Monday, July 28, 2025
Homeព័ត៌មានអន្តរជាតិនាំស្រីឡើងផ្ទះសំណាក់រួមរ័ក ស្រីចុះទៅបាត់ ខាងប្រុសដេកស្លាប់ផ្កាប់មុខ

នាំស្រីឡើងផ្ទះសំណាក់រួមរ័ក ស្រីចុះទៅបាត់ ខាងប្រុសដេកស្លាប់ផ្កាប់មុខ

ភ្នំពេញ ៖ បុរសម្នាក់បានដឹកស្រីស្នេហ៍ចូលផ្ទះសំណាក់រួមរ័កមេត្រី លុះកន្លះម៉ោងក្រោយមក ខាងស្រីក៏ចុះពីបន្ទប់ផ្ទះសំណាក់មកមុនរួច ក៏ចាកចេញទៅបាត់ ចំណែកខាងប្រុសបាត់យូរមិនឃើញចុះមកវិញ ទើបខាងផ្ទះសំណាក់មានការសង្ស័យឡើងទៅមើល ស្រាប់តែប្រទះឃើញបុរសរងគ្រោះដេកស្លាប់ផ្កាប់មុខនៅលើគ្រែបាត់ទៅហើយ ធ្វើឱ្យមានការសង្ស័យថា ជាករណីឃាតកម្ម។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់ យីហោ បេ៩ ស្ថិតនៅផ្ទះលេខ 43B9 ផ្លូវលេខ៨៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឱ្យដឹងថា សពមានឈ្មោះជី ពៅ អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកតារ័ត្ន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល (យោងតាមអត្តសញ្ញាណប័ណ្ណ)។

តាមប្រភពពីបុគ្គលិកផ្ទះសំណាក់ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុនៅវេលាម៉ោង១រសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ គេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GB-4355 បានឌុបនារីម្នាក់មករកបន្ទប់ស្នាក់នៅ។ ភ្លាមៗនោះ បុគ្គលិកដែលបម្រើការនៅទីនោះ បានយកសោបន្ទប់ឡៅតឿ ជាន់ទី១ ឱ្យទៅបុរសនោះ ដើម្បីចូលទៅស្នាក់នៅ។

ប្រភពដដែលបន្តថា លុះដល់ម៉ោង១និង៣០នាទីរសៀលថ្ងៃដដែល ស្រាប់តែនារីដែលឡើងផ្ទះសំណាក់ជាមួយជនរងគ្រោះ បានចុះមកខាងក្រោមតែម្នាក់ឯង រួចចេញទៅខាងក្រៅបាត់ ដោយមិនឃើញត្រឡប់មកវិញសោះ។ ដោយមានការសង្ស័យបុគ្គលិកដែលបម្រើការនៅទីនោះ បានឡើងទៅមើល ស្រាប់តែឃើញបុរសរងជនគ្រោះរូបនេះ បានដេកផ្កាប់មុខស្លាប់នៅលើគ្រែពូកតែម្នាក់ឯង ដោយមិនមានស្លៀកសំលៀកបំពាក់អ្វីទាំងអស់។ រីឯសម្ភាររបស់ជនរងគ្រោះបានបាត់បង់មួយចំនួនរួមមាន ទូរស័ព្ទដៃ មួយគ្រឿង និងកាបូបលុយ។

ក្រោយកើតហេតុ បុគ្គលិកដែលបម្រើការងារនៅទីនោះ បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកពិនិត្យនៅក្នុងផ្ទះសំណាក់។ នៅពេលដែលសមត្ថកិច្ចមូលដ្ឋានចុះមកដល់ផ្ទះសំណាក់ ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ នៃស្នងការនគរបាល រាជធានីភ្នំពេញ ដើម្បីពិនិត្យមើលសាកសពបុរសរងគ្រោះ។

បច្ចុប្បន្ន សាកសពត្រូវសមត្ថកិច្ចយកដឹកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំស្រាវជ្រាវ និងស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ រឺឯម៉ូតូរបស់បុរសរងគ្រោះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្រះចក៕

RELATED ARTICLES