ខេត្តកំពង់ឆ្នាំង ៖ បុរស២នាក់បាននាំគ្នាលេងបុកប៊ីយ៊ែ ភ្នាល់ដាក់លុយ លុះក្រោយមក ក៏កើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា ធ្វើឱ្យភាគីម្ខាងទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញដងកឺបុកប៊ីយ៊ែ វាយសំពងគូទំនាស់បណ្តាលឱ្យរងរបួសរយះក្បាល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ជនសង្ស័យដែលវាយគូទំនាស់រយះក្បាល មានឈ្មោះទី សារះ អាយុ២៥ឆ្នាំ ជាជនជាតិខ្មែរ-ឥស្លាម មុខរបរមិនពិតប្រាកដ មានលំនៅភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះប្រាក់ ណារិន អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនដៃដល់ខាងលើ បានបបួលគ្នាលេងប៊ុកប៊ីយ៊ែ ភ្នាល់ដាក់លុយ។ លុះក្រោយពីលេងជាមួយគ្នាបានមួយសន្ទុះ ក៏ស្រាប់តែភាគីទាំងពីរ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រហូតកើតជាអំពើ ហិង្សាដោយភាគីជនដៃដល់ បានទាញដងកឺបុកប៊ីយ៊ែ វាយសំពងជនរងគ្រោះចំក្បាល បណ្តាលឱ្យបែករយះក្បាលហូរឈាមជោកខ្លួនតែម្តង៕