Monday, July 28, 2025
Homeព័ត៌មានជាតិកាន់ប៉័ងតោគំរាមប្លន់ទូរស័ព្ទ ជាប់ខ្នោះ

កាន់ប៉័ងតោគំរាមប្លន់ទូរស័ព្ទ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកកាំបិតប៉័ងតោ ទៅគំរាមប្លន់យកទូរស័ព្ទដៃ១គ្រឿង ពីយុវជនម្នាក់ រួចយកទៅលក់ដើរចាយវាយ ទិញថ្នាំញៀនជក់អស់ ទីបំផុតជនរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជាប់ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខវត្តនិរោធ តាមផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទឹម វឌ្ឃនៈ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះ មានឈ្មោះអ៊ុក ចន្និ អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៤ ផ្លូវលំ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេបានដើរចេញពីផ្ទះមិត្តភក្តិ នៅសង្កាត់ច្បារអំពៅទី២ បំណងត្រឡប់ទៅផ្ទះនៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅវិញ។ លុះពេលដែលរូបគេ ដើរមកដល់ចំណុចខាងមុខវិទ្យាល័យច្បារអំពៅ ស្រាប់តែលេចមុខជនសង្ស័យខាងលើ បានយកកាំបិតប៉័ងតោ មកគំរាមប្លន់យកទូរស័ព្ទរបស់ខ្លួន១គ្រឿង ម៉ាក iPhone 6 ពណ៌ទឹកមាស បានសម្រេចរួចគេចខ្លួនបាត់។

ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាន កាលពីព្រលប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានគំរាមប្លន់យកទូរស័ព្ទ១គ្រឿងពីជនរងគ្រោះប្រាកដមែន។ ក្រោយពីរូបគេធ្វើសកម្មភាពប្លន់បានសម្រេច រូបគេបានយកទូរស័ព្ទទៅបញ្ចាំនៅម្តុំច្បារអំពៅក្នុងតម្លៃ២០ម៉ឺនរៀល និងយកលុយទៅទិញគ្រឿង ញៀនជក់ និងដើរស៊ីចាយអស់ទៅហើយ។ លុះមកដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ រូបគេកំពុងដើរនៅមុខវត្តនិរោធ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង៕

RELATED ARTICLES