Monday, July 28, 2025
Homeព័ត៌មានជាតិឪពុកចិត្តឃោរឃៅ វ៉ៃកូនស្រី៣ឆ្នាំ រហូតដល់ខ្ទាំឈាមភ្នែក

ឪពុកចិត្តឃោរឃៅ វ៉ៃកូនស្រី៣ឆ្នាំ រហូតដល់ខ្ទាំឈាមភ្នែក

ខេត្តកណ្តាល ៖ ក្មេងស្រីតូចម្នាក់ ទើបនឹងមានអាយុ៣ឆ្នាំ ស្រាប់តែទទួលរងអំពើហិង្សាយ៉ាងឃោរឃៅពីសំណាក់បុរសជាឪពុក បណ្តាលឱ្យរងរបួសស្នាមសុសពេញខ្លួន ពិសេសជាំភ្នែកទាំងសងខាង និងថែមទាំងខ្ទាំឈាមក្នុងភ្នែកទៀតផង លុះអ្នកជិតខាងប្រទះឃើញអត់ទ្រាំពុំបាន ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ឃាត់ខ្លួនបុរសជាឪពុកចិត្តកំណាចនាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍អំពើហិង្សា ឪពុកបង្កើតវ៉ៃធ្វើទារុណកម្មកូនស្រីយ៉ាងឃោរឃៅនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាល្ងាច ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ក្មេងស្រីរងគ្រោះ ដែលទទួលរងអំពើហិង្សាពីបុរសជាឪពុកបង្កើត ឈ្មោះចាន់ណា ទើបនឹងមានអាយុ៣ឆ្នាំប៉ុណ្ណោះ សព្វថ្ងៃរស់នៅក្នុងបន្ទុកឪពុកបង្កើត និងម្តាយចុង ក្នុងបន្ទប់ជួលទីតាំងកើតហេតុខាងលើ។ ចំណែកជនដៃដល់ជាឪពុកបង្កើត មានឈ្មោះធូ អាយុជាង៣០ឆ្នាំ។

តាមសម្តីស្ត្រីជាម្តាយចុងរបស់ក្មេងស្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នាងទើបនឹងចាប់ដៃជាមួយប្តី (ជនដៃដល់) បានប្រមាណរយៈពេលជាង១ខែប៉ុណ្ណោះ ដោយប្តីគឺជាពោះម៉ាយកូន២នាក់ (ប្រុស១ ស្រី១) ដោយក្នុងនោះកូនប្រុសច្បង មានអាយុ៦ឆ្នាំ ចំណែកកូនស្រីពៅ (ក្មេងស្រីរងគ្រោះ) ទើបនឹងអាយុ៣ឆ្នាំប៉ុណ្ណោះ។

ស្ត្រីជាម្តាយចុងក្មេងស្រីរងគ្រោះបន្តថា ត្បិតថានាងគឺជាម្តាយចុងរបស់ក្មេងទាំងពីរនាក់បងប្អូននេះមែន ប៉ុន្តែគាត់ស្រលាញ់យកចិត្តទុកដាក់មើលថែកូនទាំងពីរណាស់ ដោយចាត់ទុកដូចជាកូនបង្កើតអ៊ីចឹង។ ប៉ុន្តែផ្ទុយទៅវិញ ប្តីរបស់នាង ដែលជាឪពុកបង្កើត បែរជាមានចិត្តឃោរឃៅ វាយដំកូនប្រុសស្រីរបស់ខ្លួន ដោយគ្មានអាណិតអាសូរទៅវិញ ហើយសូម្បីតែនាងជាប្រពន្ធចុង ក៏ត្រូវប្តីកំណាចនេះវ៉ៃដំជាច្រើនលើកច្រើនសារដែរ ពិសេសរាល់ពេលដែលប្តីផឹកស្រាស្រវឹងម្តងៗ។

