Monday, July 28, 2025
Homeព័ត៌មានជាតិឧកញ៉ាអ៊ឹម ប្រុស គ្រូវេទមន្តល្បី ពលរដ្ឋចោទពូកែបោក

ឧកញ៉ាអ៊ឹម ប្រុស គ្រូវេទមន្តល្បី ពលរដ្ឋចោទពូកែបោក

ខេត្តកំពង់ចាម ៖ បុរសជាគ្រូវេទមន្តម្នាក់ ដែលកំពុងល្បីឈ្មោះពេញខេត្តកំពង់ចាម និងថែមទាំងមានងារជាឧកញ៉ាទៀតនោះ ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា ជាគ្រូពូកែបោកប្រាស់ ដោយប្រើជំនាញទស្សន៍ទាយមន្តវិជ្ជាជប់ចេញមាសពេជ្រ លក់វត្ថុស័ក្តិសិទ្ធដាក់ក្នុងផ្ទះជួយឱ្យរក ស៊ីមានបាន តាមពិតជារបស់ក្លែងក្លាយ (លក់នៅផ្សារទួលទំពូង) និងបានបោកបញ្ឆោតពីអ្នកដែលមានជំនឿ រត់មកពឹងពរ ម្នាក់ៗអស់រាប់ពាន់រាប់ម៉ឺនដុល្លារ រហូតមានលទ្ធភាពសង់ភូមិគ្រឹះស្កឹមស្កៃរស់នៅយ៉ាងរំភើយ ដែលតាមធាតុពិតជំពាក់បំណុលគេរុំកោះ ត្រូវម្ចាស់បំណុលតាមទាររាល់ថ្ងៃ។

ឧកញ៉ា អ៊ឹម ប្រុស ធ្វើពិធីបោកប្រាសអ្នកស្រុក

គ្រូវេទមន្ត ដែលទទួលរងការចោទប្រកាន់ថា ជាគ្រូឆបោកនេះ មានឈ្មោះអ៊ឹម ប្រុស មានងារជាឧកញ៉ា តែងតាំងដោយព្រះរាជក្រឹត្យ ត្រឹមត្រូវ សព្វថ្ងៃប្រកបរបរជាគ្រូវេទមន្ត ទស្សន៍ទាយ ធ្វើយ័ន្ត ជប់វត្ថុស័ក្តិសិទ្ធសម្រាប់ទុកតាំងក្នុងផ្ទះឱ្យរកស៊ីមានបាន និងមានលំនៅក្នុងភូមិអណ្តូងច្រោះ ឃុំអំពិល ស្រុកកំពង់សៀម (ជាប់ផ្លូវឡើងទៅភ្នំប្រុស)។ ចំណែកស្ត្រីរងគ្រោះដែលអះអាងថា ត្រូវគ្រូអ៊ឹម ប្រុស ឆបោកនិងជំពាក់ ប្រាក់មិនសង មានឈ្មោះហេង សុខអឿន មានលំនៅក្នុងភូមិអណ្តូងច្រោះ ឃុំអំពិល ស្រុកកំពង់សៀម។

បងស្រីហេងសុខអឿន

យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអណ្តូងច្រោះ និងបានដឹងពីប្រវត្តិរបស់ ឧកញ៉ា អ៊ឹម ប្រុស គ្រូវេទមន្តល្បីឈ្មោះខាងលើ បានបង្ហើបប្រាប់ថា ដើមឡើយ លោកអ៊ឹម ប្រុស  គឺជាទាហានរដ្ឋកម្ពុជា រស់នៅភូមិសាស្ត្រស្រែវាល ក្រោយមកក៏បានរៀបការប្រពន្ធឈ្មោះ ផុន ណារ៉េត និងបានរួមរស់មានកូន៦នាក់។ ក្រោយមកលោកអ៊ឹម ប្រុស បានផ្លាស់លំនៅមករស់នៅភូមិអណ្តូងច្រោះ (ជាប់ផ្លូវឡើងភ្នំប្រុស) និងចាប់ផ្តើមប្រកបរបរដើរលក់ស្ករទាញ ចំណែកប្រពន្ធចាក់បាញ់ឆែវលក់ក្នុងភូមិ ដើម្បីជួយគ្នារកចំណូលចិញ្ចឹមកូន៦នាក់។ កាលណោះ លោកអ៊ឹម ប្រុស មិនទាន់ក្លាយជាគ្រូនៅឡើយ ដោយដើរលក់តែស្ករទាញ និងចូលចិត្តលេងល្បែងចាក់គ្រាប់អម្ពិល លុះថ្ងៃណារកលុយមិនបាន ក៏មកផ្ទះវិញ រករឿងវ៉ៃប្រពន្ធកូនរត់ផ្អើលពេញភូមិ និងគ្មានអ្នកជិតខាងណាហ៊ានចូលជួយនោះទេ។ មិនតែប៉ុណ្ណោះ លោកអ៊ឹម ប្រុស ក៏ចូលចិត្តលេងកន្ទុយលេខណាស់ដែរ។

