ខេត្តកណ្តាល ៖ បុរសម្នាក់តែងផឹកស្រាស្រវឹងជាប់ជាប្រចាំ ទោះជាក្រុមគ្រួសារអង្វរកហាមឃាត់យ៉ាងណា ក៏មិនព្រមស្តាប់ លុះផឹកស្រវឹង ដើរបាត់ពីផ្ទះ២ថ្ងៃ ធ្វើឱ្យក្រុមគ្រួសារនាំគ្នាដើរតាមរកដែរ តែមិនឃើញ ទីបំផុតក៏ត្រូវបានអ្នកភូមិប្រទះឃើញសាកសពអណ្តែតទឹកបឹង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចបឹងខ្លុង ស្ថិតក្នុងភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ។
បុរសរងគ្រោះខាងលើ មានឈ្មោះគឹម រិទ្ធី ហៅចិត្ត អាយុ៣៣ឆ្នាំ មុខរបរគ្មាន ជាមនុស្សស្រវឹងខួប មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះ គឺជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ តែផឹកស្រវឹងជាប់ជាប្រចាំ រហូតដល់ក្លាយជាមនុស្សប្រមឹកទៅហើយ ទោះជាក្រុមគ្រួសារអង្វរក លួងលោមឱ្យកាត់បន្ថយការផឹកខ្លះទៅ ក៏ជនរងគ្រោះមិនខ្ចីស្តាប់ នៅតែបន្តផឹកកាន់តែខ្លាំងលើសដើម។
ប្រភពដដែលបន្តថា នៅមុនកើតហេតុ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ មានអ្នកភូមិប្រទះឃើញជនរងគ្រោះដើរទៅផ្ទះតែម្នាក់ឯង ក្នុងស្ថានភាពស្រវឹងស្រាខ្លាំង ហើយចាប់ពីថ្ងៃនោះមក ក៏បានបាត់ជនរងគ្រោះរហូត ហើយក្រុមគ្រួសារសាច់ញាតិ ក៏បាននាំគ្នាដើររក ប៉ុន្តែដើររកមិនឃើញ។ រហូតមកដល់វេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ស្រាប់តែមានអ្នកភូមិម្នាក់ចេញទៅដាក់មងនៅចំណុចបឹងកើតហេតុខាងលើ ក៏ប្រទះឃើញសាកសពជនរងគ្រោះអណ្តែតទឹកក្បែរគម្ពោតព្រៃ ទើបកើតមានការភ្ញាក់ផ្អើលឡើងតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ជ្រៃលាស់ និងផ្នែកជំនាញស្រុក បានចុះដល់ទីទាំងកើតហេតុ និងបង្កើតគណៈកម្មការ មានប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យផ្នែកជំនាញ និងក្រុមគ្រួសារជនរងគ្រោះ ដើម្បីពិនិត្យកន្លែងកើតហេតុនិងពិនិត្យសាកសព៕