Tuesday, July 8, 2025
Homeកីឡាអន្ដរជាតិរដ្ឋាភិបាលម៉ាឡេស៊ី ចំណាយលុយ៧,៥លានដុល្លារ ផ្សាយព្រឹត្តិការណ៍បាល់ទាត់ពិភពលោក២០១៨

រដ្ឋាភិបាលម៉ាឡេស៊ី ចំណាយលុយ៧,៥លានដុល្លារ ផ្សាយព្រឹត្តិការណ៍បាល់ទាត់ពិភពលោក២០១៨

បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនង បានដាក់សំណើទៅទីស្តីការគណៈរដ្ឋមន្ត្រី សុំកញ្ចប់ថវិកាផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី តាមរយៈទូរទស្សន៍ជាតិ (RTM) ឥឡូវនេះ រដ្ឋាភិបាលម៉ាឡេស៊ី បានឯកភាពទាំងស្រុងហើយ។

លោក Gobind Singh Deo រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយចម្រុះ បានប្រាប់ឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ថា ការផ្សាយបន្តផ្ទាល់នេះ រដ្ឋាភិបាលត្រូវចំណាយលុយ៣០លានរីងហ្គីត ស្មើនឹង៧,៥លានដុល្លារ ហើយពាក់កណ្តាលនៃចំនួនទឹកប្រាក់នេះ បានមកពីក្រុមហ៊ុនជួយឧបត្ថម្ភ និងការផ្សព្វផ្សាយពា-ណិជ្ជកម្ម។

នៅក្នុងសន្និសីទកាសែត លោក Gobind Singh Deo បានថ្លែងថា “ខ្ញុំបានទទួលលិខិតផ្លូវការហើយ ដែលបានគូសបញ្ជាក់ថា ការចំណាយទៅលើទូរទស្សន៍ទាំងការផ្សាយផ្ទាល់ និងបន្តផ្ទាល់៤១ប្រកួត ដែលក្នុងនោះមាន២៧ប្រកួតផ្សាយផ្ទាល់ និង១៤ប្រកួតផ្សាយបន្តផ្ទាល់”។

ទាក់ទងទៅនឹងការចំណាយលុយនេះ មានមនុស្សមួយចំនួន បានរិះគន់ថាជាការខ្ជះខ្ជាយថវិកាជាតិ ហើយគួរទុកលុយនេះ សម្រាប់ដោះបំណុលជាតិវិញ។

លោក Rais Yatim អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងរបបលោកណាជីប បាននិយាយថា រដ្ឋាភិបាលថ្មីគួរតែសន្សំថវិកាជាតិ។

ថ្លែងការពារចំពោះអ្នករិះគន់ លោក Lim Guan Eng រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាយថា ថវិកាសម្រាប់ការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក គឺត្រូវបានអនុម័តដោយទីស្តីការគណៈរដ្ឋមន្ត្រី។

គួររំឭកថា ការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ី នឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨៕

RELATED ARTICLES