Monday, July 28, 2025
Homeព័ត៌មានជាតិតាអាយុ៨៤ឆ្នាំហើយនៅតូចចិត្តចងកសម្លាប់ខ្លួនទៀត

តាអាយុ៨៤ឆ្នាំហើយនៅតូចចិត្តចងកសម្លាប់ខ្លួនទៀត

ខេត្តត្បូងឃ្មុំ ៖ បុរសវ័យចំណាស់ម្នាក់ ព្រោះតែតូចចិត្តនឹងជំងឺរ៉ាំរ៉ៃប្រចាំកាយ ចេះតែធ្វើទុក្ខជារៀងរាល់ថ្ងៃ ក៏ដាច់ចិត្តគិតខ្លីចងកបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចសំយ៉ាបផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុង ភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក។

បុរសចំណាស់ដែលគិតខ្លីចងកធ្វើអត្តឃាត មានឈ្មោះម៉ក់ ណន អាយុ៨៤ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីក្រុមគ្រួសារលោកតារងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះបានកើតមានជំងឺប្រចាំកាយជាយូរមកហើយ ហើយមួយរយៈចុងក្រោយនេះ ស្ថានភាពជំងឺជនរងគ្រោះចេះតែធ្វើទុក្ខជាប់ជាប្រចាំ ទើបធ្វើឱ្យជនរងគ្រោះចេះតែត្អូញត្អែរ ថាលំបាកក្នុងខ្លួនខ្លាំងណាស់ លែងចង់រស់នៅតទៅទៀតហើយ ណាមួយមិនចង់ឱ្យលំបាកដល់កូនចៅមើលថែឡើយ ប៉ុន្តែកូនចៅចេះតែអង្វរលួងលោម និយាយលើកទឹកចិត្ត កុំឱ្យជនរងគ្រោះមានគំនិតខ្លីបែបនេះតទៀត ហើយក៏មិននឹកស្មានថា ជនរងគ្រោះអាចនឹងមានគំនិតខ្លីបែបនេះសោះ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះ បានចូលសម្រាន្តដូចសព្វដង លុះដល់វេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ខណៈដែលកូនចៅភ្ញាក់ពីដំណេក ក៏ប្រទះឃើញជនរងគ្រោះបានចងកស្លាប់បាត់ទៅហើយ ទើបកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ច៕

RELATED ARTICLES