Monday, July 28, 2025
Homeព័ត៌មានជាតិឃាតកម្មព្រៃផ្សៃ! វ៉ៃសម្លាប់ចងស្លាបសេក រុំមុខ រួចបន្តោកដុំថ្មទម្លាក់ទឹក

ឃាតកម្មព្រៃផ្សៃ! វ៉ៃសម្លាប់ចងស្លាបសេក រុំមុខ រួចបន្តោកដុំថ្មទម្លាក់ទឹក

ខេត្តកណ្តាល ៖ សាកសពបុរសម្នាក់ ស្ថិតក្នុងសភាពហើមស្អុយរលួយ និងសង្ស័យថាត្រូវឃាតករវាយសម្លាប់ រួចចាប់ចងស្លាបសេកបត់ដៃទៅក្រោយ និងថែមទាំងចងរុំមុខ រួចចងបន្តោកជាមួយួនឹងដុំថ្ម (ជើងឆត្រ) ទំងន់រាប់សិបគីឡូ ទម្លាក់ចូលទឹកបឹងបំណងបំបាត់ភ័ស្តុតាង ប៉ុន្តែ ពេលសាកសពហើមរលួយ ក៏អណ្តែតឡើងមក ដោយសណ្តោងទាំងដុំថ្មឡើងមកជាមួយទៀតផង និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញមានការផ្អើលឆោឡោយ៉ាងខ្លាំង។

ករណីប្រទះឃើញសាកសពអណ្តែតទឹក ស្ថិតក្នុងសភាពសង្ស័យជារឿងឃាតកម្មដ៏ឃោរឃៅនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចបឹងទួលតាម៉ិច ស្ថិតនៅខាងលិចភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ចម្ងាយប្រមាណ៥០០០ម៉ែត្រ ជាប់ព្រំប្រទល់ទឹកដីខេត្តកណ្តាល និងខេត្តតាកែវ។

សាកសពជនរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែអាចកំណត់បានថា ជាមនុស្សប្រុស អាយុប្រហែលជាង៣០ឆ្នាំ មានសម្បុរស កម្ពស់១,៨០ម៉ែត្រ ស្លៀកខោខូវប៊យជើងវែង ពណ៌ទឹកប៊ិច ខ្សែក្រវាត់ពណ៌សូកូឡា ក្បាលខ្សែក្រវាត់មានអក្សរ GA ខោលីអូក្នុងពណ៌ខៀវម៉ាក STAMAN ពាក់អាវក្រណាត់ផ្កាដៃវែងពណ៌ក្រម៉ៅ សក់ខ្លី មានរោមទ្រូង រោមខ្នង និងរោមពុកចង្កា ធ្មេញល្អិត ធ្មេញ ខាងលើផ្នែកខាងឆ្វេង មានដាំត្បូងពណ៌ស នៅកដៃខាងឆ្វេងមានពាក់កងដៃ (សាលូ) ក្រណាត់យឺតពណ៌ខ្មៅ មានអក្សរម៉ាក Adidas។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ មាន ប្រជាពលរដ្ឋម្នាក់ ទើបត្រឡប់មកពីនេសាទវិញ ក៏បានប្រទះឃើញសាកសពមនុស្សអណ្តែតនៅក្នុងទឹកបឹង ត្រង់ចំណុចទួលតាម៉ិច ខាងលិចភូមិ ព្រែកលោក ចម្ងាយប្រហែល ៥០០០ម៉ែត្រ ជាប់ព្រំប្រទល់ដីខេត្តតាកែវ និងខេត្តកណ្តាល។ បន្ទាប់ពីប្រទះឃើញសាកសពអណ្តែតទឹកបែបនេះ ប្រជាពលរដ្ឋរូបនោះ បានប្រញាប់មករាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្តី បានចុះទៅដល់ទីតាំងកើត ហេតុភ្លាមៗ ដើម្បីស្វែងរកសាកសពតាមការរាយការណ៍របស់ប្រជាពលរដ្ឋ ប៉ុន្តែដោយសារយប់ងងឹតខ្លាំងផង ធ្វើឱ្យអ្នកប្រទះឃើញមិនចាំទីតាំងច្បាស់ ទើបការតាមស្វែងរកសាកសពត្រូវចំណាយពេលយូរ រហូតដល់ម៉ោង៩និង២១នាទីយប់ថ្ងៃដដែល ទើបប្រទះឃើញសាកសព។ បន្ទាប់មក សមត្ថកិច្ចសហការជាមួយប្រជាពលរដ្ឋនាំគ្នាជួយចុះយកខ្សែចងសាកសពអូសមកមាត់ច្រាំង រួចចងភ្ជាប់នឹងដើមឈើ១ដើមក្បែរមាត់ទឹក ដើម្បី កុំឱ្យសាកសពអណ្តែតចេញឆ្ងាយ ហើយដោយសារតែវេលាយប់ណាស់ទៅហើយ មិនអាចឱ្យសមត្ថកិច្ចជំនាញ ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យបានភ្លាមៗ ទើបកម្លាំងសមត្ថកិច្ចបានព័ទ្ធទីតាំងកើតហេតុ មិនឱ្យមានមនុស្សចេញចូល និងយាមឃ្លាំមើលពេញ១យប់ រង់ចាំព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ទើបមន្ត្រីជំនាញការិយាល័យខេត្ត ចុះធ្វើកោសល្យវិច័យសាកសព។

ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា លុះមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ មន្ត្រីជំនាញខេត្ត សហការជាមួយជំនាញស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់កន្លែងប្រទះឃើញសាកសព ដើម្បីពិនិត្យសាកសព។

បន្ទាប់មក សមត្ថកិច្ចក៏បានលើកសាកសពដាក់លើទូក យកទៅទីទួលដើម្បីពិនិត្យ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺនៅពេលលើកសាកសពឡើងមកលើទូក ឃើញថាសាកសព ធ្ងន់ខ្លាំងខុសធម្មតា និងថែមទាំងមានខ្សែចងសាកសព បន្តោកចូលទៅក្នុងទឹកទៀត ទើបសមត្ថកិច្ចបាន ស្រាវខ្សែនោះឡើង ទើបឃើញមានដុំថ្ម (ជើងឆត្រ) មានទំងន់រាប់សិបគីឡូនៅពីក្រោម ទើបស្រង់ទាំងសព ទាំងដុំថ្ម ដាក់លើទូកដឹកទៅទីទួល ដើម្បីធ្វើកោសល្យវិច័យ។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ ឃើញថា សាកសពមានសភាពហើម របកស្បែក ដែលជាហេតុធ្វើឱ្យពិបាកក្នុងការពិនិត្យ។ សាកសពត្រូវបានរុំខ្សែនីឡុង ពណ៌ស ចំនួន៨ជុំ ប្រវែង១២,៥០ម៉ែត្រ ទំហំ១៦មីល្លីម៉ែត្រ បត់ខ្លួនមកមុខ ជង្គង់ទាំង២ទល់នឹងចង្កា ដៃទាំងសងខាងត្រូវ គេចងកដៃមកក្រោយដោយខ្សែនីឡុងពណ៌ស ទំហំ២០មីល្លីម៉ែត្រ ប្រវែង១២០សង្ទីម៉ែត្រ ចំណែកខ្លួនសាកសពត្រូវបានគេចងសណ្តូនដុំថ្មបេតុង (ជើងឆត្រ) រាងបួនជ្រុង មានអក្សរ KHB និងមានដងដែកបំពង់ទីប ថ្លឹងសរុបទម្ងន់៣៦គីឡូក្រាម។

ប្រភពដដែល បានបន្តថា ដោយឡែកតាមការពិនិត្យផ្នែកក្បាលជនរងគ្រោះវិញឃើញថា សាកសព មានពាក់ស្រោមមុខក្រណាត់យឺត ពណ៌ខ្មៅ និងមានក្រមាពោះគោពណ៌ក្រហមគ្របមុខនៅលើថ្ងាសខាងស្តាំ មានស្នាមរបួសទំហំ១សង់ទីម៉ែត្រ ជម្រៅដល់លលាដ៍ក្បាល កទន់ បង្វិលបានផ្នែកមាត់ធ្មេញខាំអណ្តាត។ ផ្នែកដងខ្លួន និងអវយវៈ ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។

ឆ្លងតាមការពិនិត្យលើសាសពរបស់មន្ត្រីជំនាញ និងលោកគ្រូពេទ្យ គណៈកម្មការចម្រុះ បានធ្វើសេចក្តីសន្និដ្ឋានថា ករណីនេះជាករណីឃាតកម្មវាយសម្លាប់ រួចចងស្លាបសេកសព រុំមុខ បន្តោកដុំថ្ម (ជើងឆត្រ) ក្នុងទំងន់ជិត៤០គីឡូក្រាម ទម្លាក់ចូលទៅក្នុងទឹក បំណងបំបាត់ ភ័ស្តុតាង ប៉ុន្តែពេលសាកសពហើម ក៏អណ្តែតឡើងមកលើផ្ទៃទឹកបឹងវិញ ធ្វើឱ្យប្រជាពលរដ្ឋប្រទះឃើញ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ដោយសារតែរដូវទឹកឡើង ហើយនៅភូមិសាស្ត្រស្រុកកោះធំ ពុំមានទីទួលសុវត្ថិភាព ដើម្បីបញ្ចុះសាកសព ហេតុនេះសមត្ថកិច្ច រួមជាមួយអាជ្ញាធរមូលដ្ឋាន បានសម្រេចដឹកសាកសពយកទៅបញ្ចុះរក្សាទុកនៅទួលតានូយ ស្ថិតក្នុងភូមិបានកាម ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាបណ្តោះអាសន្ន ដើម្បីទុកពេលធ្វើការស្រាវជ្រាវ និងប្រកាសរកអត្តសញ្ញាណជនរងគ្រោះ និងស្វែងរកក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES