Monday, July 28, 2025
Homeព័ត៌មានជាតិសម្រាលកូនបាន៣ខែ ខឹងប្តីអត់មកផ្ទះ បីកូនរត់ចូលឡាន

សម្រាលកូនបាន៣ខែ ខឹងប្តីអត់មកផ្ទះ បីកូនរត់ចូលឡាន

ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់នេះ ទើបនឹងសម្រាលកូនបាន៣ខែ ស្រាប់តែប្តីចេញទៅធ្វើការបាត់មិនព្រមត្រឡប់មកផ្ទះវិញសោះ ទុកឱ្យ ប្រពន្ធកូនរស់នៅទីទ័លក្រ លំបាកវេទនា គ្មានលុយចិញ្ចឹមកូន ណាមួយខ្វះភាពកក់ក្តៅពីប្តីផង ក៏ធ្វើឱ្យស្ត្រីរូបនេះ ឈឺចិត្តស្អិតទ្រូង សម្រេចចិត្តគិតខ្លី បីកូនខ្ចីរត់ចូលឡាន បំណងសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ២ ចំណុភូមិសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប។

ស្ត្រីគិតខ្លីដែលបីកូនស្រីរត់ទៅកណ្តាលផ្លូវប៉ុនប៉ងសម្លាប់ខ្លួននេះ មានឈ្មោះសូ មុំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកបុរសជាប្តីដែលចេញទៅធ្វើការបាត់ មិនព្រមត្រឡប់មកផ្ទះអើតឈ្ងោកប្រពន្ធកូនវិញនោះ មានឈ្មោះយស់ កាន អាយុ២៦ឆ្នាំ មុខរបរកម្មករដេប៉ូឈើ។

នាងសូ មុំ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នាងមានស្រុកកំណើតកើតជានៅក្នុងភូមិឃុំខាងលើ និងរស់នៅក្នុងជីវភាពទីទ័លក្រណាស់ គ្មានបានរៀនសូត្រចេះដឹងអ្វីនឹងគេទេ លុះនាងធំពេញវ័យ ទាក់ទងស្នេហាជាមួយនឹងប្តីឈ្មោះយស់ កាន នេះស្រាប់តែឪពុកម្តាយបង្កើត រួមនឹងបងប្អូន មិនពេញចិត្ត ក៏កាត់កាល់នាងចោលតែម្តង។ ចំណែកនាង ហេតុតែស្រឡាញ់ប្តី ទោះជាឪពុកម្តាយមិនពេញចិត្ត ក៏សម្រេចរត់ទៅរៀបការ ខាងប្តី បានជាង១ឆ្នាំមកហើយ និងទើបទទួលបានចំណងដៃកូនស្រីម្នាក់ទើបនឹងមានអាយុ៣ខែប៉ុណ្ណោះ។

នាងសូ មុំ បន្តថា ក្រោយពីរៀបការរួច នាងចាប់ផ្តើមពពោះ ប្តីរបស់នាងក៏បានចេញទៅធ្វើជាកម្មករលីសែង នៅក្នុងដេប៉ូឈើមួយកន្លែង ដើម្បីរកថវិកាមកផ្គត់ផ្គង់ក្នុងគ្រួសារ តែផ្ទុយទៅវិញ តាំងពីប្តីចេញទៅធ្វើការនៅដេប៉ូឈើនោះ គឺមិនដែលត្រឡប់មកផ្ទះវិញសោះ ហើយសូម្បីតែលុយកាក់ ក៏មិនឃើញផ្ញើមកចិញ្ចឹមប្រពន្ធកូនដែរ ធ្វើឱ្យនាងនិងកូនតូចរស់នៅក្នុងខ្ទមកំសត់ សូម្បីតែភ្លើងក៏គ្មានប្រើផង ផ្ទះងងឹតសូន្យសុង លឺតែសំឡេងកង្កែបចង្រិត យំពេលរាត្រី សុខចិត្តយំឱបកូនខ្ចី ស្រណោះខ្លួនរត់តាមប្តី តែប្តីមិននៅជួបជុំ ជីវិតហាក់បីដូចអស់សង្ឃឹម ចង់តែស្លាប់ ដើម្បីផុតទុក្ខ ដ៏មហាសែនលំបាកមួយនេះ។

ស្ត្រីអភ័ព្វខាងលើ បានឱ្យដឹងទៀតថា ពេលដាំបាយគ្មានអង្ករច្រកឆ្នាំង រត់ទៅខ្ចីអង្ករអ្នកជិតខាង សង្ឃឹមលុយប្តី តែមិនឃើញប្តីមក ក៏សម្រេចចិត្តជួលម៉ូតូឌុប ជិះមកតាមប្តីដើម្បីបានលុយខ្លះ អ្វីៗមិនដូចបំណងប្រាថ្នាទាល់តែសោះ ខណៈមកជួបមុខប្តី បែរជាប្តីមិនព្រមទៅផ្ទះ ហើយចង់ចែកផ្លូវទៅទៀត តើស្ត្រីណាមិនឈឺចិត្ត? ហេតុនេះហើយ ទើបនាងសម្រេចចិត្តបីកូនរត់ទៅកណ្តាលផ្លូវ ដើម្បីឱ្យឡានម៉ូតូ បុកបញ្ចប់ ជីវិតតែម្តង។

ស្ត្រីអភ័ព្វរូបនេះ បានបន្ថែមថា តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមក ប្តីនេះពុំដែលវាយតប់នាងទេ ហើយកាលពីមិនទាន់ មកធ្វើការនៅដេប៉ូ ឈើ ប្តីមានមុខរបរដើរតាមឡានដឹកឥដ្ឋ និងតែងត្រឡប់មកផ្ទះជួបជុំប្រពន្ធកូនរាល់ថ្ងៃ និងបានលុយចូលផ្ទះខ្លះ តែចាប់តាំងប្តីខ្លួនមានមិត្តភក្កិ ធ្វើការនៅដេប៉ូឈើនេះ បានអូសទាញប្តីឱ្យមកធ្វើការ មិនទៅផ្ទះវិញទេ ធ្វើឱ្យនាងរស់នៅលំបាកវេទនាផង ខ្វះភាពកក់ក្តៅពីប្តីផង ទើបមានគំនិតខ្លីបែបនេះ។

ដោយឡែក បុរសជាប្តីវិញ បានបញ្ជាក់ថា តាមពិតខ្លួនមិនបានរត់ចោលប្រពន្ធកូនទេ ប៉ុន្តែដោយសារជីវភាពខ្វះខាត ទើបរូបគេបានស្កាត់ចេញពីផ្ទះមកធ្វើកម្មករលីសែងនៅដេប៉ូឈើខាងលើ ដើម្បីរកលុយចិញ្ចឹមប្រពន្ធកូន គ្រាន់តែមិនបានទៅផ្ទះ ព្រោះរវល់ទៅតាមរថយន្ត ដឹកឥវ៉ាន់ មកវិញយប់ៗ មិនបានទៅផ្ទះវិញតែប៉ុណ្ណោះ ហើយក៏មិនបានលែងលះគ្នាដែរ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ និងធ្វើការអប់រំកុំស្ត្រីខាងលើ មានគំនិតខ្លីតទៅទៀត ត្រូវចេះស្រឡាញ់គ្រួសារ ជាពិសេសកូនដែលនៅតូចមិនដឹងអី ហើយមករងគ្រោះដោយសារម្តាយគិតខ្លី៕

RELATED ARTICLES