Monday, July 28, 2025
Homeព័ត៌មានជាតិទាស់សម្តី ទាញពូថៅកាប់២នាក់ប្តីប្រពន្ធ

ទាស់សម្តី ទាញពូថៅកាប់២នាក់ប្តីប្រពន្ធ

ខេត្តកំពង់ចាម ៖ បុរសម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយប្តីប្រពន្ធ២នាក់ ដែលរស់នៅក្នុងភូមិជាមួយគ្នា លុះភ្លើងកំហឹងពុះកញ្ជ្រោលខ្លាំងទប់មិនជាប់ ក៏ស្ទុះទៅទាញពូថៅ មកកាប់ប្រហារជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ ចំណែកជនដៃដល់ត្រូវ បានសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។

ករណីទំនាស់ពាក្យសំដី ក្លាយជាអំពើហិង្សា កាប់ប្រហារប្តីប្រពន្ធ២នាក់ឱ្យរងរបួសធ្ងន់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចទួលឈើអែម ស្ថិតក្នុងភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម។

ជនដៃដល់ដែលកាប់ប្រហារគូទំនាស់២នាក់ប្តីប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះសយ សុខឃាន អាយុ៣៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ រួមមានបុរសជាប្តីមានឈ្មោះប៉ាន់ សុវណ្ណ អាយុ៤៣ឆ្នាំ មុខរបរកសិករ រងរបួសធ្ងន់ចំនួន២កន្លែង (ចំក្បាលផ្នែកខាងឆ្វេងចំនួន១កន្លែង ចំថ្ពាល់ផ្នែកខាងស្តាំ១កន្លែង)។ រីឯស្ត្រីជាប្រពន្ធ មានឈ្មោះឡេង សុខឃឿន អាយុ៤៣ឆ្នាំ មុខរបរកសិករ រងរបួសចំនួន១កន្លែង (ចំគុម្ពត្រចៀកផ្នែកខាងឆ្វេង១កន្លែង)។ ប្តីប្រពន្ធជនរងគ្រោះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយជនសង្ស័យ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធជនរងគ្រោះ បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងជនដៃដល់ តែមិនដឹងថាជំលោះផ្តើមចេញពីរឿងអ្វីនោះទេ ស្រាប់តែក្រោយមក ទំនាស់កាន់តែកើនកំដៅ រហូតដល់ជនដៃដល់ទ្រាំមិនបាន ក៏ស្ទុះទៅទាញពូថៅ មកកាប់ប្រហារជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង៕

RELATED ARTICLES