ខេត្តតាកែវ ៖ បច្ចុប្បន្ននេះ មនុស្សចាស់ដែលមានអាយុវែងលើសពី១០០ឆ្នាំ គឺមានចំនួនតិចតួចបំផុត ហើយបើមានក៏ស្ថិតនៅក្នុងសភាព ដុនដាប ហូបអ្វីក៏មិនបាន ចាំតែដង្ហើមចុងក្រោយប៉ុណ្ណោះ ប៉ុន្តែសម្រាប់លោកយាយម្នាក់នេះ មានអាយុដល់ទៅ១០៤ឆ្នាំ តែគាត់នៅអាចពិសាដឹង ម្ហូបចំណីឆ្ងាញ់នៅឡើយ ពិសេសស្រេកឃ្លានតែភេសជ្ជៈប៉ូវកម្លាំង ទឹកត្រចៀកកាំ តែទាស់ត្រង់ថា កូនចៅគ្មានលទ្ធភាពផ្តល់ឱ្យគាត់បាន ដោយបានត្រឹមអង្គុយបង្ហូរទឹកភ្នែកអាណិតម្តាយប៉ុណ្ណោះ…។
លោកយាយដែលមានអាយុវែងរហូតដល់ទៅ១០៤ឆ្នាំរូបនេះ មានឈ្មោះស៊ឹម សៀន សព្វថ្ងៃរស់នៅភូមិអូកន្លង់ដួល ឃុំអង្គកែវ ស្រុកទ្រាំង។ ដោយសារតែវ័យកាន់តែជ្រេទៅមុខ ទើបត្រចៀករបស់លោកយាយ ចាប់ផ្តើមធ្ងន់ស្តាប់លែងសូវឮ ភ្នែកក៏ស្រវាំងមើលមិនសូវច្បាស់ ចំណែកការចងចាំក៏ភ្លេចភ្លាំងច្រើន ហេតុនេះទើបមិនអាចរៀបរាប់ពីរឿងរ៉ាវជីវិតដោយខ្លួនឯងបាន ដោយពឹងលើកូនប្រុសបង្កើតម្នាក់ឱ្យជួយរៀបរាប់ជំនួស។
លោកតាគៀប សន អាយុ៨០ឆ្នាំ ត្រូវជាកូនប្រុសបង្កើតរបស់លោកយាយស៊ឹម សៀន ដែលមានវ័យដល់ទៅ១០៤ឆ្នាំ បានរៀបរាប់ប្រាប់ថា ម្តាយរបស់គាត់ ជាមនុស្សដែលមានអាយុវែងបំផុតនៅក្នុងស្រុកភូមិនេះ។ ម្តាយគាត់គឺជាកូនច្បងក្នុងចំណោមបងប្អូន៥នាក់ (ប្រុស២ ស្រី៣) និងមានប្តីឈ្មោះគៀប វុន (ស្លាប់)។ ពួកគាត់ទាំង២នាក់ប្តីប្រពន្ធ តាំងពីដើមមកប្រកបរបរចិញ្ចឹមជីវិត ដោយធ្វើស្រែចម្ការយ៉ាងសាមញ្ញ។
លោកតាគៀប សន បន្តថា ត្បិតថាម្តាយរបស់គាត់មានអាយុច្រើនយ៉ាងនេះក្តី ប៉ុន្តែគាត់អត់ដែលឈឺដល់ថ្នាក់សន្ធំ ឬដេកជាប់កន្ទេលឡើយ គាត់ឈឺច្រើនណាស់ ត្រឹមក្តៅគ្រុន ចុករោយឆ្អឹងឆ្អែងបន្តិចបន្តួច ក៏ជាសះស្បើយវិញហើយ ពោលគឺសុខភាពរបស់គាត់រឹងមាំល្អណាស់។ ប៉ុន្តែគាត់ទើបតែធ្លាក់ខ្លួនដើរលែងរួច រយៈពេល៤ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ហើយកាលពីគាត់នៅអាយុ៩០ឆ្នាំប្លាយវិញ គាត់តែងដើរទៅវត្ត ដោយខ្លួនឯង មិនចាំបាច់កូនចៅណាជូនគ្រាហ៍ទៅឡើយ។ តែតាំងពីធ្លាក់ខ្លួនដើរលែងរួច មកភ្នែករបស់គាត់ ក៏ចាប់ផ្តើមងងឹងមើលលែងឃើញ ច្បាស់ មើលឃើញតែស្ទង់ៗប៉ុណ្ណោះ។ កន្លងមក មានអ្នកស្រុកភូមិចេះតែសួរគាត់ថា ធ្វើបែបណាទើបមានអាយុវែង? គាត់តែងឆ្លើយតបថា ចំពោះរឿងអាយុវែងនេះ គឺវាមិនស្ថិតនៅលើរឿងមានឬក្រនេះទេ តែវាស្ថិតិនៅលើសុខភាព និងផលបុណ្យដែលខ្លួន យើងបានសាងពីជាមុនមកតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់គាត់ ការមានអាយុវែងបែបនេះគឺជារឿងធុញទ្រាន់មួយ ព្រោះតែមានជីវភាពក្រីក្រ ហូបចុកមិនគ្រប់គ្រាន់ គ្មានលុយកាក់ និងកម្លាំងកំហែង ដើម្បីទៅវត្តធ្វើបុណ្យសន្សំកុសល មួយថ្ងៃៗដេកនៅតែលើកន្ទេលមួយកន្លែងស្រេកឃ្លានបំផុត។
លោកតាគៀប សន បានឱ្យដឹងទៀតថា សព្វថ្ងៃម្តាយរបស់គាត់ឃ្លាននេះឃ្លាននោះគ្រប់បែបយ៉ាង តែមិនដែលមានអ្វីហូបឆ្ងាញ់ឡើយ គាត់នៅតែអាចហូបចុកបាន និងដឹងឆ្ងាញ់គ្រប់មុខ គ្រាន់តែហូបបានតិច ប៉ុន្តែហូបញឹក។ រីឯភេសជ្ជៈវិញ គាត់ចូលចិត្តហូបតែទឹកត្រចៀកកាំ ប៉ុណ្ណោះ ព្រោះគាត់ថា នៅពេលហូបទឹកត្រចៀកកាំរួច ធ្វើឱ្យគាត់ស្រួលក្នុងខ្លួន ជួនគាត់ហេវហត់ អស់កម្លាំងហូបបាយ ទឹកមិនចូលដាក់ទឹកត្រចៀកកាំតែមួយដប ស្រាប់តែមានកម្លាំងមានកម្លាំងព្រឺសតែម្តង។ ប៉ុន្តែអ្វីដែលទាស់នោះ គឺនៅត្រង់ថា កូនចៅសុទ្ធតែមានជីវភាពក្រីក្រ ហេតុនេះ មិនមានលទ្ធភាពទិញទឹកត្រចៀកកាំឱ្យគាត់ពិសាបានគ្រប់គ្រាន់នោះទេ យូរៗទើបគាត់បានស្គាល់រសជាតិ១ដប។
លោកយាយស៊ូ ថាន់ អាយុ៦៧ឆ្នាំ ត្រូវជាកូនប្រសាលោកយាយអាយុ១០៤ បានឱ្យដឹងថា រាល់ថ្ងៃម្តាយក្មេករបស់គាត់ រស់នៅក្នុងបន្ទុក គ្រួសារគាត់ តែគាត់មិនដែលផ្តល់ផលលំបាកអ្វីដល់កូនចៅនោះទេ ប៉ុន្តែពួកគាត់ទៅវិញទេដែលមិនមានលទ្ធភាពបំពេញបំណង ផ្គត់ផ្គង់ការហូបចុក ម្តាយបានគ្រប់គ្រាន់ ព្រោះតែជីវភាពក្រីក្រលំបាក។ ហេតុនេះ ពួកគាត់សំណូមពរដល់សប្បុរសជនជិតឆ្ងាយមេត្តាជួយឧបត្ថម្ភដល់លោកយាយផង ព្រោះជីវភាពគាត់ពិតជាខ្វះខាតខ្លាំងណាស់ ហើយគាត់ចង់ពិសាចំណីឆ្ងាញ់នៅក្នុងជីវិតចុងក្រោយរបស់គាត់ណាស់ ពិសេសចង់បានមឈូស និងគ្រឿងបន្លុង សម្រាប់ត្រៀមបម្រុងទុក ពេលគាត់អស់បុណ្យព្រេងទៅ។ យ៉ាងណា ការធ្វើបុណ្យជាមួយនឹងមនុស្សចាស់ ដែលកំពុងតែ ស្រេកឃ្លានបែបនេះ ច្បាស់ជាបានកុសលធំធេងមិនខាន។/