ភ្នំពេញ ៖ បុរសជាប្តីចិត្តកំណាចឃោឃៅម្នាក់ ទើបនឹងចេញពីផឹកស៊ី វិលមកដល់ផ្ទះវិញ ក៏ស្រាប់តែរករឿងឈ្លោះប្រកែក ដាល់ប្រពន្ធ ១ដៃបណ្តាលឱ្យដួលដាច់ផ្ងារសន្លប់ស្តូក ឃើញបែបនេះ បុរសជាអ្នកជិតខាង២នាក់ ទ្រាំមើលនឹងភ្នែកមិនបាន ក៏ស្ទុះចូលទៅជួយឃាត់ ស្រាប់តែជនប្រមឹកចិត្តកំណាច បានស្ទុះទៅទាញកាំបិតប៉័ងតោ មកកាប់ប្រហារអ្នកចូលឃាត់ ម្នាក់រយះស្មា ចំណែកម្នាក់ទៀតរយះថ្ងាសរងរបួសធ្ងន់ ចំណែកជនដៃដល់ត្រូវសមត្ថកិច្ចចុះចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សាខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលមួយកន្លែង តាមផ្លូវលំ ក្រុមទី៣៣ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
បុរសជាប្តីកំណាចខាងលើ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះខៃ ពិសិទ្ធ ហៅចាន់ថា អាយុជាង៣០ឆ្នាំ មានស្រុកកំណើតនៅភូមិខ្លា ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។ រីឯស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះផល សារី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានកូនប្រុសម្នាក់ក្នុងបន្ទុក សព្វថ្ងៃស្នាក់នៅជាមួយជីដូន នៅឯស្រុកកំណើតភូមិឬស្សីជ្រោយ ស្រុកឬស្សីជ្រោយ ខេត្តកណ្តាល។ ប្តីប្រពន្ធទាំង ២នាក់ខាងលើនេះ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។ ដោយឡែកជនរងគ្រោះទាំង២នាក់ ដែលត្រូវជនដៃដល់កាប់ប្រហារឱ្យរងរបួសធ្ងន់ រួមមាន ទី១-ឈ្មោះរស្មី អាយុជាង៣០ឆ្នាំ ជាអ្នកជិតខាង ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ រងរបួស១កាំបិតចំស្មា និងទី២-សុំមិនបញ្ចេញឈ្មោះ (ត្រូវជាសាច់ថ្លៃ) រងរបួស១កាំបិតចំថ្ងាស។
តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបនាងទើបនឹងត្រឡប់មកពីធ្វើការរោងចក្រវិញ លុះពេលបើកទ្វារបន្ទប់ចូលមក ក៏ឃើញចានឆ្នាំងប្រលាក់ ទើបនាងបានរៀបចំប្រមូលយកទៅលាងទុកដាក់។ លុះប្រហែលជាមួយសន្ទុះក្រោយមក ប្តីរបស់នាងបានត្រឡប់មកពីផឹកស៊ីវិញ ស្ថិតក្នុងសភាពស្រវឹងស្រាទន់ខ្លួន រួចក៏បានចូលមករករឿងនាងដែលទើបមកពីធ្វើការ ចំណែកនាងដោយដឹងថា ប្តីស្រវឹងធ្លាក់ភ្នែកទៅហើយ ទើបមិនសូវឆ្លើយខ្លាចកើតមានរឿងឈ្លោះប្រកែកគ្នា តែបែរជាប្តីចោទថានាងចង់មើលងាយប្តី មិននិយាយរកប្តី ក៏រករឿងឈ្លោះពេញក្នុងបន្ទប់ ធ្វើឱ្យផ្អើលដល់អ្នកស្នាក់នៅបន្ទប់ជួលជិតនោះ ចេញមកមើល ហើយប្តីរបស់ខ្លួនក៏ស្រែកដាក់អ្នកជិតខាងទាំងនោះថា “រឿងប្តីប្រពន្ធខ្ញុំទេ ខ្ញុំឈ្លោះយប់ហ្នឹង ស្អែកឡើងត្រូវគ្នាវិញហើយ កុំមកចេះ…”។ ដោយសារតែមិនចង់ឱ្យមានរឿងវែងឆ្ងាយ ទើបនាងបានអូសដៃប្តីឱ្យចូលក្នុងបន្ទប់ ហើយក៏កើតជាអំពើហិង្សាឡើងតែម្តង ដោយប្តីរបស់នាងបានដាល់នាងមួយដៃដាច់ផ្ងារ បែកអំពិលអំពែកតែម្តង ឃើញដូច្នេះទើបអ្នកជិតខាង និងបងៗសាច់ថ្លៃ នាំគ្នាចូលមកជួយឃាត់ ដោយប្រទាញប្រទង់រុញគ្នា ហើយក៏នាំនាងចេញទៅបន្ទប់របស់សាច់ថ្លៃនាង នៅជិតនោះវិញ រួចលាបប្រេងកូឡាឱ្យហើយតែនាងនៅវិលៗដដែល។
ស្ត្រីរងគ្រោះជាប្រពន្ធ បានបន្តថា បន្តិចក្រោយមក ប្តីរបស់នាងក៏បានដើរមកសួររកនាង និងចង់នាំទៅបន្ទប់វិញ តែត្រូវបានប្តីរបស់សាច់ថ្លៃនាង ហាមឃាត់មិនឱ្យទេ ទើបប្តីរបស់នាងទាញកាំបិតប៉័ងតោដែលលាក់ក្រោយខ្នង យកមកកាប់ទៅលើអ្នកដែលឃាត់ប្តីនាងនោះ ចំក្បាលផ្នែកខាងមុខ និងកាប់ចំបុរសម្នាក់ទៀត ដែលជាអ្នកជិតខាង របួសធ្ងន់ដាច់សាច់ស្មាខាងឆ្វេង ឈាមហូរជោកខ្លួន។ ភ្លាមនោះអ្នកជិតខាងទ្រាំមិនបាន ក៏ព្រួតវាយម្នាក់មួយដៃមួយជើង បណ្តាលឱ្យប្តីកំណាចរបស់នាង រងរបួសបែកមុខបែកមាត់ និងពកក្បាលជាច្រើនកន្លែងដែរ និងបាន ដកយកកាំបិតចេញមកទុក ហើយរាយការណ៍ប្រាប់កម្លាំងល្បាតសង្កាត់ចាក់អង្រែក្រោមឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ៕