តាមប្រភពព័ត៌មានពីកាសែតបាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨ បានឱ្យដឹងថា របបយោធាថៃ បានប្រកាសពន្យារពេលបោះឆ្នោតសាជាថ្មីម្តងទៀតហើយ គឺពន្យារពេលរហូតទៅដល់ថ្ងៃ ទី០៥ ខែឧសភា ឆ្នាំ២០១៩ ឯណោះ។
ក្រោយជំនួបប្រជុំជាមួយគណៈកម្មការបោះឆ្នោត និងតំណាងបក្សនយោបាយ លោក Wissanu Krea-ngam ឧបនាយករដ្ឋមន្ត្រីថៃ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការបោះឆ្នោតជ្រើសរើសសមាជិកសភាថៃ អាចនឹងត្រូវរៀបចំឡើងនាខែឧសភា ឆ្នាំ២០១៩។
កាលពីខែមុន លោកប្រាយុទ្ធ ចាន់អូចា បានកំណត់កាលបរិច្ឆេទបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០១៩ ប៉ុន្តែអីឡូវនេះលោកបានផ្លាស់ប្តូរកាលបរិច្ឆេទម្តងទៀតហើយ។
ក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុប សប្តាហ៍មុន លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានធានាចំពោះមុខសមភាគីអង់គ្លេស លោកស្រីថេរ៉េសា មេថា ប្រទេសថៃ នឹងមានការបោះឆ្នោតតាមការគ្រោងទុក។ លោកស្រីមេ ក៏បានស្នើឱ្យលោកប្រាយុទ្ធ ធានាឱ្យបាននូវការបោះឆ្នោតដែលបើកចំហ និងដោយសេរីផងដែរ។
រាជាណាចក្រថៃ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមយោធា តាំងពីខែឧសភា ឆ្នាំ២០១៤ មកម៉្លេះ ក្រោយរៀបចំរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលឡើងកាន់តំណែងតាមការបោះឆ្នោតប្រជាធិបតេយ្យនោះ។
របបសឹកដែលដឹកនាំដោយលោកប្រាយុទ្ធ ចាន់អូចា នោះបន្តពន្យារពេលបោះឆ្នោតជា បន្តបន្ទាប់ដូចឃើញស្រាប់ របបដឹកនាំនេះកំណត់យកឆ្នាំ២០១៥ ម្តង ក្រោយមកថា ឆ្នាំ២០១៨ និងចុងក្រោយគេកំណត់យកខែកុម្ភៈ ឆ្នាំ២០១៩ ម្តងទៀត៕