ភូមិគ្រឹះរបស់ឧកញ៉ា អឹមប្រុស បោកអ្នកធំនៅភ្នំពេញឲ្យសាងសង់

ប្រភពដដែលបន្តថា ក្រោយមកមិនបានប៉ុន្មាន ស្រាប់តែគេឃើញលោកអ៊ឹម ប្រុស បានចាប់ផ្តើមស្លៀកសពាក់ស តាំងខ្លួនជាឥសីដើរប្រោសសត្វ ដោយមានជំនាញច្រើនយ៉ាង មានតាំងពីទស្សន៍ទាយជោជតារាសី ទស្សន៍ទាយដី មុខរបរ អាជីវកម្ម ពិសេសចេះជប់វត្ថុស័ក្តិសិទ្ធ សម្រាប់ដាក់ឱ្យត្រជាក់ត្រជុំក្នុងផ្ទះ ដើម្បីរកស៊ីមានបាន ចម្រុងចម្រើន មានលាភហូរចូល ផុតគ្រោះភ័យទាំងឡាយ ដោយវត្ថុស័ក្តិសិទ្ធទាំងនោះ មានដូចជា គុជ ស្នែង កុយ ត្បូង ព្រះអង្គសំរិទ្ធ និងតែមានអ្នកចូលមកពឹងពាក់ឱ្យជួយជាបន្តបន្ទាប់ រហូតល្បីតិៗគ្នាពីមាត់មួយទៅមាត់មួយ ធ្វើឱ្យ មានកូនសិស្សចេញចូលផ្ទះសុំឱ្យជួយយ៉ាងពពាក់ពពូន ជារៀងរាល់ថ្ងៃមិនដែលដាច់ឡើយ។

គុជក្លែងក្លាយដូស៊ីម៉ង់ត៍៥តោន

កន្លងមក អ្នកដែលមកពឹងពរឱ្យលោកគ្រូ អ៊ឹម ប្រុស ជួយ មានតាំងពីអ្នករកស៊ីធម្មតា រហូតដល់អ្នកជំនួញធំៗ ព្រមទាំងមានអ្នកមានបុណ្យស័ក្តិទៀតផង ដោយខ្លះជាអ្នកនៅខេត្តកំពង់ចាម ខ្លះស្កាត់មកពីខេត្តឆ្ងាយ ហើយសូម្បីតែអ្នកជំនួញធំៗនៅភ្នំពេញ ក៏ឡើងចុះផ្ទះគ្រូអ៊ឹម ប្រុស មិនឈប់ដែរ ជាហេតុធ្វើឱ្យលោកគ្រូនេះ មានឱកាសរកប្រាក់ចំណូលបានរាប់សិបលានរៀលក្នុងមួយថ្ងៃៗ រហូតដល់ក្លាយជាឧកញ៉ា ដោយមានព្រះរាជក្រឹត្យតែងតាំងត្រឹមត្រូវ កាលពីអំឡុងឆ្នាំ២០១៤កន្លង ទៅទៀតផង។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយមកក៏មានពាក្យលេចលឺថា គ្រូអ៊ឹម ប្រុស នេះ តាមពិតជាមនុស្សបោកប្រាស់ ដោយវត្ថុស័ក្តិសិទ្ធដែល គាត់អះអាងថាជប់ចេញមកទាំងឡាយ ហើយយក មកទុកឱ្យអ្នកមានជំនឿជាវយកទៅទុកជាវត្ថុស័ក្តិសិទ្ធនោះ តាមពិតគឺគាត់បានទិញមកពីផ្សារ ទួលទំពូងតាំងអស់ ពោលគឺសុទ្ធតែជារបស់ក្លែងក្លាយ គ្មានជប់បានមកពីណាទេ។ ហើយអ្វីដែលធ្វើឱ្យបែកធ្លាយកាន់តែខ្លាំងឡើង គឺបន្ទាប់ពីមានអ្នករងគ្រោះ ដោយសារគ្រូអ៊ឹម ប្រុស បោកប្រាស់ក្នុងម្នាក់ៗរាប់ម៉ឺនដុល្លារ បានដាច់ចិត្តទម្លាយប្រាប់ថា ពួកគាត់ត្រូវគ្រូអ៊ឹម ប្រុស បោកប្រាស់ រហូតមក ទាល់តែគ្រូនេះ សល់លុយរាប់សិបម៉ឺនដុល្លារ យកទៅសង់ភូមិគ្រឹះស្កឹមស្កៃ រស់នៅ ទើបភ្ញាក់ខ្លួន។

