ខេត្តកណ្តាល ៖ គូស្នេហ៍មួយគូ ប្រកបរបរលក់គុយទាវតក់ៗ មើលទៅមិនសូវកាក់កប ក៏ស្រាប់តែបែកគំនិត បបួលគ្នាចែកចាយគ្រឿងញៀនក្រែងបានលុយធំ ដឹងអី អស់លក្ខណ៍ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ បញ្ជូនទៅកាន់តុលាការ និងត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត កណ្តាលសម្រេចឃុំខ្លួនដាក់ក្នុងពន្ធនាគារខេត្តកណ្តាល កាលពីល្ងាច ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨។
ជនជាប់ចោទដែលត្រូវតុលាការសម្រេចឃុំខ្លួន ដាក់នៅក្នុងពន្ធនាគារទាំង២នាក់ រួមមាន ទី១-ឈ្មោះឌី ហៀង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់គុយទាវ មានលំនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងទី២-ឈ្មោះសុង រដ្ឋ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកោះធំ ឃុំកោះធំ ស្រុកកោះធំ។ ជនសង្ស័យទាំង២នាក់ ត្រូវជាគូស្នេហ៍នឹងគ្នា និងត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨។
មន្ត្រីកងរាជអាវុធហត្ថក្រុងតាខ្មៅ បានបញ្ជាក់ប្រាប់ថា ជនជាប់ចោទជាគូស្នេហ៍ទាំង២នាក់ខាងលើនេះ ត្រូវបានលោកគឹម ម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីកាឃុំខ្លួន ដាក់ក្នុងពន្ធនាគារជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទ “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ដែលបានប្រព្រឹត្តនៅក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ កាលពីវេលាម៉ោង១ និង៥៥នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
មន្ត្រីអាវុធហត្ថដដែល បានបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យជាគូស្នេហ៍ខាងលើនេះ គឺកាលពីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលព័ត៌មានមកថា នៅក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ មានការចែកចាយ និងប្រើប្រាស់ថ្នាំញៀន។ បន្ទាប់ពីមានសេចក្តីរាយការណ៍បែបនេះភ្លាម លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងតាខ្មៅ បានដឹកនាំកម្លាំង ចុះទៅសហការជាមួយនឹងកម្លាំង ការិយាល័យបទល្មើសគ្រឿងញៀន និងមេភូមិព្រែកឫស្សី ក្រោមការសម្របសម្រួលពីលោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ចេញបង្ក្រាប និងឃាត់ខ្លួនគូស្នេហ៍ទាំងពីរនាក់ខាងលើ និងដកហូតបានថ្នាំញៀនចំនួន១៥កញ្ចប់ (តូច១៣កញ្ចប់ ធំ២កញ្ចប់) រួមនឹងវត្ថុតាងមួយចំនួនទៀត៕