ស្ត្រីជាប្រពន្ធចុងជនដៃដល់ បានឱ្យដឹងថា ដំបូងឡើយ ក៏មានគេលួចប្រាប់នាងដែរថា ប្តីនេះគឺជាមនុស្សឃោរឃៅណាស់ ប៉ះដៃវ៉ៃដៃ ប៉ះជើងវ៉ៃជើង ហេតុនេះទើបប្រពន្ធដើមទ្រាំមិនបាន លែងលះគ្នា ហើយប្តីនេះ ក៏បានទៅលួចយកកូនទាំងពីរនាក់មករស់នៅជាមួយក្នុងបន្ទប់ជួល ខាងលើនេះ ប៉ុន្តែនាងមិនជឿ និងគិតថាប្តីមិនដល់ថ្នាក់នឹងទេ លុះពេលចាប់ដៃគ្នាទើបដឹងថា អ្វីដែលគេនិយាយនៅស្ទើរណាស់ ព្រោះប្តីនេះ កោងកាចឃោរឃៅ ជាងគេលួចប្រាប់១០ដងឯណោះ។ ជាក់ស្តែង គ្រាន់តែកូនស្រី (ក្មេងស្រីរងគ្រោះ) មិនស្រួលខ្លួន ក្អកក្អួតកណ្តាលយប់ ស្រាប់តែ ប្តីកំណាចនេះ ស្ទុះក្រោកឡើងវាយដំកូនស្រីយ៉ាងចាស់ដៃ និងថែមទាំងដាល់ចូលភ្នែកកូនស្រីទាំងសងខាង បណ្តាលឱ្យរងរបួសជាំខ្ទាំឈាមក្នុងភ្នែកតែម្តង ដោយអះអាងថា កូនស្រីនេះក្អកថ្លង់ពេករកដេកពួនមិនបាន។ ចំណែកនាង ពេលឃើញប្តីរ៉ៃកូនបែបនេះ មិនហ៊ានចូលជួយឡើយ ព្រោះខ្លាចប្តីវ៉ៃ ឬអាចសម្លាប់ចោលទៀតផង ព្រោះលើកមុន ពេលនាងចូលជួយកូន ពេលដែលប្តីកំពុងវ៉ៃ ក៏ត្រូវប្តីវ៉ៃនាងស្ទើរស្លាប់ស្ទើររស់ឯណោះ។ ទោះជាប្តីប្រើហិង្សាដាក់នាង និងកូនប្រុសស្រីយ៉ាងណា ក៏នាងមិនហ៊ានប្តឹងសមត្ថកិច្ចឡើយ ព្រោះខ្លាចប្តីសម្លាប់ចោល។ តែក្រោយមក ដោយសារតែអ្នកជិតខាង បានឃើញសភាពកូនស្រីគួរឱ្យអាណិតអាសូរខ្លាំងពេក ទ្រាំមិនបាន ទើបលួចរាយការណ៍ទៅវិទ្យុអេប៊ីស៊ី និងឈានដល់ការ អន្តរាគមន៍ពីកម្លាំងអាវុធហត្ថចុះឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨តែម្តង។

ចំណែកក្មេងប្រុសដែលត្រូវជាបងបង្កើតរបស់ក្មេងស្រីរងគ្រោះខាងលើ បានរៀបរាប់ពីសកម្មភាពហិង្សាយ៉ាងឃោរឃៅរបស់ឪពុកខ្លួនថា “នៅមុនពេលកើតហេតុ ប៉ាមកពីធ្វើការវិញ ហើយផឹកស្រាស្រវឹង លុះយប់បន្តិច មិនដឹងថាប្អូនស្រីឈឺអីទេ ស្រាប់តែក្អកខ្លាំងៗ និងធ្វើទុក្ខបម្រុងក្អួតចង្អោរទៀត ទើបធ្វើឱ្យប៉ាខឹងថាមិនបានដេកមិនបានពួន ក៏ភ្ញាក់មកវ៉ៃយកៗម៉ង ដោយភ័យខ្លាចប៉ាផង ប្អូនស្រីរបស់ខ្លួនសំងំយំតិចៗ រហូតគេងលក់បាត់ទៅ…”៕

RELATED ARTICLES