Monday, July 28, 2025
Homeព័ត៌មានជាតិបុរសពិការសម្តីផ្អែម ស្រី៣នាក់ វេចបង្វេចតាមដល់ផ្ទះ

បុរសពិការសម្តីផ្អែម ស្រី៣នាក់ វេចបង្វេចតាមដល់ផ្ទះ

ខេត្តកំពត ៖ បុរសម្នាក់នេះ កើតមកមានវាសនាអភ័ព្វ ធ្លាក់ខ្លួនឈឺខូចសរសៃមួយកំណាត់ក្រោម រហូតស្វិតជើងដើរមិនរួច ធ្លាក់ខ្លួនពិការតាំងពីអាយុ៨ឆ្នាំ ប៉ុន្តែទោះជាពិការជើងទាំងសងខាង ប៉ុន្តែរបស់របរប្រើប្រាស់ គឺនៅតែល្អប្រើការបានមិនចាញ់មនុស្សប្រុសផ្សេងទៀតឡើយ ហើយគួបផ្សំនឹងសម្តីិផ្អែមស្រទន់ផងនោះ ទើបធ្វើឱ្យស្រីក្រមុំ និងមេម៉ាយសរុបទៅ៣នាក់ បានលង់ស្នេហ៍តាមទូរស័ព្ទ វេចបង្វេចតាមមករួមរស់ ជាមួយបុរសនេះដល់ផ្ទះ។

បុរសពិការសម្បូរស្នេហ៍ខាងលើ មានឈ្មោះសេម ចាន់ណារិទ្ធិ អាយុ២២ឆ្នាំ សព្វថ្ងៃរស់នៅភូមិត្រពាំងឈូក ឃុំបឹងនិមល ស្រុកឈូក។

បុរសពិការ សេម ចាន់ណារិទ្ធិ បានរៀបរាប់ពីដំណើរជីវិតរបស់ខ្លួនប្រាប់ថា គាត់ជាកូនពៅ ក្នុងចំណោមបងប្អូន៦នាក់ (ប្រុស២ ស្រី៤) មានឪពុកឈ្មោះប៉ុម ដន អាយុ៦២ឆ្នាំ ម្តាយឈ្មោះប៉េច ឡោម អាយុ៥៥ឆ្នាំ។ តាមពិតគាត់កើតមក មានកាយសម្បទាល្អគ្រប់គ្រាន់ទាំងអស់ មិនពិកលពិការត្រង់កន្លែងណាមួយឡើយ ស្រាប់តែមកដល់អាយុ៨ឆ្នាំ នៅសុខៗគាត់ក៏ចាប់ផ្តើមឈឺមួយកំណាត់ចង្កេះចុះក្រោម គឺឈឺសរសៃទាំងអស់ ហើយពេលនោះ ឪពុកម្តាយ ព្រមទាំងសាច់ញាតិបងប្អូន បានព្យាយាមនាំគាត់ទៅរកគ្រូពេទ្យគ្រូខ្មែរដើម្បីព្យាបាលដែរ តែស្ថានភាពជំងឺ មិនបានធូរស្រាលសោះ ផ្ទុយទៅវិញ ១កំណាត់ក្រោមរបស់គាត់ ចាប់ពីត្រឹមត្រគាកចុះក្រោម គឺទៅជាស្វិតសរសៃកម្រើកលែងបាន ក្លាយជាមនុស្សពិការមួយកំណាត់ក្រោម តាំងពីពេលនោះមកតែម្តង។

លោកសេម ចាន់ណារិទ្ធិ បានបន្តថា ដោយសារតែធ្លាក់ខ្លួនពិការបែបនេះហើយ ទើបគាត់មិនបានរៀនសូត្រអ្វីឱ្យបានជ្រៅជ្រះនឹងគេទេ ពោលគឺរៀនបានត្រឹមថ្នាក់ទី៣ ក៏ឈប់រៀនវិញ។ ត្បិតថាជើងរបស់គាត់ទាំងសងខាងខូចសរសៃដើរមិនរួចក៏ពិតមែន ប៉ុន្តែសំណាងល្អណាស់ ដែល មិនបានប៉ះពាល់ដល់អាអូនតូចរបស់គាត់ ពោលគឺសរសៃនៅតែកម្រើកជានិច្ច។ ចំណែកពាក្យសម្តីរបស់គាត់វិញ អ្នកណាៗក៏និយាយថា ផ្អែមស្រទន់ គួរឱ្យចង់ស្តាប់ដែរ ពិសេសនៅពេលដែលបាននិយាយតាមទូរស័ព្ទ តែងចង់ឃើញមុខ។ ដោយសារតែសម្តីផ្អែមនេះហើយ ទើបធ្វើឱ្យគាត់ មានឱកាសបានស្គាល់រសជាតិស្នេហានឹងគេ ដោយមានមនុស្សស្រីដល់ទៅ៣នាក់ឯណោះ បានវេចបង្វេចមកតាមគាត់ដល់ផ្ទះ ប៉ុន្តែចុងក្រោយ បន្ទាប់ពីរួមស្នេហ៍ បានតែប៉ុន្មានខែ ម្នាក់ៗក៏បោលចោលលោកវិញអស់គ្រប់គ្នា។

លោកសេម ចាន់ណារិទ្ធិ បានរៀបរាប់ពីប្រវត្តិស្នេហ៍របស់ខ្លួនថា ដំបូងឡើយ គាត់បានទាក់ទងទូរស័ព្ទផ្សងស្នេហ៍ ស្រាប់តែបានជួបស្គាល់នារីវ័យក្មេងម្នាក់ អាយុទើបតែ១៦ឆ្នាំ និងមានស្រុកកំណើតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រោយពីបានជួបសាសងសម្តីគ្នា គាត់ក៏រៀបរាប់ជីវិតពិតរបស់គាត់ប្រាប់នាងគ្មានសល់ ស្រាប់តែនាងលង់ចិត្តអាណិតស្រលាញ់ដកចិត្តមិនរួច រហូតដល់ថ្នាក់សុខចិត្តកាត់កេរ្តិ៍កាត់ខ្មាស វេចបង្វេចមករកគាត់ដល់ផ្ទះ និងបានស្ម័គ្រចិត្តរួមរស់នឹងគាត់ដូចប្តីប្រពន្ធ ដោយបានសែនព្រេនក្បាលជ្រូកមាន់ស្ងោត្រឹមត្រូវ រួចក៏បានរួមរស់នឹងគ្នាអស់រយៈពេល១០ខែ លុះគាត់កំពុងតែញៀនញ៉ាមនឹងរសជាតិស្នេហ៍ដំបូង  ស្រាប់តែត្រូវឪពុកម្តាយរបស់នាង តាមមកយកកូនស្រីត្រឡប់ទៅវិញបាត់ទៅ។

លោកចាន់ណារិទ្ធិ បន្តថា ក្រោយពីបែកបាក់ជាមួយប្រពន្ធទី១ បានមួយរយៈ គាត់ក៏បានទាក់ទងទូរស័ព្ទស្គាល់ស្ត្រីមេម៉ាយកូន៣ម្នាក់ រស់នៅខេត្តកំពង់ស្ពឺ។ មិនខុសពីប្រពន្ធទី១ទេ គឺក្រោយពីស្តាប់សម្តីរបស់គាត់ហើយ ស្រាប់តែស្ត្រីមេម៉ាយរូបនោះបាក់ចិត្តលង់ស្នេហ៍ មកលើគាត់  ទោះជាគាត់ប្រាប់ថា គាត់ជាមនុស្សពិកលពិការ គ្មានលទ្ធភាពរកស៊ីចិញ្ចឹម ក៏នាងនៅតែសុំស្ម័គ្រ រហូតសុខចិត្តចោលកូន៣ តាមមកជួបគាត់ដល់ផ្ទះ និងបានរួមរស់ជាមួយគ្នាបានរយៈពេល៤ខែ ក៏សុំចែកផ្លូវជាមួយគាត់វិញ។

លោកចាន់ណារិទ្ធិ បានឱ្យដឹងទៀតថា បន្ទាប់មកទៀត គាត់ក៏បានជួបស្នេហ៍តាមទូរស័ព្ទ ជាមួយនឹងក្រមុំអាយុ២០ឆ្នាំម្នាក់ ឈ្មោះណែត រស់នៅឯខេត្តកំពង់ចាមឯណោះ។ លុះទាក់ទងសម្តីតាមទូរស័ព្ទ បានតែប៉ុន្មាន ស្រាប់តែស្រីណែត បានវេចបង្វេចចុះចោលផ្ទះ ស្កាត់មកជួបគាត់ និងបានរួមរស់នឹងគ្នាយ៉ាងផ្អែមល្ហែមអស់រយៈពេល២ខែ ស្រាប់តែខាងស្រីបានចុះចោលផ្ទះបាត់ដោយគ្មានដំណឹង ធ្វើឱ្យគាត់ត្រូវរស់នៅតែម្នាក់ឯង រហូតមកដល់ពេលនេះ។ តាមពិតគាត់ដឹងថា ប្រពន្ធទាំង៣នាក់ ដែលមករួមរស់ជាមួយគាត់នេះ គឺដោយសារចិត្តអាណិត លុះក្រោយពីរួមរស់ យូរទៅឃើញថា គាត់ជាមនុស្សពិកលពិការ ដើរទៅណាមិនរួច ធ្វើការរកស៊ីអ្វីមិនកើត គ្មានលទ្ធភាពចិញ្ចឹមពួកនាង ទើបពួកនាងបែកចិត្ត នាំគ្នា ចុះចោលគាត់អស់បែបនេះទៅ៕

RELATED ARTICLES