ភ្នំពេញ ៖ រឿងរ៉ាវយុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនហួសកម្រិត រហូតដល់ធ្វើទុក្ខខ្លាំង ដើរអុកឡុកតាមផ្លូវ ទាញដុំថ្មគប់រថយន្ត ដេញវាយអ្នកដំណើរពេញផ្លូវព្រះមុនីវង្ស នៅចំណុចមុខក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បាទា ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ និងបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យនៅវេលាថ្ងៃត្រង់ថ្ងៃដដែលនោះ ត្រូវបាននារីវ័យក្មេងរូបស្រស់ម្នាក់ ដែលអះអាងថា ត្រូវជាមិត្តភក្តិជិតស្និទ្ធរបស់យុវជនខាងលើ បានចេញមុខប្រតិកម្មយ៉ាងខ្លាំងចំពោះចំណាត់ការរបស់សមត្ថកិច្ច ដែលបណ្តោយឱ្យយុវជនរូបនេះត្រូវដេកស្លាប់ ដោយមិនបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
នារីវ័យក្មេងដែលត្រូវជាមិត្តភក្តិជិតស្និទ្ធរបស់យុវជនដែលបាត់បង់ជីវិតខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Chea Tika។
យោងតាមគណនីហ្វេសប៊ុក Chea Tika កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ បានបង្ហោះនូវវីដេអូឃ្លីបមួយ រយៈពេល៩នាទី ដោយបានរៀបរាប់ទាំងទឹកភ្នែកថា “ជំរាបសួរដល់បងប្អូន និងមិត្តភក្តិទាំងអស់គ្នា នៅក្នុងសង្គមហ្វេសប៊ុកទាំងអស់ ថ្ងៃនេះខ្ញុំចង់ចេញវីដេអូ និយាយអំពីពួកម៉ាកខ្ញុំម្នាក់ ថ្ងៃមុននោះដែលបែកថ្នាំ ឥឡូវគាត់ស្លាប់បាត់ហើយ អខោនហ្វេសប៊ុកគាត់ឈ្មោះ Heng Coco ត្រូវជាពួកម៉ាកស្និទ្ធស្នាលរបស់ខ្ញុំដើរជាមួយគ្នារាល់ថ្ងៃ ហើយណាមួយស្អែកហ្នឹងត្រូវជាបុណ្យ៧ថ្ងៃរបស់គាត់ផង ចឹងមិត្តភក្តិទាំងអស់គ្នា ទាំងអ្នកស្គាល់មិនស្គាល់ អាចចូលរួមបាននៅផ្សារឌុយមិច ធ្វើតែមួយព្រឹកទេ ព្រោះអីគ្រួសាររបស់គាត់អត់មានថវិកាទេ ដូចនេះធ្វើតែមួយព្រឹកទេ ដើម្បីឱ្យគាត់ទៅឱ្យបានស្ងប់ ហើយមួយទៀតខ្ញុំចង់និយាយអំពីការស្លាប់របស់គាត់ ពួកខ្ញុំមានអារម្មណ៍ថាឈឺចាប់ខ្លាំង មិនអស់ចិត្ត និងហួសចិត្តចំពោះប៉ូលិសទាំងអស់ហ្នឹងដែរ ចង់និយាយរឿងប៉ូលិសហ្នឹងផង វាឈឺចាប់ខ្លាំងណាស់ ដែលទុកឱ្យគាត់ស្លាប់ ខ្ញុំអត់ដឹងថាគាត់ស្លាប់នៅហ្នឹងច្បាស់ ឬស្លាប់នៅណាខ្ញុំអត់ដឹងដែរ អត់ដឹងពិតប្រាកដទេ ប៉ុន្តែនិយាយដើមហេតុដំបូង ខ្ញុំបានដឹងខ្លះៗ គឺឃើញគាត់ផុសនៅក្នុងហ្វេសប៊ុកថា យប់ហ្នឹងទៅខួបកំណើតពួកម៉ាក ហើយទៅជាក្រុមចឹង ហើយខ្ញុំអត់បានដឹងថា ទៅជាមួយអ្នកណាគេខ្លះទេ រួចទៅដល់ពេលព្រឹកឡើង ខ្ញុំបើកហ្វេសប៊ុក តែអត់ឃើញអីទាំងអស់ ខ្ញុំឆ្ងល់ ហ្វេសប៊ុកហ្នឹងម៉េចអត់មានឃើញផុសអីសោះចឹង អីក៏អត់មានដែរ អត់ឃើញគេឡាយពីអីៗអត់មានសោះ បន្ទាប់មកខ្ញុំយកទូរស័ព្ទខលទៅគាត់ តែអត់ចូល ខ្ញុំក៏មានអារម្មណ៍ថាប្រហែលគាត់គេងលក់ ឬទូរស័ព្ទអស់ថ្មហើយ រហូតទៅដល់ម៉ោងប្រហែល៤ជាង ពួកម៉ាកខ្ញុំម្នាក់ខលប្រាប់ថា ទៅមើលអាពៅផង អាពៅវាបែកថ្នាំនៅរ៉ក់ គេវ៉ៃវា អាហ្នឹងគ្រាន់តែជាការស្មានទេ វាអត់ដឹងដែរ ដល់ពេលខ្ញុំទៅដល់រ៉ក់ ខ្ញុំក៏សួរពូៗកង់បីនៅមុខហ្នឹងថា មានឃើញម្នាក់អីបែកថ្នាំព្រឹកមិញអត់ គេយកទៅណា? គាត់ក៏ប្រាប់ថា ទៅមើលនៅខណ្ឌទៅ ដល់ខ្ញុំទៅសួរនៅខណ្ឌ ពូអ្នកនៅខណ្ឌហ្នឹងគាត់ថា អត់ឃើញមានយកអ្នកបែកថ្នាំណាមកទេ ខ្ញុំអត់ដឹងថាគាត់លាក់ខ្ញុំ ឬក៏ម៉េចទេ ព្រោះអីឃើញនៅក្នុងឡាយហ្នឹង ឃើញពូប៉ូលិសគាត់ថា នឹងយកម្នាក់ហ្នឹង (ពួកម៉ាកខ្ញុំ) ទៅខណ្ឌ ខ្ញុំលឺគេនិយាយចឹង ដល់ពេលខ្ញុំទៅរកនៅស្នងការទៀត ក៏អត់ឃើញដែរ តែពូប៉ូលិសប្រាប់ថា ចាំស្អែកចាំ មកមើលទៀត ក្រែងគេយកមកដាក់ហ្នឹង ហើយខ្ញុំក៏ទៅផ្ទះទៅ ហើយខ្ញុំក៏ខុសត្រង់ថា អត់បានប្រាប់គ្រួសារគាត់ ថារឿងបាត់គាត់ ព្រោះអីគ្រួសារគាត់ក៏អត់ដឹងដែរ ដឹងតែខ្ញុំ និងពួកម៉ាកខ្ញុំប៉ុន្មាននាក់ ហើយរហូតដល់ម៉ោង១១-១២អីហ្នឹង ក៏ខាងគ្រួសារគាត់បានប្រាប់ខ្ញុំថា អាពៅបានស្លាប់ហើយ គេយកទៅដាក់នៅវត្តស្ទឹងមានជ័យ១យប់ហើយ តែអត់ដឹងថាស្លាប់កន្លែងណា ពីពេលណាអត់ដឹងទេ ព្រោះអីអត់មានអ្នកណាដឹងរឿងហ្នឹងច្បាស់ មិនដឹងថាស្លាប់កន្លែងហ្នឹងឬម៉េច អត់ដឹង ប៉ុន្តែអ្វីដែលហួសចិត្តបំផុត ហេតុអីក៏ប៉ូលិសនៅហ្នឹង ច្រើនគ្នាណាស់ មិនមែនតែម្នាក់ទេ និងបងៗ អ្នកកាសែត ហេតុអីក៏ដាច់ចិត្តម៉េសខ្ញុំឆ្ងល់មែនទែន ដាច់ចិត្តខ្លាំងជាមួយគាត់តែម្តង ខ្ញុំដឹងហើយថាគ្រឿងញៀន មនុស្សគ្រប់គ្នាស្អប់គ្រឿងញៀនណាស់ ហើយប្រជាជនតាមផ្លូវមិនមើលគាត់ក៏ហីចុះ តែប៉ូលិស និងអ្នកកាសែត សុខចិត្តឈរមើលគាត់ ខ្ញុំដឹងថាគ្រឿងញៀន អ្នកណាក៏ស្អប់ដែរ ស្អប់ទាំងអស់ ស្អប់ខ្ពើមណាស់ ប៉ុន្តែក្នុងពេលដែលស្អប់ខ្ពើមហ្នឹង ពេលហ្នឹងក្នុងវីដេអូដែលឡាយជិត១ម៉ោង អត់មើលគ្នាសោះ សុខចិត្តឈរយកជើងជាន់ ហើយយកខ្សែចងគាត់ អត់មើលគាត់ទេ ក្នុងពេលហ្នឹង បើសិនជាជួយសង្គ្រោះគាត់ពេលហ្នឹង គាត់អត់ស្លាប់ទេ អត់ស្លាប់សោះ ទឹកមួយតំណក់ក៏អត់ឱ្យគាត់ផឹកដែរ យើងជួយគាត់សិនទៅបានអត់ ជួយគាត់ទៅ យកជាក្រូចឆ្មារ ឬទឹកឱ្យគាត់ហូបក្នុងពេលហ្នឹង ចឹងគាត់អត់អីទេ ជួយ សង្គ្រោះគាត់ទៅ ហើយយើងចាំកាត់ទោសគាត់ ឬក៏ដាក់ច្រវាក់ ដាក់គុកគាត់ មណ្ឌលកែប្រែយើងមានតើ យើងដាក់បានតើ ហើយយើងបង្កើតច្បាប់ធ្វើអី ច្បាប់មានតើ យើងកាត់ទោសតាមហ្នឹងទៅអត់អីទេ ដាក់វាទៅ ធ្វើម៉េចពេលហ្នឹងសង្គ្រោះជីវិតមនុស្សសិនទៅជួយគាត់ឱ្យរស់ម៉ាពេល ហ្នឹងសិនទៅ ខ្ញុំឈឺចាប់បំផុត ឈឺចាប់ពេលដែលគេឈរមើលគាត់ ខ្ញុំឈឺចាប់ខ្លាំងមែនទែន ខ្ញុំស្តាយពួកម៉ាកមួយហ្នឹងណាស់ ហេតុអីក៏ទុកឱ្យគាត់ស្លាប់ទាំងវេទនាបែបហ្នឹង? ខ្ញុំពិបាកមើលហ្នឹងភ្នែកខ្លាំងណាស់ ពេលហ្នឹងយកក្រូចឆ្មារដាក់ឱ្យគាត់ទៅ ឬដាក់ទឹកឱ្យគាត់ផឹកទេ លឺគាត់ស្រែកអត់ថា គាត់ចង់ស្រែកថា ឱ្យជួយគាត់ផង ហើយខ្ញុំឃើញគេខមិនម្នាក់ថា អ្នកណាហ៊ានចូលទៅក្នុងហ្នឹងជាមួយមនុស្សបែកថ្នាំហ្នឹង ចុះហេតុអីហ៊ានចាប់គ្នាចង ហ៊ានចាប់គ្នាអូស ហ៊ានឈរមើលគ្នានៅជិតហ្នឹង ហេតុអីមិនហ៊ានយកទឹកឱ្យគ្នាផឹក ខ្លាចដល់ថ្នាក់ហ្នឹង គ្នាធ្វើអីកើត បើចងគ្នាហើយនោះ សុខចិត្តឈរមើលទាំងអ្នកកាសែតទាំងអីទាំងអស់ ពិបាកមើលខ្លាំងណាស់ ហើយវីដេអូឡាយឡើងជិត១ម៉ោង ទឹកដាក់ឱ្យគ្នាផឹកទៅ ជួយគ្នាពេលហ្នឹងសិនទៅ ប៉ូលិសហ្នឹងក៏ដាច់ចិត្តទៀត ហើយគាត់ធ្វើការរបៀបម៉េច គាត់អត់ចេះរកវិធីសាស្ត្រអី ដើម្បីសង្គ្រោះជីវិតមនុស្សទេអី? ខ្ញុំឈឺចាប់ខ្លាំងណាស់ ធ្លាប់តែនៅជាមួយគ្នារាល់ថ្ងៃ ឥឡូវបាត់ពួកម៉ាកម្នាក់ វាហួសចិត្តខ្លាំងម៉ង ឡាយវីដេអូជិត១ម៉ោង អត់ជួយគ្នាសោះ ទុកឱ្យគ្នាប្រកាច់ ឡើងដកចង្កាមាន់ ទឹកក៏អត់ឱ្យគ្នាផឹកដែរ គាត់ធ្វើការរបៀបម៉េចប៉ូលិសហ្នឹង ឆ្ងល់ប៉ូលិសហ្នឹងមែនទែន ហើយខ្ញុំអត់ដឹងគាត់ស្លាប់នៅហ្នឹង ហីក៏ម៉េចទេ ឃើញឈរមើលទាំងអស់ មើលគ្នាឡើងប្រកាច់ ហើយមនុស្សច្រើនណាស់ដែលឈរមើលហ្នឹង ថាប្រជាជនចុះមិនជួយ ហើយប៉ូលិសនៅហ្នឹង ជួយតិចទៅថី? ដាច់ចិត្តម៉្លេះ? ច្រើនគ្នាអត់? ច្រើនគ្នាណាស់ ពេលហ្នឹងដាក់ទឹកឱ្យផឹកតិចទៅ អត់ងាប់ទេ ពេលហ្នឹងបើខ្ញុំទៅទាន់ អត់ស្លាប់ទេ ខ្ញុំអត់ឱ្យពួកម៉ាកខ្ញុំស្លាប់ទេ ខ្ញុំអត់ឱ្យស្លាប់ទេ ខ្ញុំជួយគេហើយ គាត់គិតថា មែនគ្រួសារគាត់មែន? មែនបងប្អូនគាត់មែន? វេទនាមើលណាស់ ចុះ ក្រែងថា ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ម៉េចអត់ជួយគ្នាចឹង? អត់មើលគ្នាចឹង? មើលដែរតែមើលហ្នឹងភ្នែកចងគ្នា គ្នាស្រែកឱ្យជួយអត់ជួយគ្នាទៀត គ្នាចង់ស្រែកថាផឹកទឹក ចង់ផឹកទឹក តែគ្នាស្រែកអត់រួច គ្នារឹតមាត់ពេលហ្នឹង ស្រែកអត់រួចទេ ហើយចងដៃគ្នា គ្នាចង់ឱ្យជួយ គ្នាស្រែករកពូ រកម៉ាក់ឱ្យជួយគ្នាផង តែស្រែកអត់រួច ស្រែកថាម៉េច អត់មានអ្នកណាជួយមួយទេ ជាចុងក្រោយខ្ញុំគ្រាន់តែចង់ផ្តាំទៅខ្មែរមួយចំនួន ឬក៏ពូៗប៉ូលិស ឬក៏អ្នកកាសែតមួយចំនួន បើឃើញគ្រោះថ្នាក់បែបហ្នឹង ឬក៏គ្រោះថ្នាក់អីផ្សេង សូមជួយសង្គ្រោះគ្នាសិនទៅ ម៉េចក៏ដោយជួយសង្គ្រោះជីវិតគេសិនទៅ កុំមើលនឹងភ្នែកចឹង ជីវិតមនុស្សដូចគ្នាទេ…”។
