Monday, July 28, 2025
Homeព័ត៌មានជាតិក្មេងស្ទាវបើកឡានធ្លាក់ប្រឡាយក្រឡាប់ ឈ្លក់ទឹកប៊ិះស្លាប់

ក្មេងស្ទាវបើកឡានធ្លាក់ប្រឡាយក្រឡាប់ ឈ្លក់ទឹកប៊ិះស្លាប់

ខេត្តបាត់ដំបង ៖ យុវជន២នាក់ បានបើករថយន្តកូរ៉េមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន លុះវាក់នឹងម៉ូតូ១គ្រឿង ក៏គេចចង្កូតបណ្តាលឱ្យជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹក ក្រឡាប់ផ្ងារជើង ធ្វើឱ្យយុវជនទាំង២នាក់ដែលជិះក្នុងរថយន្ត ឈ្លក់ទឹកប៊ិះស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៧ ភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។

យុវជនទាំងពីរនាក់ ដែលបើករថយន្តធ្លាក់ចូលប្រឡាយឈ្លក់ទឹកប៊ិះស្លាប់នោះ រួមមាន ទី១-ឈ្មោះអ៊ឹម ឌីណា អាយុ១៨ឆ្នាំ (អ្នកបើកបរ) និងទី២-ឈ្មោះវ៉ាន់ សាវត្ស អាយុ១៩ឆ្នាំ ជាអ្នករួមដំណើរជាមួយគ្នា។ យុវជនទាំង២នាក់ខាងលើ មានលំនៅក្នុងភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនទាំង២នាក់ខាងលើ បានបើករថយន្តកូរ៉េ១គ្រឿង ម៉ាកអ៊ីស៊ុយស៊ុយ ពណ៌ស ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏វាក់ជាមួយនឹងម៉ូតូ១គ្រឿង ទើបអ្នកបើករថយន្តបាន ព្យាយាមបួងចង្កូតគេ ទើបធ្វើឱ្យរថយន្តជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹក ក្រឡាប់ផ្ងារជើង បណ្តាលឱ្យយុវជនដែលជិះក្នុងរថយន្តទាំង២នាក់ ឈ្លក់ទឹកប៊ិះស្លាប់ ប្រឹងហែលទឹកឡើងគោកវិញ។

លោកឈាង រ៉ុង មន្ត្រីប៉ូលិសចរាចរណ៍ខេត្ត បានឱ្យដឹងថា ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីជួយអន្តរាគមន៍ រួចសន្និដ្ឋានថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ខាងលើ គឺបណ្តាលឱ្យមកពីអ្នកបើកបរលឿន ហើយមកដល់ផ្លូវកោង គេចពីម៉ូតូជិះបញ្ច្រាសទិសគ្នា ទើបរេចង្កូតធ្លាក់ប្រឡាយក្រឡាប់ផ្ងារជើងតែម្តង៕

RELATED ARTICLES