតិបានឡើយ ទោះបីជាតាមរយៈការផ្ដល់មូលនិធិពីរដ្ឋាភិបាល នៃប្រទេសណាមួយ ដោយផ្ទាល់ក៏ដោយ ឬក៏តាមរយៈអង្គការ សមាគមអន្តរជាតិណាមួយក៏ដោយ ។ បើយើងពិនិត្យទៅលើខ្លឹមសាររបស់ TheSundayGuadian គឺចង់បង្ហាញអំពីផែនការ ការគិតឡើងវិញរបស់សហរដ្ឋអាមេរិក ចំពោះបញ្ហានយោបាយនៅកម្ពុជា ជាពិសេសអាមេរិក គឺចង់ឃើញមាននូវការស្ដារ ក៏ដូចជាការពង្រឹងកម្លាំងគណបក្សប្រឆាំង ដើម្បីធានាឲ្យមានសំឡេងចម្រុះ ក្នុងការប្រកួតប្រជែង ក៏ដូចជាសំឡេងចម្រុះ នៅក្នុងការដឹកនាំរដ្ឋ ដែលធានាទៅដល់តុល្យភាពនៃអំណាច ក៏ដូចការធានាឲ្យបាននូវដំណើរការប្រជាធិបតេយ្យ ។ ដូច្នេះការត្រឡប់មកផ្ដល់មូលនិធិឡើងវិញរបស់សហរដ្ឋអាមេរិក មិនមែនមានន័យថា អាមេរិក បានផ្ដល់មូលនិធិហ្នឹង មកឲ្យគណបក្សប្រឆាំង រួចរាល់ហើយនោះទេ ហើយទំនងមិនមែនបង្ហាញថា គណបក្សប្រឆាំងនៅកម្ពុជា គឺបានទទួលមូលនិធិទាំងអស់នោះ ដើម្បីធ្វើសកម្មភាពរបស់ខ្លួនដែរ ។ ដូច្នេះគឺវាស្ថិតនៅក្នុងផែនការ ដែលអាចពិចារណាទៅលើទិដ្ឋភាពផ្លូវច្បាប់ ក៏ដូចជាលទ្ធភាពនៅក្នុងការទទួលជំនួយមូលនិធិទាំងអស់នេះ ពីព្រោះយើងដឹងហើយថា រាល់ជំនួយរបស់បណ្តាប្រទេសសេរី ដោយឡែក សហរដ្ឋអាមេរិក គឺគេមានលក្ខខណ្ឌតម្រូវនោះច្បាស់លាស់ណាស់ គឺការចាយវាយ ការគ្រប់គ្រងហិរញ្ញវត្ថុ ឬក៏ការធ្វើសកម្មភាពអ្វីៗទាំងអស់ គឺត្រូវប្រកបដោយតម្លាភាព ដោយការទទួលខុសត្រូវ ហើយធានាថា ការចាត់ចែងរាល់មូលនិធិរបស់ពួកគេ គឺមានប្រសិទ្ធភាពចំពោះក្រុមគោលដៅ ក៏ដូចជាលទ្ធផលផ្លែផ្កាល្អ ចំពោះដំណើរការប្រជាធិបតេយ្យ ក៏ដូចជាការគោរពសិទ្ធិមនុស្ស ។ ជារួម បញ្ហានេះ មិនអាចនឹងកើតឡើងនោះទេ នៅកម្ពុជា ពីព្រោះច្បាប់ស្ដីពីគណបក្សនយោបាយ បានចែងចងរួចស្រេចទៅហើយ មិនឲ្យគណបក្សប្រឆាំង ទទួលជំនួយណាមួយពីសហគមន៍អន្តរជាតិ“ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់គណបក្សនយោបាយ និងអ្នកវិភាគ បានធ្វើឡើងក្រោយពីសារព័ត៌មាន TheSundayGuadian បានផ្សាយថា អាមេរិក នឹងត្រឡប់ផ្ដល់មូលនិធិ ក្នុងទំហំទឹកប្រាក់ ២លានដុល្លារ ដល់គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល មួយចំនួន នៅកម្ពុជា សម្រាប់រយៈពេល ៣ឆ្នាំ (២០២៦-២០២៨) ។ គម្រោងនេះ ហៅថាការស្ដារនិងពង្រឹងការប្រកួតប្រជែងរបស់បក្សប្រឆាំង។ គណបក្សប្រឆាំងទាំង៥ រួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សកម្ពុជានិយម (គណបក្សប្រជាធិបតេយ្យជឿនលឿន) ។ ចំណែកអង្គការសង្គមស៊ីវិល រួមមាន ៖ អង្គការខុមហ្វ្រែល អង្គការសង់ត្រាល់ និង YRDP ។