ភ្លក់ដំរីក្លែងក្លាយ

ជុំវិញរឿងរ៉ាវទាំងនេះ ស្ត្រីឈ្មោះហេង សុខអឿន បានរៀបរាប់ប្រាប់ថា គាត់គឺជាជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះរាប់រយនាក់ ដែលត្រូវលោកគ្រូអ៊ឹម ប្រុសបោកប្រាស់។ គាត់គឺជាអ្នករស់នៅក្នុងភូមិជាមួយគ្រូអ៊ឹម ប្រុស ហើយកន្លងមក គាត់លឺល្បីថាគ្រូនេះមានមន្តអាគម អូមអាមពូកែ និងអាចជប់វត្ថុស័ក្តិសិទ្ធជាច្រើនមុខ ទើបគាត់បានទៅពឹងគ្រូឱ្យជួយធ្វើឱ្យមុខរបររកស៊ីរបស់គាត់កាក់កបឡើង តាមរយៈការជាវវត្ថស៉័ក្តិសិទ្ធយកមកដាក់ក្នុងផ្ទះ ក៏ត្រូវគ្រូអ៊ឹម ប្រុស បោកប្រាក់អស់ជាច្រើនម៉ឺនដុល្លារ ជាថ្នូរនឹងការទិញវត្ថុស័ក្តិសិទ្ធ ដែលតាមពិតគឺជារបស់ក្លែងក្លាយ (ទិញពីផ្សារទួលទំពូង)។ មូលហេតុដែលគាត់បានដឹងថា ចាញ់បោកគ្រូអ៊ឹម ប្រុស នេះ គឺដោយសារតែថ្ងៃមួយ គាត់បានជួបជាមួយនឹងអ្នកលក់វត្ថុស័ក្តិសិទ្ធក្លែងក្លាយ បាននិយាយប្រាប់គាត់ថា លោកគ្រូអ៊ឹម ប្រុស បានជំពាក់លុយគាត់រាប់ម៉ឺនដុល្លារ ថ្លៃទិញវត្ថុស័ក្តិសិទ្ធក្លែងក្លាយយកមកទុក លក់ឱ្យអ្នកដែលមានជំនឿ ដោយក្នុងនោះ គ្រូអ៊ឹម ប្រុស បានទិញរបស់ទាំងនោះ ក្នុងតម្លៃច្រើនណាស់១០ទៅ២០ដុល្លារប៉ុណ្ណោះពីផ្សារទួលទំពូង តែពេលយកមកប្រាប់អ្នកមានជំនឿ សុទ្ធតែគាត់ចេះជប់មកបាន និងជាវត្ថុស័ក្តិសិទ្ធ មួយៗលក់ក្នុងតម្លៃរាប់ពាន់រាប់ម៉ឺនដុល្លារឯណោះ ហើយលុយដែលរកបាន មិនព្រមយកមកសងថ្លៃទិញវត្ថុទាំងនោះទេ ទុកឱ្យគរឡើងរាប់ខែរាប់ឆ្នាំ មានចំនួនដល់ទៅរាប់ម៉ឺនដុល្លារឯណោះ។

