យោងតាមប្រភពព័ត៌មានពី Reuters ចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា សហព័ន្ធបាល់អន្តរជាតិ FIFA បានសម្រេចដាក់បម្រាមប្រធានសមាគមបាល់ទាត់ប៉ាឡេស្ទីន លោក Jibril Rajoub រយៈពេល១ឆ្នាំ ពីបទចោទប្រកាន់បង្កឱ្យមានការស្អប់ខ្ពើម និងអំពើហិង្សា មុនពេលប្រកួតមិត្តភាពរវាងអ៊ីស្រាអែល និងអាហ្សង់ទីន។
លោក Rajoub ប្រធានសមាគមបាល់ទាត់ បានជំរុញឱ្យប្រជាពលរដ្ឋប៉ាឡេស្ទីន ដុតអាវកីឡាករខ្សែប្រយុទ្ធ Lionel Messi ប្រសិនបើមានវត្តមានកីឡាកររូបនេះ មកកាន់ទីនេះ។ ការបំផុសឱ្យមានគំនិតតវ៉ានេះ ដោយសារតែអ៊ីស្រាអែល បានផ្លាស់ប្តូរពហុកីឡដ្ឋានប្រកួតពីទីក្រុង Haifa មកកាន់ហ្សេរ៉ុយសាឡិម ក្រោយពេលដែលអាមេរិក ប្រកាសទទួលស្គាល់ទីក្រុងហ្សេរ៉ុយសាឡិម ជារបស់ប្រទេសអ៊ីស្រាអែល ខណៈប៉ាឡេស្ទីន អះអាងជារបស់ខ្លួន។
សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានប្រកាសថា យោងទៅតាមវិន័យរបស់ខ្លួន លោក Rajoub ត្រូវប្រឈមនឹងការជាប់បម្រាម១២ខែ មិនឱ្យជាប់ពាក់ព័ន្ធនឹងវិស័យបាល់ទាត់ និងពិន័យជាប្រាក់២ម៉ឺនដុល្លារ៕