Monday, July 28, 2025
Homeព័ត៌មានជាតិសោកសង្រេងណាស់! ប្រពន្ធស្លាប់អត់លុយធ្វើបុណ្យ ប្តីបីសពដើរចូលវត្តបូជា

សោកសង្រេងណាស់! ប្រពន្ធស្លាប់អត់លុយធ្វើបុណ្យ ប្តីបីសពដើរចូលវត្តបូជា

ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យសោកសង្រេងមួយសម្រាប់ប្តីប្រពន្ធវ័យចំណាស់មួយគូនេះ ខណៈដែលស្ត្រីជាប្រពន្ធឈឺធ្មេញហើមថ្គាមជាច្រើនថ្ងៃ តែប្តីអត់លុយនាំប្រពន្ធទៅពេទ្យ ក៏បណ្តាលឱ្យប្រពន្ធឈឺចុកចាប់រហូតដល់ស្លាប់នៅកន្លែងស្នាក់នៅក្បែរចិញ្ចើមផ្លូវ ទុកឱ្យបុរសជាប្តីយំសោកសង្រេងអាណិតប្រពន្ធខ្លោចចិត្ត ប៉ុន្តែដោយសារគ្មានលុយធ្វើបុណ្យសពឱ្យប្រពន្ធ ទើបបុរសជាប្តីសម្រេចបីសពប្រពន្ធដើរចូលវត្ត ដើម្បីសុំតាអាចារ្យ បូជា បង្កើតជាទិដ្ឋភាពដ៏សោកសៅ និងធ្វើឱ្យអ្នកដែលប្រទះឃើញរន្ធត់ចិត្តស្ទើរស្រក់ទឹកភ្នែកគ្រប់គ្នា។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើល ប្តីបីសពប្រពន្ធដើរចូលវត្តនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណ១រសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចរបងវត្តស្ទឹងមានជ័យ ស្ថិតក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្តីប្រពន្ធទុរគតខាងលើនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ទាំងពីរនាក់ប្តីប្រពន្ធប្រកបរបរដើររើសអេតចាយ និងស្នាក់នៅជាប់របងវត្តស្ទឹងមានជ័យ ទីតាំងកើតហេតុខាងលើ។

តាមសម្តីបុរសជាប្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា គាត់និងប្រពន្ធនេះ (ស្ត្រីរងគ្រោះ) ទើបនឹងបានគ្នាជាប្តីប្រពន្ធរយៈពេលប្រមាណ១ខែប៉ុណ្ណោះ ដោយមិនបានរៀបការ ឬសែនព្រេនអ្វីទាំងអស់។ ក្រោយពីចាប់ដៃគ្នាមក ពួកគាត់បានចាប់យករបរដើររើសអេតចាយជាមួយគ្នា គ្រាន់បានប្រាក់យកមកដោះស្រាយជីវភាព និងរស់នៅប្រកបដោយសុភមង្គល។

បុរសជាប្តីស្ត្រីរងគ្រោះបន្តថា កាលពីជាង១សប្តាហ៍មុននេះ ប្រពន្ធរបស់គាត់ បានចាប់ផ្តើមឈឺធ្មេញ ទើបគាត់បានខំទៅរកផ្សំថ្នាំយកមកឱ្យប្រពន្ធលេប ប៉ុន្តែមិនបានធូរស្បើយសោះ ផ្ទុយទៅវិញ កាន់តែឈឺលើសដើម និងថែមទាំងហើមថ្គាម ព្រមទាំងឈឺបំពង់កហូបអ្វីក៏មិនបានទៀតផង ឃើញបែបនេះ គាត់ក៏នាំប្រពន្ធទៅឱ្យអ្នកលក់ថ្នាំពេទ្យមើល ក៏ត្រូវគេណែនាំថា ស្ថានភាពបែបនេះ ទាល់តែនាំទៅរកគ្រូពេទ្យធ្មេញទើបបាន ប៉ុន្តែគាត់អត់មានលទ្ធភាពនាំប្រពន្ធទៅពេទ្យទេ បានត្រឹមផ្សំថ្នាំ១គ្រាប់ ២គ្រាប់ឱ្យប្រពន្ធលេបប៉ុណ្ណោះ។ លុះមកដល់យប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ គាត់ក៏សម្រេចចិត្តទៅរកលុយកាក់ពីឪពុកម្តាយ និងបងប្អូននៅស្រុកកំណើត បំណងយកមកនាំប្រពន្ធទៅមន្ទីរពេទ្យរុស្ស៊ី ដោយគិតថា ចាំរកលុយកាក់ពីស្រុកបានត្រឡប់មកវិញ នឹងទំនាក់ទំនងសុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន ដឹកប្រពន្ធទៅពេទ្យរុស្ស៊ី ក្រែងអស់សោហ៊ុយ ព្យាបាលតិចតួច។

បុរសជាប្តីរូបនេះ បានឱ្យដឹងទៀតថា លុះមកដល់ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយពីបានឪពុកម្តាយ និងបងប្អូនរៃលុយគ្នាឱ្យបានប្រមាណ៧-៨ម៉ឺនរៀល គាត់ក៏ប្រញាប់ត្រឡប់មករកប្រពន្ធវិញ នឹកថា មានលទ្ធភាពនាំប្រពន្ធទៅពេទ្យហើយ ស្រាប់តែមកដល់ ឃើញប្រពន្ធហាក់មានអាការៈល្ហិតល្ហៃ ទន់ដៃជើង ទើបគាត់យកកន្ទេលក្រាលលើចិញ្ចើមផ្លូវជាប់របងវត្តស្ទឹងមានជ័យ រួចដាក់ប្រពន្ធឱ្យដេក និងបានហៅ ប្រជាពលរដ្ឋក្បែរខាងឱ្យមកជួយមើល ស្រាប់តែអកុសលប្រពន្ធរបស់គាត់ បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

បុរសជាប្តី បានបញ្ជាក់ថា ដោយសារតែជីវភាពទីទ័លក្រខ្លាំងពេក ទើបគាត់គ្មានលុយយកប្រពន្ធ ទៅព្យាបាលនៅមន្ទីរពេទ្យ ជាហេតុធ្វើឱ្យប្រពន្ធត្រូវស្លាប់យ៉ាងអាណោចអាធ័មបែបនេះ មិនតែប៉ុណ្ណោះ ពេលប្រពន្ធស្លាប់ទៅ គាត់ក៏មិនមានប្រាក់ដើម្បីរៀបចំធ្វើបុណ្យសពឱ្យប្រពន្ធឱ្យបានត្រឹមត្រូវដែរ សូម្បីតែកន្លែងតម្កល់សព ក៏គ្មានសមរម្យនឹងគេ បានត្រឹមក្រាលកន្ទេលលើចិញ្ចើមផ្លូវ រួចដាក់សពប្រពន្ធពីលើ ទាំងគ្មានក្រណាត់សអ្វីមកគ្របសពប្រពន្ធឡើយ៕

RELATED ARTICLES