ខេត្តតាកែវ ៖ យុវជនម្នាក់បានតខ្សែភ្លើងចេញពីផ្ទះរបស់ខ្លួន ដាក់ចូលទៅទ្រុងមាន់ ដើម្បីចិញ្ចឹម និងភ្ញាស់ពងមាន់ ស្រាប់តែអកុសល ក៏ត្រូវចរន្តអគ្គិសនីឆក់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច ភូមិតាលឿ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់។
យុវជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់ មានឈ្មោះអ៊ុន ចាន់ណា អាយុ២៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានតខ្សែភ្លើងចេញពីផ្ទះ ដាក់ចូលទៅទ្រុងមាន់ក្បែរផ្ទះ បំណងចិញ្ចឹមមាន់ និងភ្ញាស់ពងមាន់ ដឹងអី មិនដឹងជាយ៉ាងម៉េច ស្រាប់តែជនរងគ្រោះត្រូវខ្សែភ្លើងឆក់ បណ្តាលឱ្យដេកស្តូកស្តឹង ក្នុងទ្រុងមាន់។ លុះបាត់ជនរងគ្រោះយូរពេក មិនឃើញឡើងមកលើផ្ទះវិញ ទើបក្រុមគ្រួសារបាននាំគ្នាចុះទៅតាមរកមើល ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងទ្រុងមាន់បាត់ទៅហើយ ទើបស្រែកឆោឡោ ផ្អើលអ្នកជិតខាង ចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ មានស្នាមរលាត់ឆេះខ្លោច ទំហំ១,៥សង់ទីម៉ែត្រ នៅលើកែងដៃខាងស្តាំ ចំណែកនៅលើស្មាខាងស្តាំផ្នែកខាងក្រោយ មានស្នាមឆេះខ្លោចទំហំ១សង់ទីម៉ែត្រជុំវិញ។
តាមការសន្និដ្ឋាន ជនរងគ្រោះបានស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែន។ មូលហេតុ ដោយសារជនរងគ្រោះ តខ្សែភ្លើងចេញពីផ្ទះខ្លួន ដើម្បីចិញ្ចឹមមាន់ និងភ្ញាស់ពងមាន់ តែភ្លាត់ស្នៀតក៏បង្កឱ្យឆក់ខ្លួនឯងស្លាប់តែម្តង៕