Monday, July 28, 2025
Homeព័ត៌មានជាតិក្រឡាប់រថយន្តដឹកជន្លង់ម្រេច ស្លាប់២ របួស១២នាក់

ក្រឡាប់រថយន្តដឹកជន្លង់ម្រេច ស្លាប់២ របួស១២នាក់

ខេត្តមណ្ឌលគិរី ៖ រថយន្តដឹកជន្លង់ម្រេចមួយគ្រឿង កំពុងបើកបរលើដងផ្លូវ លុះដល់ចំណុចផ្លូវចុះចំណោត និងកោងខ្លាំង ប្តូរលេខមិនចូល ក៏បណ្តាលឱ្យរេចង្កូតធ្លាក់ចិញ្ចើមផ្លូវក្រឡាប់ទាំងកំរោល បណ្តាលឱ្យកម្មករ២នាក់ដែលជិះលើរថយន្ត បានស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែង ចំណែក១២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ដោយឡែកតៃកុង និងព្រូរថយន្ត៣នាក់ បានរត់គេចខ្លួនបាត់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តធុនធំខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចអូរងើយ ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង។

ជនរងគ្រោះដែលបាត់បង់ជីវិតទាំង២នាក់ នៅក្នុងហេតុការណ៍ក្រឡាប់រថយន្តខាងលើនេះ មិនទាន់ត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ។ ដោយឡែកក្នុងចំណោមជនរងគ្រោះដែលរងរបួសធ្ងន់ស្រាលទាំង១២នាក់ ត្រូវបានស្គាល់អត្តសញ្ញាណតែចំនួន៤នាក់ប៉ុណ្ណោះ ក្នុងនោះ ទី១-ឈ្មោះសេង បែន ភេទប្រុស អាយុ៣០ឆ្នាំ របួសជើងទាំងសងខាង ទី២-ឈ្មោះសយ ស៊ីជន់ អាយុ៤០ឆ្នាំ បាក់ដៃស្តាំ ទី៣-ឈ្មោះអាង ចាន់ថែ អាយុ៣៦ឆ្នាំ បែកក្បាល និងទី៤-ឈ្មោះស៊ុន គឹមសឿន ភេទប្រុស អាយុ៥២ឆ្នាំ របួសស្រាល។

លោកសូ សំអាត មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរាំង បានបញ្ជាក់ប្រាប់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតនៅចំនុច UTM 0724595, 1358395 ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ត្រង់ក្បាលស្ពានអូរងើយ ដោយរថយន្ត ជួបហេតុការណ៍ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 2C-3075 ដឹកជន្លង់ម្រេចពីស្រុកមេមត់ មកដាំនៅស្រុកពេជ្រាដា។ លុះពេល បើកបរ មកដល់ចំនុចខាងលើ ជាចំណុចចុះចំណោតផ្លូវកោង អ្នកបើកបរប្តូរលេខរថយន្តមិនចូល ក៏បណ្តាលឱ្យរេចង្កូតធ្លាក់ចិញ្ចើមផ្លូវខាងស្តាំដៃក្រឡាប់តែម្តង បង្កឱ្យអ្នកជិះក្នុងរថយន្ត សរុបចំនួន១៧នាក់ ប្រុសទាំងអស់ ស្លាប់២នាក់ រងរបួសធ្ងន់ស្រាលចំនួន១២នាក់ ចំណែកតៃកុងនិងព្រូ៣នាក់រត់បាត់ភ្លាមៗ ក្រោយកើតហេតុ៕

RELATED ARTICLES