Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង ស្កាត់ទៅជួបជាមួយមន្ត្រីកូរ៉េខាងជើង

មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង ស្កាត់ទៅជួបជាមួយមន្ត្រីកូរ៉េខាងជើង

កាលពីថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨ បេសកជនពិសេសកូរ៉េខាងត្បូង បានចាកចេញពីទីក្រុងសេអ៊ូល ឆ្ពោះទៅកូរ៉េខាងជើង ក្នុងដំណើរបំពេញទស្សនកិច្ច រយៈពេល១ថ្ងៃ  ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ពិភាក្សាគ្នាឱ្យមានជំនួបប្រជុំកំពូលលើកទី៣ រវាងលោកមូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន។

នេះបើយោងតាមប្រភពព័ត៌មាន Reuters  ចេញផ្សាយកាលពីថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ ២០១៨។

ប្រភពព័ត៌មានដដែលនោះ បានបង្ហើបឱ្យដឹងថា ជំនួបប្រជុំរវាងមន្ត្រីជាន់ខ្ពស់កូរ៉េទាំងពីរ គឺដើម្បីស្វែងរកយន្តការការកាត់រំសាយអាវុធនុយក្លេអ៊ែរ យោងតាមស្មារតីកិច្ចប្រជុំកំពូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។

លោក Chung Eui-yong ប្រធានសន្តិសុខប្រចាំវិមានប្រធានាធិបតី បាននិយាយថា ទីក្រុងសេអ៊ូល អាចនឹងបន្តជំរុញឱ្យមានសេចក្តីថ្លែងការរួម រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង  ដើម្បីឈានទៅរកការបញ្ចប់សង្គ្រាមកូរ៉េ ត្រឹមដំណាច់ឆ្នាំនេះ។

សង្គ្រាមកូរ៉េ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩៥០-១៩៥៣ ត្រូវបានបញ្ចប់ត្រឹមតែការទម្លាក់អាវុធ ប៉ុន្តែមិនទាន់មានសន្ធិសញ្ញាសន្តិភាព ដែលមានន័យថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅតែមានសង្គ្រាមជាមួយគ្នារហូត៕

RELATED ARTICLES