ស្រ្តី ឡៃអ៊ឹង អង្គុយលក់ភេសជ្ជៈ

អ្នកស្រីសុខអឿនបន្តថា រូបគាត់មិនមែនជាមនុស្សតែម្នាក់ទេ ដែលត្រូវគ្រូអ៊ឹម ប្រុស បោកប្រាស់ គឺនៅមានមនុស្សជាច្រើនទៀតដែល រងគ្រោះគ្រាន់តែថាអ្នកខ្លះមិនហ៊ានចេញមុខ ខ្លះខ្លាចខ្មាសគេ ខ្លះចាញ់សម្តីលួងលោមរបស់គ្រូ។ ចំណែកគាត់ហ៊ានចេញមុខទម្លាយរឿងគ្រូអ៊ឹម ប្រុស នេះគឺមិនខ្លាចទេ ហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ និងមានភ័ស្តុតាង ព្រមតាំងសាក្សីគ្រប់គ្រនា់ទៀតផង ហើយជាក់ស្តែង ថ្មីៗនេះ គាត់ទើបនឹងបានដកហូតយកឡានបែនដឹកដី១គ្រឿងពីគ្រូអ៊ឹម ប្រុស ជាថ្នូរនឹងការមិនព្រមសងប្រាក់ ហើយតាមតម្លៃឡានដឹកដីនេះ គឺមិនស្មើនឹង១០ភាគរយនៃប្រាក់ ដែលគ្រូនេះជំពាក់គាត់ផង។

រថយន្តបែនដែលដកពី អ៊ឹមប្រុស

យ៉ាងណា អ្នកស្រីសុខអឿន ក៏បានបង្ហើបឱ្យដឹងដែរថា នៅមានមនុស្សជាច្រើននាក់ទៀត ដែលត្រូវគ្រូអ៊ឹម ប្រុស ដែលមានងារជាឧកញ៉ារូបនេះបោកប្រាស់ ក្នុងនោះមានទាំងអ្នកកត់ឆ្នោតខ្មែរ នៅផ្សារកំពង់ចាម ចំនួនទឹកប្រាក់ជាង២០លានរៀល ប្រពន្ធពេទ្យល្បីឈ្មោះនៅកំពង់ចាម ព្រមទាំងអ្នករកស៊ី មានមុខមាត់ក្នុងសង្គមជាច្រើនទៀត ដែលត្រូវគ្រូអ៊ឹម ប្រុស ឆបោកដោយប្រើល្បិចយកចិញ្ចៀនពេជ្រក្លែងក្លាយ និងខ្សែកប្រាក់ជ្រលក់ទឹកមាស១០តម្លឹងរបស់ជនរងគ្រោះទៅអស់។ មិនតែប៉ុណ្ណោះ គ្រូនេះធ្លាប់បានឱ្យពុទ្ធបរិស័ទ្ធចំណុះជើងវត្តជាស ស្ថិតក្នុងភូមិត្រពាំង ឬស្សី ឃុំពងទឹក ស្រុកតំបែ ដើររៃអង្គាសប្រាក់សុទ្ធបានចំនួន១ម៉ឺនដុល្លារ ថាយកទៅកសាងវត្ត តែចុងក្រោយបែរជាគ្រូនេះ ស៊ីដាច់បាត់តែម្នាក់ឯងទៅវិញ។

វត្ថុសក្ក័សិទ្ធក្លែងក្លាយ

ដោយឡែក តាមសម្តីស្ត្រីម្នាក់ទៀត ឈ្មោះឡែ អ៊ឹង អាយុ២៩ឆ្នាំ ក៏បានអះអាងដែរថា តាំងពីនាងឈប់រៀនមក នាងបានប្រឹងប្រែងរកស៊ីតិចតួចតាមកម្លាំងញើសឈាម សន្សំបានលុយកាក់មួយចំនួន ស្រាប់តែត្រូវគ្រូអ៊ឹម ប្រុស បោកប្រាស់យកអស់ រហូតដល់ធាក់ខ្លួនលក់ភេសជ្ជៈ បន្តិចបន្តួច នៅមុខវត្តជ្រោយថ្ម សន្សំកាក់ល្អិត ដើម្បីចិញ្ចឹមជីវិត។

ទាក់ទងទៅនឹងការចោទប្រកាន់ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនលោកគ្រូ ឧកញ៉ា អ៊ឹម ប្រុស បាននៅឡើយ ទេកាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES