Monday, July 28, 2025
Homeព័ត៌មានជាតិផឹកអស់២កំប៉ុងសោះ សុំចូលដេកមុន បែរជាស្លាប់បែបនេះ

ផឹកអស់២កំប៉ុងសោះ សុំចូលដេកមុន បែរជាស្លាប់បែបនេះ

ភ្នំពេញ ៖ បុរសម្នាក់បានអង្គុយផឹកស៊ីជាមួយអ្នកជិតខាងអស់ស្រាបៀរ២កំប៉ុង ក៏ប្រាប់ថា ដូចជាមិនស្រួលខ្លួន ចេះតែងងឹតមុខ រួចក៏សុំចូលទៅសម្រាកមុនបាត់ទៅ ស្រាប់តែព្រឹកឡើង ប្រពន្ធចេញពីធ្វើការវេនយប់ មកដល់បន្ទប់ជួលដាស់ប្តីមិនក្រោក ហៅអ្នកជិតខាងជួយទម្លាយ ទ្វារចូលទៅមើល ក៏ប្រទះឃើញប្តីដេកស្លាប់រឹងស្តូកបាត់ទៅហើយ។

ករណីបុរសផឹកស្រវឹងដេកស្លាប់រឹងស្តូកក្នុងបន្ទប់ជួលនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨  នៅត្រង់ចំណុចបន្ទប់ជួលលេខ១ ជាន់ទី១ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

សពបុរសរងគ្រោះខាងលើ មានឈ្មោះសាំង លឹមចេង អាយុ៣០ឆ្នាំ មុខរបរកម្មករដឹកឥវ៉ាន់ មានស្រុកកំណើតនៅភូមិអង្គសង្កែ ឃុំពោធិ៍ចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ មានប្រពន្ធឈ្មោះបេង រស្មី អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ (បម្រើការវេនយប់) មានស្រុកកំណើតនៅភូមិកូនជ្រៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ប្តីប្រពន្ធអ្នកទាំងពីរ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីក្បាលព្រលប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះ បានអង្គុយផឹកស៊ីជាមួយអ្នកជិតខាងក្បែរបន្ទប់ជួលយ៉ាងសប្បាយក្អាកក្អាយ។ លុះក្រោយពីផឹកស្រាបៀរអស់ចំនួន២កំប៉ុង នៅម៉ោងប្រមាណ៨យប់ថ្ងៃដដែល ជនរងគ្រោះក៏ប្រាប់អ្នករួមវង់ផឹកស៊ីថា ដូចជាមិនសូវស្រួលខ្លួនសោះ ចេះងងឹតមុខ ហេតុនេះ សុំឡើងទៅសម្រាកមុនហើយ។ និយាយរួច ជនរងគ្រោះក៏បានដើរឡើងទៅបន្ទប់របស់ខ្លួន រួចចូលទៅសម្រាកតែម្នាក់ឯងទៅ ដោយសារប្រពន្ធជនរងគ្រោះធ្វើការវេនយប់ ព្រឹកឡើងទើបត្រឡប់មកវិញ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះ ទើបចេញពីធ្វើការវេនយប់ ក៏បានត្រឡប់មកដល់បន្ទប់ជួល គោះទ្វារហៅប្តីដែរ តែមិនលឺប្តីឆ្លើយតបសោះ ពេលនោះស្ត្រីជាប្រពន្ធ នឹកស្មានថាប្តីសម្ងំដេក ធ្វើមិនដឹងខ្លួន ក៏បានយកសំបកកំប៉ុងស្រាបៀរ គប់ចូលតាមបង្អួច ដើម្បីឱ្យប្តីភ្ញាក់ដែរ តែប្តីនៅតែសម្ងំដេកស្តូកដដែល ទើបស្ត្រីជាប្រពន្ធនឹកសង្ស័យ ក៏ស្រែកឆោឡោ ហៅអ្នកជិតខាងឱ្យជួយគាស់ទ្វារ ចូលទៅពិនិត្យមើលប្តី ស្រាប់តែប្រទះឃើញប្តីស្លាប់រឹងស្តូកបាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍៕

RELATED ARTICLES