ខេត្តស្វាយរៀង ៖ នារីវ័យក្មេងម្នាក់បានទៅពឹងពររកបុរសម្នាក់ ដែលតាំងខ្លួនជាអ្នកសច្ចំមានបារមីខ្ពស់ ជួយមើលជំងឺ និងដាក់ស្នេហ៍ ស្រាប់តែត្រូវគ្រូបោកប្រើល្បិចឱ្យនារីរូបនោះ លាត់អាវឱ្យគ្រូបៅច្របាច់និងបៅដោះ ដើម្បីបញ្ចូលស្នេហ៍ ធ្វើឱ្យនារីរងគ្រោះមានអារម្មណ៍ថាចាញ់ល្បិចគ្រូបោក ទើបប្រញាប់ស្ទុះរត់ចេញទៅប្តឹងសមត្ថកិច្ច ចុះឃាត់ខ្លួនគ្រូស្នេហ៍គ្រូស្នូកយកទៅសួរនាំ និងចាត់ការតាមច្បាប់។
ករណីឃាត់ខ្លួនគ្រូស្នេហ៍ ប៉ងរំលោភនារីវ័យក្មេងនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃ១៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុចអាស្រមគ្រូស្នេហ៍កំហូចខាងលើ ស្ថិតក្នុងភូមិព្រៃរលួស ឃុំចន្ត្រី ស្រុករមាសហែក។
បុរសតាំងខ្លួនជាអ្នកសច្ចំ និងជាគ្រូស្នេហ៍ ដែលកេងបន្លំចង់រំលោភនារីវ័យក្មេង រហូតដល់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះរូបេនះ មានឈ្មោះកឹម ស៊ាម អាយុ៣៣ឆ្នាំ មានលំនៅក្នុងភូមិឃុំដែលសមត្ថកិច្ចចុះឃាត់ខ្លួន។ ចំណែកនារីរងគ្រោះមានឈ្មោះ ផ.ប វ័យប្រមាណ២០ឆ្នាំ។
តាមសម្តីនារីរងគ្រោះ បានរៀបបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ដោយសារតែនាងចង់ដឹងពីគូគាប់ទ្រនាប់និស្ស័យ នឹងមកដល់នៅពេលណា ទើបនាងបានស្កាត់ទៅរកជនសង្ស័យឈ្មោះកឹម ស៊ាន ដែលតាំងខ្លូនជាគ្រូសច្ចំ មានបារមីយាយម៉ៅ ព្រះគោព្រះកែវ បារមីស្តេចដំរីស បារមីលោកតាដំបងក្រញូង ដែលមានអាស្រមនៅឆ្ងាយពីភូមិបន្តិច ដើម្បីឱ្យគន់គូទស្សន៍ទាយមើល។
នារីរងគ្រោះបន្តថា លុះពេលទៅដល់អាស្រមគ្រូស្នេហ៍ មានតែរូបនាង និងគ្រូស្នេហ៍រូបនេះប៉ុណ្ណោះ ហើយបន្ទាប់ពីសួរនាំដឹងពីបំណងរបស់នាងដែលចង់មកពឹងពរគ្រូរួចហើយ គ្រូស្នេហ៍កំហូចរូបនោះ បានប្រាប់ឱ្យនាងអង្គុយបែរខ្នងទៅរកគ្រូ។ បន្ទាប់មក គ្រូកំហូចរូបនោះបានយកដៃបេះទំពក់ឡេវអាវទ្រនាប់របស់នាងចេញ រួចហើយប្រាប់ឱ្យនាងបែរមុខទៅរកគ្រូវិញ។ គ្រាន់តែនាងបែរមុខទៅរកគ្រូសឹងមិនទាន់ផង ស្រាប់តែគ្រូជើងល្អនោះបានលាត់អាវនាងឡើង រួចចាប់ច្របាច់សុដន់របស់នាង បន្ទាប់មក ក៏បៅដោះនាងទៀត លុះនាងសួរថា លោកគ្រូចង់ធ្វើអី ក៏ត្រូវគ្រូបោកប្រាប់ថា នេះគឺជាវិធីបញ្ចូលស្នេហ៍របស់គ្រូ។
នាងរងគ្រោះ បានបញ្ជាក់ថា ដោយសារតែឃើញទង្វើរបស់គ្រូស្នេហ៍រូបនេះ មិនល្អ និងកំពុងប៉ុនប៉ងចាប់រំលោភសេពសន្ថវៈនាង ទើបនាងបានស្ទុះរត់ចេញមកក្រៅ រួចក៏រត់ទៅប្តឹងសមត្តកិច្ចឱ្យជួយអន្តរាគមន៍ ដោយបន្សល់ទុកស្បែកជើងពណ៌ផ្កាឈូក១គូ និងម៉ូតូ១គ្រឿង នៅអាស្រមលោកគ្រូសច្ចំ។
ក្រោយទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ និងបានចាប់ឃាត់ខ្លួនជនសង្ស័យដែលតាំងខ្លួនជាអ្នកសច្ចំ និងជាគ្រូស្នេហ៍រូបនោះយកមកសួរនាំ និងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