ខេត្តត្បូងឃ្មុំ ៖ បុរស២នាក់ បានអង្គុយផឹកស៊ីជុំគ្នាបណ្តើរ ជជែកគ្នាសើចលេងបណ្តើរ តាំងពីក្បាលព្រលប់រហូតដល់យប់ជ្រៅបន្តិច ចាប់ផ្តើមស្រវឹងធ្លាក់ភ្នែក ក៏ក្លែមសម្តីដាក់គ្នាទៅវិញទៅមក រហូតដល់ភាគីម្ខាងផ្ទុះកំហឹង ក៏ស្ទុះទៅទាញកាំបិត មកកាប់ប្រហារគូទំនាស់របស់ខ្លួន ចំនួន៣កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ដាច់ដៃ។ ចំណែកជនដៃដល់ ក្រោយពីកាប់ជនរងគ្រោះរួច ក៏ជិះម៉ូតូចូលប៉ុស្តិ៍ប៉ូលិសដោយខ្លួនឯង។
ករណីអំពើហិង្សាខាងលើនេះ បានកើត ឡើង កាលពីវេលាម៉ោង៨ និង០៥នាទីយប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចបុរីតេជោសែន ស្ថិតក្នុងភូមិផ្លាកសំរោងជើង ឃុំដារ ស្រុកមេមត់។
ជនដៃដល់មានឈ្មោះលាស់ ទៀត អាយុ៥០ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មានលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះចាន់ រឿន អាយុ៤៧ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនដៃដល់ បានអង្គុយផឹកស៊ីជុំគ្នា តាំងពីក្បាលព្រលប់ រហូតដល់យប់ជ្រៅបន្តិច ក៏ចាប់ផ្តើមស្រវឹងធ្លាក់ភ្នែក ក្លែមសម្តីដាក់គ្នាទៅវិញទៅមក រហូតកើតជាជំលោះតឹងសរសៃកដាក់គ្នា ហើយភ្លាមនោះ ជនដៃដល់ទប់កំហឹងមិនជាប់ ក៏ស្ទុះទៅទាញកាំបិត កាប់ប្រហារទៅលើជនរងគ្រោះ ចំនួន៣កាំបិតត្រង់ដៃខាងស្តាំ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។ ចំណែកជនដៃដល់ បន្ទាប់ពីកាប់ប្រហារជនរងគ្រោះរួចហើយ ក៏បានជិះម៉ូតូចូលទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដារ ដើម្បីប្រគល់ខ្លួនជូនសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ បានឆ្លើយសារភាពថា រូបគេបានកាប់ប្រហារជនរងគ្រោះ៣កាំបិត ដោយសារតែមូលហេតុ ផឹកស៊ីស្រវឹងទាស់សម្តីគ្នា។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