ក្រោយបានឃើញការចុះផ្សាយរបស់កាសែតបរទេស ខាងលើនេះ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ក្រើនរំលឹកគណបក្សនយោបាយ ទាំងអស់ថា រាល់ការទទួលវិភាគទានពីភាគីបរទេស ទោះក្នុងរូបភាពណាក៏ដោយ គឺជាសកម្មភាពផ្ទុយនឹងរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ដែលអាចឈានទៅដល់ការប្តឹងរំលាយចោល បើរកឃើញមានករណីល្មើស ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃអង្គារ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ស្តីពីហិរញ្ញវត្ថុរបស់គណបក្សនយោបាយ មានខ្លឹមសារថា “ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ សារព័ត៌មាន The Sunday Guardian បានចុះផ្សាយអំពីការផ្តល់វិភាគទានពីភាគីបរទេស ឱ្យគណបក្សនយោបាយ មួយចំនួននៅកម្ពុជា រួមបញ្ចូលគ្នាជាគណបក្សតែមួយ ដើម្បីត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨។ ប្រសិនបើការផ្សព្វផ្សាយព័ត៌មាននេះ គឺជាការពិត ក្រសួងមហាផ្ទៃ សូមរម្លឹកគណបក្សនយោបាយ ទាំងអស់ថា រាល់ការទទួលវិភាគទានពីភាគីបរទេស ទោះក្នុងរូបភាពណាក៏ដោយ គឺជាសកម្មភាពផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន។
ជាក់ស្ដែង ច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា គណបក្សនយោបាយ ត្រូវបានហាមឃាត់ មិនឱ្យទទួលវិភាគទាន ទោះតាមរូបភាពណាក៏ដោយ ពីស្ថាប័នបរទេស ក្រុមហ៊ុនបរទេស ជនបរទេស ឬអង្គការដែលមានប្រភពហិរញ្ញប្បទានពីបរទេស។ ក្នុងករណីល្មើស ច្បាប់បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ផាកពិន័យជាប្រាក់ និងអាចប្ដឹងរំលាយគណបក្សនយោបាយនោះ ទៅតុលាការកំពូល។ ច្បាប់ ក៏បានចែងទៀតថា មិនឱ្យគណបក្សនយោបាយ ស្ថិតនៅក្រោមចំណុះឬការបង្គាប់បញ្ជារបស់គណបក្សនយោបាយបរទេស ឬរដ្ឋាភិបាលបរទេស។ ក្នុងករណីល្មើស តុលាការ អាចសម្រេចផ្អាកសកម្មភាពគណបក្សនយោបាយ ឬអាចរំលាយគណបក្សនយោបាយនោះតែម្តង ក្នុងករណីល្មើសធ្ងន់ធ្ងរ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមវាយតម្លៃខ្ពស់ និងលើកទឹកចិត្តចំពោះគណបក្សនយោបាយទាំងអស់ ដែលបាននិងកំពុងធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីរួមចំណែកពង្រឹងនីតិរដ្ឋ កសាងនិងអភិវឌ្ឍជាតិ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងឯកភាពជាតិ“ ៕ កុលបុត្រ