ខេត្តកំពង់ស្ពឺ ៖ បុរសជាប្តីម្នាក់ មួយថ្ងៃៗចូលចិត្តតែដើរផឹកស្រាស្រវឹងអួទីនួ មិនដែលគិតខ្វល់ពីរឿងជួយរកស៊ីចិញ្ចឹមគ្រួសារសោះ លុះផឹកស្រវឹងជោកជាំត្រឡប់មកផ្ទះវិញ តែងបង្ករឿងឈ្លោះ រួចទាញបំពង់ទីបមកវាយសំពងប្រពន្ធចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់ស្តូកក្នុងថ្លុកឈាម លុះឪក្មេកទ្រាំមិនបានក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់អូសកកូនប្រសាកំណាចយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីវ៉ៃប្រពន្ធ១បំពង់ទីបរយះក្បាលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង១៥នាទី យប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដុង្គ។
ជនបង្កអំពើហិង្សាជាប្តី មានឈ្មោះខាន់ សុខខេង អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះប៉ន ចាន់ណា អាយុ៣២ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីបុរសជាឪពុកក្មេករបស់ជនបង្ក បានរៀបរាប់ប្រាប់ថា កូនប្រសារបស់គាត់ គឺជាមនុស្សដែលមិនមានការងារអ្វីធ្វើនឹងគេទេ ដើរទាត់ខ្យល់រាល់ថ្ងៃ និងតែងផឹកស្រាស្រវឹងអួទីនួ រករឿងឈ្លោះប្រកែកជាមួយប្រពន្ធជាញឹកញាប់ និងថែមទាំងឧស្សាហ៍ប្រើអំពើហិង្សាដាក់ប្រពន្ធជាញឹកញាប់ទៀតផង។
បុរសជាឪពុកក្មេករូបនេះបន្តថា នៅមុនពេលកើតហេតុ កូនប្រសាបានទិញស្រាយកមកផឹកតែម្នាក់ឯងនៅផ្ទះ រហូតដល់ស្រវឹងជោកជាំ និងចេះតែអង្គុយរអ៊ូរទាំតែម្នាក់ឯងមិនឈប់ឃើញបែបនេះ ប្រពន្ធក៏បានដើរទៅនិយាយប្រាប់ប្តីថា បើស្រវឹងហើយទៅដេកទៅ ស្រាប់តែប្តីនោះ ច្រឡោតខឹង ចោទថាប្រពន្ធហ៊ានមើលងាយខ្លួនជាប្តី ក៏ស្ទុះទៅទាញបំពង់ទីបមកវាយទៅលើប្រពន្ធចំក្បាល បណ្តាលឱ្យរងរបួសរយះក្បាលជាទម្ងន់។
ដោយឃើញសភាពកូនស្រីបង្កើតរបស់ខ្លួនទទួលរងរបួស ក្រោមស្នាដៃប្តីកំណាចស្ទើររាល់ថ្ងៃបែបនេះ ទើបបុរសជាឪពុកក្មេកទ្រាំលែងបាន ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនកូនប្រុសកំណាចយកទៅចាត់ការតាមច្បាប់តែម្តង៕