គួររំលឹកថា កាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨កន្លងទៅ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំណុចខាងមុខក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ដោយយុវជនម្នាក់ឈ្មោះគឹម ភារុណ ហៅផ្លយ អាយុ២៣ឆ្នាំ មុខរបរលក់អីវ៉ាន់តាមអនឡាញ មានលំនៅផ្ទះលេខ 55E1 ផ្លូវលេខ១៣៤ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា មិនដឹងថាដើរមកពីណា លុះមកដល់ចំណុចខាងលើ ស្រាប់តែមានអាការៈដូចជាមនុស្សបែកថ្នាំក្នុងសភាពធ្ងន់ធ្ងរ គ្រប់គ្រងសតិអារម្មណ៍ខ្លួនឯងលែងបាន ក៏បានរើសដុំថ្មដេញវាយអ្នកដំណើរ និងថែមទាំងគប់ទៅលើរថយន្តពេញផ្លូវ ធ្វើឱ្យអ្នកដំណើរមានការភ័យខ្លាចគ្រប់ៗ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានប្រទហឃើញសភាពរបស់យុវជននោះ ដេកដួលននៀល ពេញដី និយាយស្តីមិនដឹងទិសតំបន់ និងចេះតែស្រែកមិនឈប់ ហើយអ្វីដែលគួរឱ្យខ្លាចបំផុតនោះ គឺយុវជនរូបនេះ បញ្ឈរភ្នែក (ដូច Zoombie) គួរឱ្យខ្លាចបំផុត ទើបសមត្ថកិច្ចខ្លាចបង្កគ្រោះថ្នាក់ដល់មនុស្សម្នាក់ ក៏សម្រេចចាប់ចងក្នុងបំណងបញ្ជូនទៅកាន់ខាងមន្ទីរសង្គមកិច្ច។
ក្រោយកើតហេតុ រថយន្តរបស់មន្ទីរសង្គមកិច្ចក៏មកដល់ទីតាំងកើតហេតុ ដឹកយុវជនរូនោះចេញទៅ ប៉ុន្តែដោយឃើញសភាពយុវជននោះសំងំស្ងៀមបាត់មាត់បាត់ក ខុសប្លែកដូចកាលពីរូបគេនៅកន្លែងកើតហេតុ ទើបសម្រេចដឹកទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីសង្គ្រោះវិញ តែអកុសល មកដល់វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល យុវជនរូបនោះក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។
បន្ទាប់ពីយុវជនខាងលើដាច់ខ្យល់ស្លាប់ កម្លាំងសមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង មូលហេតុ ដោយសារតែជនរងគ្រោះប្រើសារធាតុញៀនប្រភេទមេតំហ្វេតាមីនច្រើនហួសកំរិត។
ក្រោយពិនិត្យ និងកោសល្យវិច័យយ៉ាងល្អិតល្អន់រួច នៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ច ក៏បានប្រគល់សាកសពជនរងគ្រោះ ទៅឱ្យស្ត្រីជាម្តាយបង្កើតដឹកយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី៕
https://www.facebook.com/yumi.kaka/videos/1951253124968376/